បើទោះបីជាក្រុមហ៊ុន Samsung និង Apple បានដឹកដៃគ្នាឡើងតុលាការជាច្រើនលើកច្រើនសារទៅហើយក្តី ពាក់ព័ន្ធទៅនឹងរឿងក្តីក្តាំងប៉ាតង់ យ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េ ទទួលស្វាគមន៍ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកដោយដៃពីរដៃបីដដែល ក្នុងនាមជាមួយម៉ូយ។
យោងតាមរបាយការណ៍ថ្មីមួយចុះផ្សាយនៅថ្ងៃសៅរ៍សប្តាហ៍មុនបានឱ្យដឹងថា ក្រុមហ៊ុន Samsung នឹងបោះទុន ២១ ពាន់លានដុល្លារ ដើម្បីសង់រោងចក្រចំនួនពីរទុកផលិតអេក្រង់ OLED ដែលគេសន្និដ្ឋានថា សម្រាប់ទូរសព្ទ iPhone ថ្ងៃអនាគតមួយផ្នែក តាមការកម្ម៉ង់បន្ថែមពីក្រុមហ៊ុន Apple។ រោងចក្រថ្មីនោះ នឹងចាប់ផ្តើមដំណើរការចង្វាក់ផលិតកម្មរបស់ខ្លួនក្នុងឆ្នាំ ២០១៩ ហើយវានឹងអាចផលិតចេញអេក្រង់ OLED បន្ថែមចំនួន ២៧០,០០០ បន្ទះ ក្នុងមួយខែៗ។
គួររំឭកថា Samsung គឺជាអ្នកផ្គត់ផ្គង់ Hardware សម្រាប់ផលិតផល iOS Devices របស់ Apple ជាយូរមកហើយ។ ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់ និងម៉ូយនេះ បានបន្តរហូតដល់សព្វថ្ងៃ និងទៅអនាគត។ កន្លងមក Samsung ត្រូវគេរាយការណ៍ថា គឺជាអ្នកផ្គត់ផ្គង់អេក្រង់ OLED ចំនួន ១៨០ លានបន្ទះ សម្រាប់ iPhone 8 ហើយពីអតីតកាលក៏ឋិតក្នុងចំណោមក្រុមហ៊ុនមួយផលិតបន្ទះឈីប Ax តាមតម្រូវការរបស់ក្រុមហ៊ុន Apple ផងដែរ៕

ប្រភពព័ត៌មានៈ yahoo
មតិយោបល់