ម៉ិកស៊ិកៈ តាមអាជ្ញាធរ បាននិយាយកាលពីថ្ងៃចន្ទថា ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ បានវាយប្រហារនៅក្នុងប្រទេសម៉ិកស៊ិក កាលពីសប្ដាហ៍មុន បានបណ្ដាលឲ្យមនុស្សប្រមាណ ២.៥ លាននាក់ ត្រូវការជំនួយ និង ៩៦ នាក់ទៀតបានស្លាប់បាត់បង់ជីវិត ដែលមកទល់ពេលនេះ ក្រុមមន្ត្រីកំពុងប្រញាប់ប្រញាល់យកអាហារ និងទឹក ដើម្បីចែកជូនទៅដល់សហគមន៍ក្រីក្រ នៅភាគខាងត្បូងប្រទេស។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅទី១២ ខែកញ្ញា ឆ្នាំ២០១៧។
អភិបាលរដ្ឋ Oaxaca លោក Alejandro Murat បានប្រាប់ទូរទស្សន៍ក្នុងស្រុកថា ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋរបស់លោក បានកើនឡើងដល់ ៧៦ នាក់ហើយ និងយ៉ាងហោចណាស់ផ្ទះចំនួន ១២,០០០ ខ្នងរងការខូចខាត ដែលតួលេខនៅពេលនេះ ក៏នៅមានការព្រមានថា ទំនងជានឹងកើនឡើងបន្ថែមទៀត។
តាមសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា មនុស្ស ១៦ នាក់ បានស្លាប់នៅរដ្ឋ Chiapas និង ០៤ នាក់ទៀត នៅ Tabasco ដែលជាតំបន់ជិតខាង។
លោក Murat បាននិយាយថា មនុស្ស ១លាននាក់ នៅ Oaxaca ត្រូវការស្បៀងអាហារ ទឹក ភ្លើង និងការជួយសាងសង់ផ្ទះ ដែលរងការខូចខាតទ្បើងវិញ ខណៈនៅក្នុងរដ្ឋ Chiapas មានមនុស្ស ១.៥ លាននាក់ បានរងផលប៉ះពាល់ ដោយសារការរញ្ជួយដីនេះផងដែរ។
សូមជំរាបថា រញ្ជួយដីនេះមានកម្រិត ៨ រ៉ិចទ័រ ដែលបានកើតទ្បើងនៅឆ្នេរសមុទ្រភាគខាងត្បូង កាលពីថ្ងៃព្រហស្បតិ៍ គឺមានឥទ្ធិពលបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាជាង គ្រោះរញ្ជួយដីក្នុងប្រទេសម៉ិកស៊ិក កាលពីឆ្នាំ ១៩៨៥ ទៅទៀត ដែលវាបានបំផ្លិចបំផ្លាញទីក្រុងម៉ិកស៊ីកូ និងសម្លាប់មនុស្សរាប់ពាន់នាក់៕
មតិយោបល់