នំភីហ្សា និងប៊ឺហ្គ័រ គឺជាអារដ៏ពេញនិយមខ្លាំងបំផុតសម្រាប់មនុស្សសម័យនេះ ក៏ប៉ុន្តែការស្រាវជ្រាវថ្មីមួយបានរកឃើញថា អាហារទាំងនេះសម្បូរទៅដោយកាឡូរីដែលអាចបង្កើនហានិភ័យនៃជំងឺមហារីកចំពោះស្ត្រី។
បើយោងតាមការស្រាវជ្រាវដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Academy of Nutrition and Dietetics បានបង្ហាញថា ការទទួលទានអាហារសម្បូរកាឡូរី អាចប្រឈមនឹងជំងឺមហារីកចំពោះស្ត្រីដែលធាត់ កើនឡើង១០ភាគរយ បើធៀបទៅនឹងស្ត្រីដែលមានទម្ងន់ធម្មតា។
ការគ្រប់គ្រង់ទម្ងន់តែមួយមុខ មិនអាចការពារជំងឺមហារីកបាននោះទេ ប្រសិនបើអ្នកនៅតែទទួលទានអាហារដែលមានជាតិកាឡូរីខ្ពស់។
ដើម្បីដឹងកាន់តែច្បាស់ពីហានិភ័យនៃជំងឺមហារីក ក្រុមអ្នកស្រាវជ្រាវបានពិសោធន៍ទៅលើស្ត្រីអស់រដូវចំនួន ៩០,០០០នាក់ ដែលចូលរួមទទួលទានរបបអាហារ និងធ្វើរោគវិនិវច្ឆ័យជំងឺមហារីក។ លទ្ធផលបានរកឃើញថា ការទទួលទានអាហារដែលមានផ្ទុកកាឡូរីខ្ពស់ចំពោះស្ត្រីដែលមានទម្ងន់ធម្មតា អាចបណ្តោលឲ្យមានភាពមិនប្រក្រតីនៃការរំលាយអាហារ ហើយបង្កើនហានិភ័យនៃជំងឺមហារីក។
ខណៈដែលការសិក្សាបានរកឃើញបន្ថែមទៀតថា ការទទួលទានអាហារមានផ្ទុកកាឡូរីច្រើន ក៏អាចប្រឈមនឹងជំងឺមហារីកចំពោះ មនុស្សវ័យក្មេង និងបុរសផងដែរ។
អ្នកជំនាញបានមានប្រសាសន៍ថា ក្នុងចំណោមស្ត្រីដែលមានទម្ងន់ធម្មតា ក៏អាចកើតជំងឺមហារីកដែល ប្រសិនបើពួកគេទម្លាប់ទទួលទានអាហារដែលសម្បូរកាឡូរីខ្ពស់។
ហេតុនេះហើយ ស្ត្រីទាំងឡាយគួរតែ ជ្រើសរើសអាហារដែលមានផ្ទុកជាតិខ្លាញ់តិច ដើម្បីជៀសវាងហានិភ័យសុខភាពផ្សេងៗ៕
ប្រភពៈ boldsky
មតិយោបល់