លោក Bill Gates បុរសមានជាងគេបំផុតក្នុងលោក បានបរិច្ចាគទ្រព្យធនចំនួន ៤.៦ ប៊ីលានដុល្លារ (ពាន់លាន) ទៅដល់មូលនិធិ Bill & Melinda Gates ដែលនេះគឺជាចំនួនច្រើនបំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០០០ មក ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជុំវិញពិភពលោក។
យោងតាមឯកសារមួយរបស់គណកម្មការ សន្តិសុខ និងមូលបត្រ សហរដ្ឋអាមេរិក បានឱ្យដឹងថា ទំហំទឹកប្រាក់ដ៏ច្រើនមហិមានេះ ត្រូវបានលោក Gate កាត់ចេញពីភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៦៤ លានហ៊ុន។ ដោយឡែក គេពុំទាន់ទទួលបានព័ត៌មានអំពីគម្រោងចាយវាយប្រាក់មូលនិធិនោះនៅឡើយទេ តែគេរំពឹងថា វានឹងយកទៅប្រើប្រាស់នៅក្នុងកម្មវិធីពង្រឹងសុខមាលភាពមនុស្ស និងកាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរក្នុងសកលលោក តាមរយៈមូលនិធិ Bill & Melinda Gates។
ប្រាក់មូលនិធិជិត ៥ ប៊ីលានដុល្លារនេះដែរ គឺមានចំនួនស្មើនឹង ៥% នៃទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីវ័យ ៦១ ឆ្នាំរូបនេះ ដែលមាននាពេលបច្ចុប្បន្នចំនួន ៩០ ប៊ីលានដុល្លារ ហើយគិតចាប់តាំងពីឆ្នាំ ១៩៩៤ មក លោកបានបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនចំនួន ៣៥ ប៊ីលានដុល្លារហើយ សម្រាប់កម្មវិធីសប្បុរធម៌នៅជុំវិញពិភពលោក។ ក្នុងនោះ នៅឆ្នាំ ១៩៩៩ លោកបានផ្តល់ប្រាក់វិភាគទាន ដកចេញពីចំណែកហ៊ុននៃក្រុមហ៊ុន Microsoft ប្រមាណ ១៦ ប៊ីលានដុល្លារ ហើយគាត់បានបរិច្ឆាគប្រាក់ចំនួន ៥.១ ប៊ីលានដុល្លារ បន្ថែមទៀត នៅមួយឆ្នាំក្រោយមក។
ដោយរួមជាមួយសប្បុរជនដទៃផ្សេងទៀត មូលនិធិ Gate Foundation បានឈរនៅតារាងកំពូលនៃកម្មវិធីសប្បុរធម៌ឯកជនដែលប្រមូលបានប្រាក់ឧបត្ថម្ភគាំទ្រច្រើនជាងគេបំផុតក្នុងពិភពលោក ដែលមានចំនួនរហូតដល់ ៤០.៣ ប៊ីលានដុល្លារ ដោយមិនគិតប្រាក់មូលនិធិចុងក្រោយនេះ៕
ប្រភពព័ត៌មានៈ theguardian
មតិយោបល់