ព័ត៌មានសុខភាព

បើប្តូរទម្លាប់ទាំងនេះមិនបានទេ ទោះមានថ្នាំពូកែយ៉ាងណាក៏សក់នៅតែជ្រុះដែរ

ការជ្រុះសក់ គឺជាបញ្ហាដ៏ធំមួយដែលមនុស្សជាច្រើនកំពុងតែប្រឈម ហើយសូម្បីតែមនុស្សវ័យក្មេងមួយចំនួនក៏កើតមានបញ្ហានេះដែរ។ ជាទូទៅបញ្ហាជ្រុះសក់ កើតឡើងដោយសារតែ ការប្រែប្រួលអ័រម៉ូនក្នុងរាងកាយ កត្តាហ្សែន មានជំងឺរ៉ាំរ៉ៃ ស្បែកក្បាលសម្បូរជាតិខ្លាញ់ច្រើនពេក ជាពិសេសគឺ ទម្លាប់ប្រចាំថ្ងៃតែម្តង។ បើយោងតាមគហេទំព័រ soha បានបង្ហាញថា ទម្លាប់៥ចំណុចដែលអ្នកធ្វើស្ទើរតែរាល់ថ្ងៃ អាចជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក់ ហេតុនេះអ្នកត្រូវជៀសវាងឲ្យបាន។

ការប្រើប្រាស់សាប៊ូកក់សក់
សាប៊ូកក់សក់នីមួយៗមានផ្ទុកសារធាតុគីមីខុសៗគ្នា ហេតុនេះប្រសិនបើអ្នកប្រើមិនត្រូវជាមួយនឹងស្បែកក្បាលទេ ប្រញាប់ផ្លាស់ប្តូរចេញភ្លាម។ មិនដូច្នោះ វានឹងបណ្តោលឲ្យស្បែកក្បាលរបស់អ្នកមានភាពរមាស់ និងជ្រុះសក់កាន់តែខ្លាំង។ នេះគឺជាទម្លាប់ទីមួយដែលអ្នកត្រូវតែផ្លាស់ប្តូរមុនគេ ដើម្បីជួយឲ្យសក់មានសុខភាពល្អ។

ការប្រើទឹកក្តៅលាងសម្អាតសក់
ជាធម្មតាស្បែកក្បាលរបស់មនុស្សម្នាក់ៗ តែងតែមានជាតិប្រេងពីធម្មជាតិ ដែលអាចរក្សាសំណើម និងការពារស្បែកក្បាលឲ្យមានសុខភាពល្អ។ ក៏ប៉ុន្តែប្រសិនបើអ្នកប្រើទឹកក្តៅលាងសម្អាតញឹកញាប់ វានឹងបាត់បង់ប្រេងទាំងនោះ ហើយសក់ងាយនឹងស្ងួត ឬសក់ឆាប់ខូច ដែលនាំឲ្យមានការជ្រុះហួសប្រមាណ។

ដូច្នេះ អ្នកមិនគួរប្រើទឹកក្តៅដើម្បីលាងសម្អាតសក់នោះទេ ប៉ុន្តែក្នុងករណីអាកាសធាតុត្រជាក់ខ្លាំងពេក អ្នកអាចប្រើប្រាស់ទឹកក្តៅឧណ្ឌៗបាន។

ទម្លាប់ប្រើម៉ាស៊ីនផ្តុំសក់
ម៉ាស៊ីនផ្តុំសក់ ជាឧបករណ៍ដែលមានភាពងាយស្រួលបំផុតក្នុងការសម្ងួតសក់ឲ្យឆាប់ស្ងួត។ ប៉ុន្តែ ប្រសិនបើអ្នកប្រើកម្តៅខ្លាំងពេក វាអាចធ្វើឲ្យប៉ះពាល់ដល់ស្បែកក្បាល និងសក់ជាមិនខាន។

លើសពីនេះទៅទៀត ប្រសិនបើអ្នកប្រើហួសប្រមាណ សក់របស់អ្នកនឹងស្ងួត មានសុខភាពទន់ខ្សោយ និងជ្រុះលឿនបំផុត។ ដូច្នេះ ប្រសិនបើមិនចាំបាច់ អ្នកមិនគួរប្រើប្រាស់ម៉ាស៊ីនផ្តុំសក់ឡើយ។

មិនបានការពារសក់ពីពន្លឺព្រះអាទិត្យ
មនុស្សភាគច្រើនតែងតែមានទម្លាប់ប្រើប្រាស់ឡេកាពារស្បែកមុននឹងចេញទៅណាមកណា ក៏ប៉ុន្តែអ្នកត្រូវចំថា សក់ក៏ត្រូវការការមើលថែដែរ។ បើអ្នកបណ្តោលឲ្យសក់ត្រូវនឹងកម្តៅថ្ងៃខ្លាំងពេក វានឹងឆាប់ខូច ឬជ្រុះដោយមិនដឹងមូលហេតុ។ ដូច្នេះ អ្នកគួរតែពាក់មួយឲ្យជិត ឬប្រើប្រាស់ឆ័ត្រ ការពារកម្តៅថ្ងៃឲ្យបានត្រឹមត្រូវ។

ការទទួលទាន
ការទទួលទានអាហារចៀនដែលសម្បូរជាតិខ្លាញ់ខ្ពស់ មិនល្អសម្រាប់សុខភាពសក់នោះទេ ជាពិសេសអ្នកដែលកំពុងតែមានបញ្ហាជ្រុះសក់សម្រាប់។

ក្នុងអំឡុងពេលនេះ អ្នកគួរតែប្តូរមកទទួលទានអាហារដែលសម្បូរវីតាមីន ជាតិដែក ស័ង្កសី និងប្រូតេអ៊ីន ដូចជា ស៊ុត ទឹកដោះគោ បន្លែ គ្រាប់ល្ង តែបៃតង ដំឡូងជ្វា ប៉េងប៉ោះ… ដើម្បីចិញ្ចឹមសក់ឲ្យមានសុខភាពល្អឡើងវិញ៕

មតិយោបល់