ព័ត៌មានសុខភាព

ជំងឺមហារីក៣ប្រភេទ អាចបង្កគ្រោះថ្នាក់ដល់មនុស្សប្រុសខ្លាំងបំផុត

បើយោងតាមការស្រាវជ្រាវដោយក្រុមអ្នកជំនាញនៅចក្រភពអង់គ្លេស បានបង្ហាញថា ហានិភ័យនៃជំងឺមហារីកចំពោះបុរស គឺមានជាង ៦០ភាគរយ ហើយហានិភ័យនៃការស្លាប់ដោយសារជំងឺនេះខ្ពស់ជាងស្ត្រីជាងរហូតដល់ទៅ ៧០ភាគរយ។

មូលហេតុដែលធ្វើឲ្យបុរសត្រូវប្រឈមនឹងជំងឺទាំងនេះ គឺបណ្តោលមកពីទម្លាប់រស់នៅប្រចាំថ្ងៃគ្មានផាសុខភាព។ នៅក្នុងប្រទេសអង់គ្លេស បុរសដែលទទួលទានគ្រឿងស្រវឹង និងជក់បារី និងលើសទម្ងន់ កើនឡើងច្រើនជាងមនុស្សស្រីឆ្ងាយណាស់។ ម្យ៉ាងវិញទៀត បុរសមិនងាយនឹងទៅជួបគ្រូពេទ្យនោះឡើយ នៅពេលដែលកើតមានរោគសញ្ញាណាមួយ ខណៈដែលស្ត្រីចូលចិត្តទៅពិគ្រោះជាមួយគ្រូពេទ្យជាង។

បុរស និងស្ត្រីអាចកើតមានប្រភេទជំងឺមហារីកដូចគ្នា ប៉ុន្តែមានជំងឺមហារីក៣ប្រភេទ អាចប៉ះពាល់ដល់បុរសតែប៉ុណ្ណោះ។

មហារីកក្រពេញប្រូស្តាត
មហារីកក្រពេញប្រូស្តាត គឺជាជំងឺមហារីកដែលកើតឡើងនៅផ្នែកខាងក្រោមនៃប្លោកនោម ហើយរោគសញ្ញានៃជំងឺនេះរួមមាន នោមញឹកញាប់ ហើយពិបាកក្នុងការនោម ជាពិសេសនៅពេលយប់។

មហារីកពងស្វាស
មហារីកពងស្វាស កើតមាននៅក្នុងពងស្វាស ដែលជាផ្នែកមួយនៃប្រព័ន្ធបន្តពូជរបស់មនុស្សប្រុស។ ចំណែកឯរោគសញ្ញាសំខាន់ៗរួមមាន ហើមពងស្វាស ឈឺចាប់ ធ្ងន់ជាងមុន ឬចេញកន្ទួលដុំៗនៅខាងក្រៅ។

មហារីកលិង្គ
ជំងឺមហារីកលិង្គ អាចកើតឡើងគ្រប់ទីកន្លែងនៃលិង្គ ប៉ុន្តែតំបន់ដែលកើតមានច្រើនជាងគេគឺចុងលិង្គ ជាពិសេសបុរសដែលមិនបានកាត់ស្បែកគ្រប់ដណ្តប់ចុងលិង្គចេញ។ រោគសញ្ញានៃជំងឺមួយនេះរួមមាន លិង្គរីកធំជាងមុន ឈឺចាប់ ហូរឈាម ធំក្លិនអាក្រក់ ចេញកន្ទួលលើស្បែក ប្រែពណ៌…។

ប្រសិនឃើញរោគសញ្ញាណាមួយដូចខាងបង្ហាញខាងលើ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ប្រសិនបណ្តោលយូរអាចមានគ្រោះថ្នាក់ដល់ជីវិត៕

មតិយោបល់