ព័ត៌មានសុខភាព

ដឹងអត់! ពេលលេបថ្នាំ តើអាចប្រើទឹកក្តៅបានទេ?

ទឹកត្រូវបានគេចាត់ទុកជាភេសជ្ជៈដ៏ល្អបំផុត ក្នុងការលេបថ្នាំ ព្រោះវាងាយស្រួលក្នុងការរំលាយ និងមិនរំខានដល់ការស្រូបយកជាតិថ្នាំនោះឡើយ។ ផ្ទុយទៅវិញការប្រើភេសជ្ជៈដទៃទៀត ដូចជាតែ កាហ្វេ ឬស្រា អាចបណ្តោលឲ្យមានប្រតិកម្មថ្នាំ ឬអាឡែស៊ីក្នុងករណីអ្នកជំងឺមួយចំនួន។ ប៉ុន្តែ តើនៅពេលលេបថ្នាំ អ្នកអាចប្រើទឹកក្តៅឧណ្ឌៗបានដែរឬទេ? លោកវេជ្ជបណ្ឌិត Rajni Pathak បាននិយាយថា ការប្រើប្រាស់សីតុណ្ហភាពទឹកក្នុងការលេបថ្នាំពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាមានតួនាទីដឹកជញ្ជូនថ្នាំមិនឲ្យស្អិតជាប់បំពងក ហើយជួយបង្កើនការស្រូបយកជាតិថ្នាំរបស់ក្រពះពោះវៀនផងដែរ។

ក្នុងករណីអ្នកមានអាការក្អក ឬឈឺបំពងក អ្នកជំនាញបានណែនាំឲ្យលេបថ្នាំជាមួយនឹងទឹកក្តៅឧណ្ឌៗ ដោយសារតែសីតុណ្ហភាពទឹកអាចកាត់បន្ថយការឈឺចាប់បំពងក ហើយបង្កើនល្បឿនរំលាយថ្នាំផងដែរ។ ជាការពិត ការប្រើប្រាស់ទឹកក្តៅឧណ្ឌៗ ដើម្បីលេបថ្នាំព្យាបាលជំងឺឆ្លងមេរោគបំពងក និងជំងឺផ្តាសាយ មិនមានប្រតិកម្មនោះទេ។ ជាមួយគ្នានេះផងដែរ វិធីសាស្ត្រលេបថ្នាំដ៏ត្រឹមត្រូវ គឺអ្នកគួរតែផឹកទឹកឲ្យបានពីរបីដងមុនពេលលេបថ្នាំ ដើម្បីកុំឲ្យបំពង់កស្ងួត ហើយងាយស្រួលក្នុងការលេប។

ដូច្នេះហើយ នៅពេលដែលអ្នកលេបថ្នាំប៉ារ៉ាសេតាមុល ដើម្បីព្យាបាលជំងឺផ្តាសាយ ឬគ្រុនក្តៅ គួរតែប្រើទឹកក្តៅឧណ្ឌៗ ដើម្បីឲ្យថ្នាំរលាយលឿន ហើយការស្រូបក៏បានលឿនដែរ៕

ប្រភព៖ thehealthsite

មតិយោបល់