ព័ត៌មានសុខភាព

ទង្វើ៥យ៉ាងដែលគ្រប់គ្នាគិតថាមិនអ៊ី តែមានផលអាក្រក់ដល់កូនក្នុងផ្ទៃ

ក្រៅពីការទទួលទានអាហារដែលសម្បូរសារធាតុរ៉ែ និងវីតាមីនសំខាន់ៗសម្រាប់ជំរុញដល់ការលូតលាស់ និងការពារកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ អ្នកក៏គួរតែយកចិត្តទុកដាក់ចំពោះទង្វើមួយចំនួនផងដែរ។ បើយោងតាមគេហទំព័រ thehealthsite បានបង្ហាញថា ទង្វើមួយចំនួនដែលមនុស្សភាគច្រើនយល់ថា ធម្មតា វាអាចបង្កឲ្យមានគ្រោះថ្នាក់ចំពោះទារកក្នុងផ្ទៃ។ ខាងក្រោមនេះគឺជាទង្វើ៥ចំណុច ដែលអ្នកជំងឺផ្តល់ដំបូលន្មានឲ្យស្ត្រីមានផ្ទៃពោះជៀសវាងឲ្យឆ្ងាយ៖

យួរឥវ៉ាន់ធ្ងន់ពេក
ស្ត្រីមានផ្ទៃពោះភាគច្រើនជៀសមិនផុតពីការដើរផ្សារទិញឥវ៉ាន់ ឬទិម្ហូបអាហារមកទទួលទាននោះទេ ក៏ប៉ុន្តែអ្នកត្រូវចាំថា មិនគួរយួរឥវ៉ាន់លើសពី៥គីឡូឡើយ ជាពិសេសសស្ត្រីដែលស្ថិតនៅក្នុងអំឡុងត្រីមាសទី៣។ ការយួររបស់ធ្ងន់ៗ អាចបណ្តោលឲ្យស្បូនមានការកន្ទ្រាក់ខ្លាំង និងជួបផលវិបាកផ្សេងៗទៀត។

គេងផ្ងារពោះ
មនុស្សមួយចំនួនគិតថា ទម្លាប់គេងផ្ងារពោះមិនបង្កគ្រោះថ្នាក់នោះទេ សូម្បីតែស្ត្រីមានផ្ទៃពោះក៏ដោយ។ ប៉ុន្តែការគេងបែបនេះអាចដាក់សម្ពាធលើសរីរាង្គដូចជា បេះដូង សួត និងតម្រងនោម ហើយរារាំងដល់លំហូរឈាមពីផ្នែកទាបនៃរាងកាយទៅផ្នែកខាងលើថែមទៀត។ នេះជាមូលហេតុដែលធ្វើឲ្យ ការផ្គត់ផ្គង់សារធាតុចិញ្ចឹមសម្រាប់រាងកាយ និងផ្គត់ផ្គង់ឈាមទៅកាន់ទារក បានតិចតួច។

ពក្មេងៗ
ការពកូនក្មេងជាញឹកញាប់ និងរយៈពេលយូរអាចដាក់សម្ពាធធ្ងន់ទៅលើទារកនៅក្នុងស្បូន ហើយបង្កហានិភ័យអាក្រក់ផ្សេងៗកើតមានឡើង។ ដូច្នេះ ដើម្បីជៀសវាងហានិភ័យដល់កូនក្នុងផ្ទៃ អ្នកមិនត្រូវពក្មេងៗដាក់នៅនឹងចង្កេះដាច់ខាត។

ពាក់ស្បែកជើងកែងចោទ
នៅពេលដែលមានផ្ទៃពោះ ទម្ងន់រាងកាយរបស់ស្ត្រីនឹងមានការកើនឡើង ដែលធ្វើឲ្យជើងត្រូវទទួលរងនូវសម្ពាធយ៉ាងខ្លាំងដើម្បីទប់លំនឹង។ ក៏ប៉ុន្តែ ប្រសិនបើអ្នកពាក់ស្បែកជើងកែងចោទក្នុងអំឡុងពេលនេះ អាចបណ្តោលឲ្យមានការរអិល ឬដួល បង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ ហើយជើងរបស់អ្នកក៏ទទួលរងនូវបញ្ហាឈឺសន្លាក់ផងដែរ។

ប្រើទូរសព្ទស្មាតហ្វូនច្រើនពេក
ថ្វីបើទូរសព្ទស្មាតហ្វូន ជាឧបករណ៍អេឡិចត្រូនិចដែលមានសារសំខាន់ក្នុងការទំនាក់ទំនងគ្នាក៏ពិតមែន ប៉ុន្តែរលកវិទ្យុសកម្មដែលជះចេញពីទូរសព្ទប្រភេទនេះ អាចបង្កផលអាក្រក់ដល់ទារក។ ដូច្នេះ អ្នកគួរតែកម្រិតក្នុងការប្រើប្រាស់ទូរសព្ទ ឬទុកឲ្យឆ្ងាយពីខ្លួននៅពេលចូលគេង ហើយសូមចាត់ទុកវាជាឧបករណ៍បន្ទាប់បន្សំប្រសិនជាអាច៕

មតិយោបល់