ជប៉ុនៈ កងកម្លាំងស្វ័យការពារជប៉ុន (ASDF) នៅថ្ងៃសៅរ៍នេះ បាននិយាយថា យន្តហោះចម្បាំង F-15 របស់ខ្លួន បានធ្វើសមយុទ្ធផ្លូវអាកាស ជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B1-B នៅសមុទ្រចិនខាងកើត។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។
ការធ្វើសមយុទ្ធរួមគ្នានេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងរំពឹងទុកថា នឹងមានការបាញ់សាកល្បងកាំជ្រួចមីស៊ីល បន្ថែមទៀត ពីសំណាក់រដ្ឋាភិបាលកូរ៉េខាងជើង ខណៈដែលការធ្វើតេស្តអាវុធនុយក្លេអ៊ែរលើកទី ៦ របស់ក្រុងព្យុងយ៉ាងកាលពីពេលថ្មីៗនេះ បានបង្កើនភាពតានតឹងកាន់តែខ្លាំងទ្បើង នៅក្នុងតំបន់។
សូមជំរាបថា នៅក្នុងសមយុទ្ធនេះ មានការចូលរួមពីយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer របស់អាមេរិកចំនួនពីរគ្រឿង ដែលហោះមកពីមូលដ្ឋានទ័ពអាកាសអាន់ដឺសិន នៅកោះហ្គាម ក្នុងតំបន់ប៉ាស៊ីហ្វិក និងយន្តហោះចម្បាំង F-15 របស់ជប៉ុនពីរគ្រឿងផងដែរ។
កាលពីថ្ងៃទី ៣១ ខែសីហាកន្លងទៅ យន្ដហោះចម្បាំង F-15 របស់ជប៉ុន ក៏ធ្លាប់បានធ្វើសមយុទ្ធហោះហើរ ជាមួយយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B1-B និងយន្តហោះចម្បាំងធុន F-35 នៅដែនអាកាសភាគខាងត្បូង នៃឧបទ្វីបកូរ៉េផងដែរ គឺនៅរយៈពេលពីរថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងរបស់ខ្លួន ចូលទៅភាគខាងជើងប្រទេសជប៉ុន៕
មតិយោបល់