ព័ត៌មានសុខភាព

ដឹងពីអត្ថប្រយោជន៍របស់វាហើយ អ្នកមិនចូលចិត្តស្តៅច្បាស់ជាពិចារណាឡើងវិញ

មនុស្សភាគច្រើនមិនសូវចូលចិត្តទទួលទានស្តៅនោះទេ ព្រោះវាជាអាហារមួយប្រភេទដែលមានរស់ជាតិល្វីងពិបាកលេប។ ក៏ប៉ុន្តែ ស្តៅត្រូវបានគេប្រើធ្វើជាឱសថសម្រាប់ព្យាបាលជំងឺតាំងពីយូរលង់ណាស់មកហើយ ដោយសារតែវាមានផ្ទុកសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អចំពោះសុខភាព។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យនៃការប្រើប្រាស់ស្លឹកស្តៅ៖

កម្ចាត់ជាតិពុលក្នុងឈាម
ការទទួលទានតែស្លឹកស្តៅ ជាប្រចាំ អាចជួយសម្អាតជាតិពុលចេញពីក្នុងឈាម រក្សាកម្រិតជាតិស្ករនៅក្នុងឈាម ជួយជំរុញដល់ចរាចរឈាម និងបង្កើនមុខងារថ្លើមផងដែរ។

ជួយរំលាយអាហារ
ការទទួលទានស្លឹកស្តៅជាអាហារ អាចជួយជំរុញដល់រាងកាយដើម្បីផលិតផឹកប្រមាត់ រំលាយជាតិខ្លាញ់ក្នុងរាងកាយ ជាពិសេសជួយធ្វើឲ្យមុខងារនៃប្រព័ន្ធរំលាយអាហារមានភាពប្រសើរឡើងជាងមុន។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក
ការស្រាវជ្រាវមួយចំនួនបានបង្ហាញថា ស្លឹកស្តៅ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម អាចទប់ទល់នឹងរ៉ាឌីកាល់សេរី ដែលវិវត្តទៅជាកោសិកាមហារីក ដោយគ្មានផលប៉ះពាល់ណាមួយដល់សុខភាពឡើយ។

ការពារជំងឺទឹកនោមផ្អែម
ស្តៅមានសមត្ថភាពអាចផលិតអាំងស៊ុយលីន ជាង៥០ភាគរយ ដែលអាចការពារជំងឺទឹកនោមផ្អែម ក៏ដូចជាជួយរក្សាតុល្យភាពចំណង់អាហារផងដែរ។

ការពារជំងឺបេះដូង
ការទទួលទានទឹកដែលចម្រាញ់ចេញពីផ្លែស្តៅស្ងោរ យ៉ាងហោចណាស់មួយពែងក្នុងមួយថ្ងៃ អាចជួយពង្រីកសរសៃឈាម ជំរុញលំហូរឈាម បានយ៉ាងល្អ។ ជាពិសេស វាអាចរក្សាតុល្យភាពបេះដូង និងការពារមិនឲ្យកើតមានជំងឺបេះដូងឡើយ។

ព្យាបាលបញ្ហាស្បែកក្បាលកើតអង្គែ
ដើម្បីកម្ចាត់បញ្ហាអង្គែលើស្បែកក្បាល អ្នកត្រូវយកស្លឹកស្តៅមួយក្តាប់ដាក់ចូលទៅក្នុងទឹកក្តៅប្រហែលជាកន្លះលីត្រ។ ទុកឲ្យត្រជាក់ ទើបយកទឹកនេះមកលាងសម្អាតស្បែកក្បាលឲ្យបានស្អាត បញ្ហាអង្គែ រួមទាំងបាក់តេរី នឹងកម្ចាត់ចោលអស់ជាមិនខាន។

ប្រការគួរប្រុងប្រយ័ត្ន

  • កុំប្រើប្រេងស្តៅលាបលើទារកដែលទើបនឹងកើត ព្រោះវាអាចបណ្តោលឲ្យរោលស្បែក។
  • មិនគួរទទួលទានស្តៅ ក្នុងអំឡុងពេលបំបៅដោះកូនឡើយ ហើយសូម្បីតែស្ត្រីមានផ្ទៃពោះក៏ដោយ។
  • មនុស្សដែលមានសម្ពាធឈាមទាប កុំទទួលទានស្តៅ ព្រោះវាអាចកាត់បន្ថយជាតិស្ករក្នុងឈាម នឹងមានបញ្ហាដល់លំហូរឈាម។
  • ជៀសវាងទទួលទានស្តៅនៅពេលល្ងាច ព្រោះវាអាចធ្វើឲ្យហើមពោះ ឬខ្យល់ចូលពោះ។
  • អ្នកមានជំងឺតម្រងនោមមិនគួរទទួលទានស្តៅឡើយ ដោយសារតែវាមានជាតិសូដ្យូមកម្រិតខ្ពស់។
  • អ្នកដែលមានជំងឺរលាកក្រពះ និងអាស៊ីតច្រាលក្នុងក្រពះគួរតែជៀសវាង ឬបរិភោគតិចបំផុត។ ដោយសារតែជាតិចត់របស់ស្តៅ អាចបង្កើតអាស៊ីតក្នុងក្រពះកាន់តែច្រើន៕

ប្រភពៈ rak sukapap

មតិយោបល់