ព័ត៌មានសុខភាព

មិនចង់ក្លាយជាមនុស្សលើសឈាម កុំឧស្សាហ៍ញ៉ាំអាហារទាំងនេះខ្លាំងពេក

តើអ្នកដឹងទេ ជាតិសូដ្យូម គឺជាកត្តាចម្បងដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់? បញ្ហាសម្ពាធឈាមឡើងខ្ពស់ ត្រូវបានគេចាត់ទុកថា ជាឃាតករលាក់មុខ ដែលអាចគំរាមកំហែងដល់អាយុជីវិត។ ចំពោះអ្នកដែលកើតបញ្ហានេះ ច្បាស់ជាប្រឈមនឹងហានិភ័យនៃជំងឺដាច់សរៃឈាមបេះដូង រួមទាំងជំងឺដាច់សរសៃឈាមខួរក្បាលជាមិនខាន។

ប៉ុន្តែបើតាមការសិក្សាមួយបានបង្ហាញថា បញ្ហាសម្ពាធឈាមឡើងខ្ពស់អាចដោះស្រាយបាន ប្រសិនបើអ្នកព្យាយាមទទួលទានរបបអាហារដែលមានសុខភាពល្អ។ របបអាហារទាំងនោះត្រូវបានគេសង្កត់ធ្ងន់ទៅលើប្រូតេអ៊ីនគ្មានខ្លាញ់ គ្រាប់ធញ្ញជាតិ ទឹកដោះគោមានជាតិខ្លាញ់ទាប ផ្លែឈើ និងបន្លែ។ ផ្ទុយទៅវិញ អ្នកត្រូវតែជៀសវាងអាហារទាំង៥យ៉ាង ដូចខាងក្រោមនេះ ព្រោះវាអាចធ្វើឲ្យអ្នកមានបញ្ហាសម្ពាធឈាម កាន់តែខ្លាំង។

១.ភេសជ្ជ:ប៉ូវកម្លាំង
ភេសជ្ជ:ប៉ូវកម្លាំង ភាគច្រើនមានផ្ទុកជាតិកាហ្វេអ៊ីន ដែលធ្វើឲ្យសម្ជាធឈាមកើនឡើងជាបណ្តោះអាសន្ន ហើយប៉ះពាល់អវិជ្ជមានដល់សុខភាព។ ហេតុដូច្នេះ សូមកុំបរិភោគញឹកញាប់ពេក ឬឈប់ទទួលទានតែម្តងគឺកាន់តែល្អ។

២.អាហារក្លាសេ
តើអ្នកតែងតែទទួលទាន អាហារក្លាសេញឹកញាប់មែនទេ? បើដូច្នោះមែន ល្មមដល់ពេលដែលអ្នកត្រូវប្តូរទម្លាប់ចេញហើយ ព្រោះអាហារបែបនេះមានផ្ទុកជាតិសូដ្យូមខ្ពស់ ដែលធ្វើឲ្យប៉ះពាល់ដល់កម្រិតសម្ពាធឈាម។ យកល្អ អ្នកគួរតែព្យាយាមទទួលទានអាហារស្រស់ៗវិញ ល្អជាង។

៣.អាហារកែច្នៃ
អាហារកែច្នៃ និងវេចខ្ចប់ សុទ្ធតែមានផ្ទុកជាតិសូដ្យូម ដែលធ្វើឲ្យសម្ពាធឈាមកើនឡើង។ ជាពិសេស សាច់ក្រក ប្រហិត សាច់ផាត់… អ្នកគួរតែជៀសវាង។

៤.គ្រឿងស្រវឹង
ការពិសាគ្រឿងស្រវឹងច្រើនហួសហេតុពេក អាចធ្វើឲ្យប៉ះពាល់ដល់កម្រិតសម្ពាធឈាម ព្រមទាំងសុខភាព ព្រោះវាអាចបណ្តោលឲ្យខូចជញ្ជាំងនៃសរសៃឈាម។ ចំពោះអ្នកដែលមានបញ្ហាសម្ពាធឈាមស្រាប់ ត្រូវគេណែនាំឲ្យទទួលទានក្នុងកម្រិតមធ្យម ឬហាមផ្តាច់តែម្តង។

៥.សាច់ក្រហម
ការទទួលទានសាច់ក្រហម ញឹកញាប់ពេកអាចផ្តល់ផលអាក្រក់សម្រាប់សរសៃឈាម និងបេះដូង។ ជាពិសេស ប្រសិនបើអ្នកចម្អិនដោយប្រើភ្លើងខ្លាំង ឬដោយប្រើខ្លាញ់ គឺកាន់តែប៉ះពាល់ធ្ងន់ធ្ងរ។ ដូច្នេះ ដើម្បីទទួលបានសុខភាពល្អ អ្នកគួរតែកាត់បន្ថយការទទួលទានសាច់ក្រហម ហើយប្រឹងញ៉ាំបន្លែ និងផ្លែឈើជំនួសវិញ៕

ប្រភព: boldsky

មតិយោបល់