ព័ត៌មានសុខភាព

កង្វះស័ង្កសីយូរអង្វែង មានផលអវិជ្ជមានអ្វីខ្លះដល់កុមារ?

លោកវេជ្ជបណ្ឌិត Le Quang Hao ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភ បានឲ្យដឹងថា កុមារដែលខ្វះស័ង្កសីនៅក្នុងខ្លួន អាចបណ្តោលឲ្យមានការលូតលាស់យឺត ទាំងរូបរាងកាយ និងបញ្ញស្មារតី ហើយមានការកើនឡើងនៃហានិភ័យគ្មានកូនកម្រិតខ្ពស់។

ការស្រាវជ្រាវតាំងពីឆ្នាំ ១៩៦១ ដោយអ្នកជំនាញជនជាតិឥណ្ឌាគឺលោក Ananda Prasad ក៏បានបង្ហាញដែរថា មនុស្សដែលកង្វះស័ង្កសី អាចបណ្តោលឲ្យកើតជំងឺរលាកថ្លើម លំពែង និងមានការអភិវឌ្ឍរាងកាយយឺតយ៉ាវ។

រាងកាយរបស់មនុស្សយើងមានផ្ទុកស័ង្កសី ២ទៅ៣ក្រាម និងត្រូវបានគេរកឃើញនៅស្ទើរតែគ្រប់ប្រភេទនៃកោសិកា ប៉ុន្តែភាគច្រើនផ្នែកដែលកង្វះស័ង្កសី គឺនៅក្នុងថ្លើម តម្រងនោម ឆ្អឹង ពងស្វាស ស្បែក សក់ ក្រចក។

ស័ង្កសី គឺជាមីក្រូសារជាតិមួយដ៏សំខាន់ដូចជាជាតិដែកដែរ ប៉ុន្តែយ៉ាងហោចណាស់មានកុមារប្រហែលជា ៨០ភាគ និងស្ត្រីមានពពោះស្ទើរតែគ្រប់រូប តែងតែកង្វះស័ង្កសី។

តើកង្វះស័ង្កសីចំពោះកុមារ មានផលលំបាក់អ្វីខ្លះ?
កង្វះស័ង្កសី ចំពោះកុមារ អាចបណ្តោលឲ្យមានបញ្ហាការវិវត្តផ្នែកបញ្ញាស្មារតី មានជំងឺ ប្រតិកម្មអាឡែស៊ី ទម្ងន់ស្រាល និងការលូតកម្ពស់តិចបំផុត។
ចំពោះអាការដែលបង្ហាញនៅខាងក្រៅ គឺក្រចកអាចខូចខាត ដុះលូតលាស់យឺត និងមានចំណុចសៗ។ ចំណែកឯស្បែកឡើងស្ងួតជាសញ្ញានៃការឆ្លងមេរោគ ហើយសក់ក៏អាចខូចខាតធ្ងន់ធ្ងរផងដែរ។

ម្យ៉ាងវិញទៀត កុមារអាចមានបញ្ហារលាកអណ្តោត ហើយជាញឹកញាប់នៅពេលទទួលទានអាហារតែងតែមានបញ្ហាអាឡែស៊ី (ជាពិសេសជាមួយអាហារដែលប្លែក)។

ទាំងអស់នេះហើយ គឺជាមូលហេតុដែលក្រុមអ្នកជំនាញ បានផ្តល់អនុសាសន៍ឲ្យឱពុកម្តាយគ្រប់រូបព្យាយាមផ្តល់ថ្នាំតាមវេជ្ជបញ្ជារ ឬអាហារដែលសម្បូរជាតិស័ង្កសី ដល់កុមារឲ្យបានគ្រប់គ្រាន់។ អាហារដែលសម្បូរស័ង្កសីមានដូចជា អយស្ទ័រ ថ្លើម សាច់ក្រហម ស៊ុត និងគ្រាប់ធញ្ញជាតិជាច្រើនទៀត…៕

ប្រភពៈ soha

មតិយោបល់