ឥរិយាបទក្នុងការគេង ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សុខភាព ព្រោះវាអាចបណ្តោយឲ្យឈឺឆ្អឹងខ្នង ពិបាកដកដង្ហើម ឬគេងស្រម៉ុកខ្លាំងៗជាដើម។
មនុស្សភាគច្រើនមិនសូវខ្វល់ខ្វាយជាមួយនឹងឥរិយាបទក្នុងការគេងនោះទេ គឺធ្វើយ៉ាងណាឲ្យតែឆាប់គេងលក់តែប៉ុណ្ណោះ។ តែទោះជាយ៉ាងណា ទម្លាប់គេងមិនបានត្រឹមត្រូវអាចធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ឬឈឺឆ្អឹងឆ្អែង នៅពេលព្រឹកព្រលឹម។ ហេតុនេះហើយ ដើម្បីថែរក្សាសុខភាព ក៏ដូចជាការពារបញ្ហឈឺខ្នង គេងស្រម៉ុក ឬពិបាកដកដង្ហើម អ្នកគួរតែអនុវត្តឥរិយាបទបែបនេះ។
គេងបែរចំហៀង
ការគេងបែរចំហៀង ត្រូវបានគេចាត់ទុកថា ជាឥរិយាបទដ៏ល្អបំផុតសម្រាប់សុខភាព ព្រោះវាអាចជួយសម្រួលដល់ការដកដង្ហើមមានភាពងាយស្រួលជាងមុន និងគេងកាន់តែលក់ស្រួល។ លើសពីនេះទៅទៀត ការគេងបែបនេះអាចការពារ និងកាត់បន្ថយការឈឺចាប់ឆ្អឹងខ្នងថែមទៀត។
លោកវេជ្ជបណ្ឌិត Christopher Winter ដែលជាអ្នកជំនាញផ្នែកគេងនៃមន្ទីរពេទ្យ Sleep Medicine Hospital បានបន្ថែមទៀតថា ឥរិយាបទគេងចំហៀង អាចជួយបន្ថយសម្ពាធឆ្អឹងខ្នងនៅពេលក្រោកឡើង ដើម្បីរក្សាខួរក្បាលឲ្យមានសុខភាពល្អ។
ការសិក្សាទៅលើសត្វកណ្តុរបានរកឃើញថា ការគេងចំហៀង អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសរសៃប្រសាទ និងការពារពីជំងឺវង្វេងផងដែរ។
លោក Winter បានបង្ហាញទៀតថា ការគេងបែរទៅខាងឆ្វេង អាចជួយឲ្យលំហូរឈាមរត់បានស្រួលទូទាំងរាងកាយ និងជួយបង្កើនលំហូរឈាមទៅកាន់បេះដូង។ សម្រាប់ស្ត្រីមានផ្ទៃពោះដែលគេងទៅខាងឆ្វេង នឹងជួយសម្រាលទម្ងន់ទារកមិនឲ្យដាក់សម្ពាធទៅលើសរីរាង្គខាងក្នុងរបស់អ្នកម្តាយ។
ចំណែកឯការ គេងផ្ងារ ក៏អាចជួយកែលម្អរគុណភាពនៃការគេង ឲ្យកាន់តែមានភាពប្រសើរឡើងដែរ។ ប៉ុន្តែ អ្នកត្រូវចាំថា ឥរិយាបទមួយនេះ មិនសមស្របសម្រាប់មនុស្សគ្រប់គ្នានោះឡើយ។
មួយវិញទៀតអ្នកគួរតែជៀសវាង ការគេងផ្កាប់មុខ ព្រោះវាអាចបណ្តោលឲ្យអ្នកចុកទ្រូង ពិបាកដកង្ហើម ឈឺក និងឈឺឆ្អឹងខ្នង។
ដូច្នេះហើយ មានតែការគេងចំហៀងទេ ដែលជាឥរិយាបទល្អបំផុតមិនបង្កផលប៉ះពាល់ដល់សុខភាព ហើយអាចការពារហានិភ័យផ្សេងៗបានថែមទៀត៕
មតិយោបល់