ការទទួលទានគ្រឿងស្រវឹងហួសកម្រិតពិតជាមិនល្អសម្រាប់សុខភាពនោះទេ ក៏ប៉ុន្តែមនុស្សមួយចំនួននៅតែប្រព្រឹត្តិដដែល បើទោះបីជាដឹងពីផលអវិជ្ជមានរបស់វាយ៉ាងក៏ដោយ។ យ៉ាងណាម៉ិញ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា គ្រឿងស្រវឹងពិតជាមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជាពិសេសប្រសិនបើអ្នកទទួលទានសូម្បីតែបន្តិច ស្រាប់តែមានអារម្មណ៍វិលមុខ ឬចង់ក្អួតចង្អោរ សូមបញ្ឈប់ជាបន្ទាន់។ ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួនដែលព្រមានថា អ្នកគួរតែឈប់ប្រើប្រាស់គ្រឿងស្រវឹងតទៅទៀត។
ហៀរសំបោរ
បើយោងតាមអ្នកជំនាញសុខភាពបានបង្ហាញថា អាការតឹងច្រមុះហៀរសំបោរ គឺជារោគសញ្ញាទូទៅមួយក្នុចំណោមរោគសញ្ញាជាច្រើន ដែលអ្នកពុំគួរទទួលទានគ្រឿងស្រវឹងឡើយ ព្រោះវាអាចបណ្តោលឲ្យរលាកប្រហោងឆ្អឹងច្រមុះកាន់តែធ្ងន់ធ្ងរ។
លោកសាស្ត្រាចារ្យ Christopher Calapai មានប្រសាសន៍ផងដែរថា បញ្ហានេះកើតឡើងដោយសារតែសារធាតុ histamine (ជាសារធាតុរាវដែលធ្វើឲ្យប្រតិកម្មក្នុងរាកាយ) ដែលត្រូវបានគេរកឃើញគ្រឿងស្រវឹងមានកម្រិតខ្ពស់ណាស់ ជាពិសេស្រា និងស្រាបៀរ។
មុខឆាប់ក្រហម
មុខក្រហម គឺជាប្រតិកម្មមួយផ្សេងទៀត ដែលបញ្ជាក់ថា រាងកាយរបស់អ្នកមិនអាចទ្រាំនឹងជាតិកាល់កុលបានឡើយ។ ការសិក្សាមួយបានបង្ហាញថា កត្តានេះធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ ដោយសារតែកង្វះអង់ស៊ីម ALDH2 ។ អង់ស៊ីមនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការបំបែកជាតិពុលនៅក្នុងគ្រឿងស្រវឹង តែប្រសិនបើជាតិពុលទាំងនេះមិនរលាយទេ រាងកាយនឹងផ្លាស់ប្តូរពណ៌។
ផលវិបាកមួយទៀតនៃកង្វះអង់ស៊ីម ALDH2 នៅពេលទទួលទានគ្រឿងស្រវឹង គឺកើតមានស្នាមកន្ទួលរមាស់ដុំៗនៅស្បែក។ នេះដោយសារតែរាងកាយប្រតិកម្មជាមួយនឹងសារធាតុមួយចំនួននៅក្នុងគ្រឿងស្រវឹង ហើយក្នុងករណីធ្ងន់ធ្ងរអាចរាំងស្ទះដល់ផ្លូវដង្ហើម។
ចង់ក្អួត ចង្អោរ
អ្នកដែលទទួលទានគ្រឿងស្រវឹងច្រើនពេក អាចមានអារម្មណ៍បែបនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានគ្រឿងស្រវឹងមួយកែវចូលភ្លាម ស្រាប់តែមានអារម្មណ៍ចង់ក្អួតភ្លាមៗ សូមឈប់ជាបន្ទាន់។
រាគ
បើយោងតាមអ្នកជំនាញ បានបង្ហាញថា នៅពេលដែលជាតិអាល់កុលចូលទៅក្នុងខ្លួនច្រើនពេក វាអាចបណ្តោលឲ្យសមត្ថភាពនៃការស្រូបយកទឹកក្នុងពោះវៀនធំត្រូវបានកំណត់ បន្ទាប់មកកាកសំណល់ប្រែទៅជាមានទឹកច្រើន ដែលជាហេតុបង្កឲ្យមានជំងឺរាគរូស។ ដូច្នេះ ប្រសិនបើអ្នកឧស្សាហ៍កើតមានបញ្ហាមួយនេះក្រោយពេលទទួលទានគ្រឿងស្រវឹង គួរតែឈប់ប្រព្រឹត្តិបន្តទៀតទៅ។
បេះដូងលោតញាប់
ចង្វាក់បេះដូងលោតញាប់ អាចជាសញ្ញានៃបញ្ហាប្រតិកម្ម ជាពិសេសប្រសិនបើអ្នកផឹកតែពីរបីកែវ ក៏កើតមានបញ្ហានេះដែរ គួរទៅពិគ្រោះជាមួយគ្រូពេទ្យជាបន្ទាន់។
ចំណាំៈ បេះដូងលោតញាប់ខុសធម្មតា ដោយសារតែប្រតិកម្មអាឡែស៊ី រារាំងដល់ផ្លូវដង្ហើម បណ្តោលឲ្យអុកស៊ីសែន ដែលត្រូវបញ្ចូនទៅកាន់បេះដូងចុះខ្សោយ។
វិលមុខ
ចំពោះអ្នកដែលមិនចេះទទួលទានគ្រឿងស្រវឹង អាចបណ្តោលឲ្យមានសម្ពាធឈាមទាប។ រោគសញ្ញា គឺពិបាកធ្វើការវិនិច្ឆ័យបន្តិច ប៉ុន្តែករណីខ្លះអាចវិលមុខ អស់កម្លាំង ពិបាកដកដង្ហើម និងទប់ស្មារតីមិននឹង…។
ដូច្នេះហើយ អ្នកត្រូវចេះប្រមាណកម្លាំងរបស់ខ្លួនក្នុងការទទួលទានគ្រឿងស្រវឹង ឬប្រសិនបើអ្នកធ្លាប់កើតមានអាការដូចខាងលើជាញឹកញាប់ សូមឈប់ទទួលទានគ្រឿងស្រវឹងទៀតទៅ៕
ប្រភពៈ soha
មតិយោបល់