ឪឡឹក គឺជាផ្លែឈើមួយប្រភេទនៅក្នុងចំណោមផ្លែឈើជាច្រើនដែលត្រូវបានគេណែនាំឲ្យទទួលទានជាប្រចាំ ដើម្បីបំពេញជាតិទឹក និងបន្សាបជាតិពុលនៅក្នុងខ្លួន ជាពិសេសនារដូវក្តៅតែម្តង។
ទោះជាយ៉ាងណា មិនត្រឹមតែសាច់ឪឡឹកនោះទេដែលមានប្រយោជន៍ សូម្បីតែគ្រាប់របស់វាក៏មានអត្ថប្រយោជន៍មិនធម្មតាដែរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា គ្រាប់ឪឡឹក មានផ្ទុកសមាសធាតុសំខាន់ៗជាច្រើនយ៉ាង ដែលអាចជួយការពារជំងឺមួយចំនួនបាន។
ការពារថ្លើម
គុណសម្បត្តិប្រឆាំងនឹងការរលាកនៃគ្រាប់ឪឡឹក អាចជួយធ្វើឲ្យមុខងារនៃថ្លើមកាន់តែមានភាពប្រសើរឡើង។ ការទទួលទានតែគ្រាប់ឪឡឹកជាប្រចាំ មិនត្រឹមតែអាចជួយពន្លឿនដល់ការបញ្ចេញជាតិពុលដែលប្រមូលផ្តុំនៅក្នុងជាលិកាថ្លើម នោះទេ វាថែមទាំងអាចកាត់បន្ថយកូឡេស្តេរ៉ុល និងជាតិខ្លាញ់ដែលលើសនៅក្នុងខ្លួនផងដែរ។
លាងសម្អាតតម្រងនោម
ការទទួលទានតែ ដែលច្នៃចេញពីគ្រាប់ឪឡឹក អាចជួយរំញោចដល់ចលនាតម្រងនោម ដើម្បីកម្ចាត់កាកសំណល់ដែលប្រមូលផ្តុំនៅក្នុងជាលិកាតម្រងនោម។ ក្រៅពីនេះ វាអាចបង្កើនការផលិតទឹកនោម ដើម្បីគ្រប់គ្រងបរិមាណនៃសារធាតុរាវនៅក្នុងរាងកាយ កម្ចាត់ចោលនូវលោហធាតុធ្ងន់ សម្អាតផ្លូវបំពងបង្ហូរនោម និងកាត់បន្ថយការឆ្លងមេរោគផងដែរ។
ធាតុផ្សំ៖
- គ្រាប់ឪឡឹកស្រស់ ៤០គ្រាប់
- ទឹកចំនួន ៤កែវ(ដាំឲ្យពុះ)
របៀបអនុវត្ត៖
១.កិនគ្រាប់ឪឡឹកដាក់ចូលទៅក្នុងក្រឡកែវមួយ រួចចាក់ទឹកក្តៅចូល។
២.គ្រប់ឲ្យជិត ហើយរងចាំរហូតទាល់តែត្រជាក់។
របៀបទទួលទាន៖
១.អ្នកត្រូវទទួលទានម្តងមួយពែង មុនពេលញ៉ាំអាហារពេលព្រឹករយៈពេល ៣០នាទី។
២.ក្នុងមួយសប្តាហ៍ ទទួលទាន៣ដង គឺគ្រប់គ្រាន់ហើយសម្រាប់សម្អាតថ្លើម និងតម្រងនោម៕
មតិយោបល់