ព័ត៌មានសុខភាព

គុណប្រយោជន៍ដ៏អស្ចារ្យនៃផ្លែប៉េងប៉ោះ អាចការពារជំងឺ៩មុខ

ប៉េងប៉ោះ ត្រូវបានគេចាត់ទុកជាបន្លែដ៏ពេញនិយមដែលបងប្អូនខ្មែរយើងទទួលទានស្ទើរតែរៀងរាល់ថ្ងៃ ព្រោះវាមានរស់ជាតិខ្លាញ់ ហើយមានតម្លៃថោក។ ប៉ុន្តែ មនុស្សជាច្រើនមិនទាន់ដឹងថា ការទទួលទានប៉េងប៉ោះច្រើន អាចជួយជំរុញឲ្យរាងកាយមានសុខភាពល្អ និងជៀសផុតពីជំងឺឡើយ។

បើយោងតាមការស្រាវជ្រាវបានរកឃើញថា ផ្លែប៉េងប៉ោះ មានផ្ទុកសារធាតុ លីកូពីន(lycopene) សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម វីតាមីនC វីតាមីនA ជាតិសរសៃ និងសមាសធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយការពាររាងកាយឲ្យជៀសផុតជាច្រើនមុខ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំពោះសុខភាពដែលបានមកពីការទទួលទានប៉េងប៉ោះ៖

១.បង្ការជំងឺមហារីក
ប៉េងប៉ោះ គឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម និងវីតាមីនC ដែលអាចជួយប្រឆាំងនឹងរ៉ាឌីកាល់សេរី មិនឲ្យវិវត្តទៅជាជំងឺមហារីកឡើយ។ ជាពិសេសសារធាតុ លីកូពីន (lycopene) ដ៏ច្រើនលើសលប់នៅក្នុងផ្លែប៉េងប៉ោះ អាចជួយការពារជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។

២.ការពារជំងឺបេះដូង
នៅក្នុងផ្លែប៉េងប៉ោះ មានផ្ទុកជាតិខ្លាញ់ ប៉ូតាស្យូម ជាតិសរសៃ វីតាមីនC ដែលអាចជួយបង្កើនដល់មុខងារបេះដូង ឲ្យដំណើរការបានល្អ។ មិនតែប៉ុណ្ណោះ ការទទួលទានអាហារដែលមានផ្ទុកជាតិកាល់ស្យូមខ្ពស់ ជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង សម្រាប់មនុស្សគ្រប់រូប។

៣.ទប់ស្កាត់ជំងឺទឹកនោមផ្អែម
ដោយសារតែប៉េងប៉ោះមានផ្ទុកជាតិសរសៃខ្ពស់ ធ្វើឲ្យវាមានសមត្ថភាពជួយគ្រប់គ្រងកម្រិតអាំងស៊ុយលីនក្នុងរាងកាយ ដូច្នេះហានិភ័យនៃជំងឺ ទឹកនោមផ្អែម ត្រូវបានកាត់បន្ថយសម្រាប់អ្នកដែលចូលចិត្តទទួលទានប៉េងប៉ោះ។

៤.ថែរក្សាស្បែក
ផ្លែប៉េងប៉ោះមានផ្ទុកវីតាមីនC ដែលអាចជួយសំយោគសារធាតុកូឡាជែន ដើម្បីផ្គត់ផ្គង់ដល់ស្បែកឲ្យមានភាពបត់បែន និងមានសុខភាពល្អ។

៥.ការពារភ្នែកឲ្យមានសុខភាពល្អ
អត្ថប្រយោជន៍មួយទៀតនៃផ្លែប៉េងប៉ោះ គឺវាមានផ្ទុកសារធាតុបេតាការ៉ូទីន និងវីតាមីន A ដែលមានសារសំខាន់បំផុតក្នុងការថែរក្សាភ្នែក និងគាំទ្រដល់មុខងារ រីទីណា មិនឲ្យទទួលរងនូវការខូចខាត។

៦.ពង្រឹងដល់ប្រព័ន្ធរំលាយអាហារ
ផ្លែប៉េងប៉ោះ អាចជួយរក្សាប្រព័ន្ធរំលាយអាហារឲ្យមានសុខភាពល្អ ដោយបញ្ជៀសពីការទល់លាមក និងជំងឺរាករូស។ មួយវិញទៀត វាក៏អាចជួយបណ្តេញជាតិពុល ដែលបង្កគ្រោះថ្នាក់ដល់រាងកាយផងដែរ។

៧.ប្រយុទ្ធប្រឆាំងនឹងការរលាក
អត្ថប្រយោជន៍ដ៏សំខាន់មួយទៀត គឺការទទួលទានទឹកប៉េងប៉ោះមួយកែវរាល់ថ្ងៃ អាចជួយការពារពីរាងកាយមិនឲ្យកើតជំងឺរលាក ជំងឺរលាកសន្លាក់ និងការឈឺចាប់ផងដែរ។

៨.បង្ការការឆ្លងមេរោគលើផ្លូវបង្ហូរនោម
ផ្លែប៉េងប៉ោះសម្បូរទៅដោយបរិមាណនៃជាតិទឹកខ្ពស់ ដែលអាចកាត់បន្ថយឱកាសនៃការឆ្លងមេរោគលើផ្លូវនោមយ៉ាងមានប្រសិទ្ធភាព។

៩.ទប់ស្កាត់បញ្ហាកំណកឈាម
អត្ថប្រយោជន៍ចុងក្រោយនៃការទទួលទានទឹកប៉េងប៉ោះ គឺអាចជួយថែរក្សាសរសៃឈាមមិនឲ្យមានបញ្ហាកំណកឈាម ព្រោះវាមានជាតិសូដ្យូមទាប។ ដូច្នេះហើយ អ្នកគួរតែទទួលទានទឹកប៉េងប៉ោះ ឬផ្លែប៉េងប៉ោះឲ្យបានញឹកញាប់ ដើម្បីទទួលបានការពារជំងឺទាំងអស់នេះ៕

ប្រភព៖ boldsky

មតិយោបល់