ព័ត៌មានអន្តរជាតិ

លោកពូទីន ថាបច្ចេកវិទ្យាអាវុធថ្មីនាពេលអនាគត នឹងកាន់តែអាក្រក់ជាងគ្រាប់បែកនុយក្លេអ៊ែរទៅទៀត

រុស្ស៊ីៈ ថ្លែងទៅកាន់អ្នកចូលរួម ក្នុងទិវាពិភពលោករបស់យុវជន និងនិស្សិតនៅទីក្រុងសូជី ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា បច្ចេកវិទ្យាផលិតអាវុធនាពេលអនាគត ទំនងជានឹងកាន់តែអាក្រក់ជាងគ្រាប់បែកនុយក្លេអ៊ែរទៅទៀត។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧។

ផ្អែកតាមការលើកទ្បើងរបស់ប្រធានាធិបតី និងភាពជាក់ស្ដែងនៃការប្រើប្រាស់បច្ចេកវិទ្យារបស់មនុស្សពីមួយជំនាន់ទៅមួយជំនាន់ ពិតជាបានបង្ហាញពីគ្រោះថ្នាក់ដល់មនុស្សជាតិប្រាកដមែន។

លោកពូទីនបាននិយាយថា «ខណៈបច្ចេកវិទ្យាឥទ្បូវ មនុស្សស្ទើរតែអាចបង្កើតមនុស្សខ្លួនឯងបាន ជាមួយនឹងលក្ខណៈដែលខ្លួនចង់បានដ៏ជាក់លាក់។ វាក៏អាចជាទាហានម្នាក់ ដែលមានសមត្ថភាពប្រយុទ្ធគ្នា ដោយគ្មានការភ័យខ្លាច គ្មានមេត្តាធម៌ គ្មានការសោកស្ដាយ ឬសូម្បីតែការឈឺចាប់» ។

ក្នុងនោះលោកបានសង្កាត់ធ្ងន់ថា បច្ចេកវិទ្យានាពេលបច្ចុប្បន្ន គួរតែត្រូវបានប្រើយ៉ាងមានប្រសិទ្ធភាព និងអនុវត្តយ៉ាងទូលំទូលាយ ប៉ុន្ដែប្រសិនបើមនុស្សយើងប្រើវា ដោយភ្លេចគិចសីលធម៌នោះ នឹងអាចនាំឲ្យមានការបំផ្លាញដល់មនុស្សជាតិផងដែរ៕

មតិយោបល់