ល្ពៅ គឺជាបន្លែមួយប្រភេទដែលបងប្អូនខ្មែរយើងចូលចិត្តយកទៅស្លរប្រហើរ ស្លរកកូរ ឬធ្វើជានំផ្សេងៗទៅតាមចំណង់ចំណូលចិត្ត។ មិនតែប៉ុណ្ណោះល្ពៅមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព មិនថាតែ ត្រួយ ផ្លែ ឬគ្រាប់របស់វាឡើយ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ផ្លែល្ពៅត្រូវបានគេផ្សំធ្វើជាឱសថសម្រាប់ថែរក្សា និងការពារបញ្ហាស្បែកគ្រប់ប្រភេទ។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់ផ្លែល្ពៅសម្រាប់ថែរក្សា និងព្យាបាលបញ្ហាសម្រស់៖
ល្ពៅ និងទឹកឃ្មុំ
១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេដូចគ្នា។
២.យកមកលាបលើស្បែកមុខ ហើយទុករយៈពេល១០នាទី ទើបលាងសម្អាតចេញជាមួយទឹកក្តៅឧណ្ឌៗ។
៣.អនុវត្តទៀងទាត់មួយសប្តាហ៍៣ដង ដើម្បីជៀសផុតពីការរលាក កើតមុន និងស្នាមជាំនៅលើផ្ទៃមុខ។
ល្ពៅ និងទឹកដោះគោយ៉ាអួ
១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយទឹកដោះគោយ៉ាអួ ២ស្លាបព្រាកាហ្វេ។
២.លាបនៅលើផ្ទៃមុខ នឹងទុករយៈពេល១០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៣.អនុវត្តវិធីនេះមួយសប្តាហ៍យ៉ាងហោចណាស់ ៣ដង ដើម្បីកាត់បន្ថយភាពចាស់។
ល្ពៅ និងវីតាមីន E
១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងប្រេងវីតាមីន E ១គ្រាប់។
២.លាបនៅលើស្បែកមុខ និងទុករយៈពេល ១០ទៅ១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៣.អនុវត្តវិធីនេះមួយសប្តាហ៍ ៣ដង ដើម្បីចិញ្ចឹមស្បែកឲ្យមានសំណើម និងមានភាពបត់បែនបានល្អ។
ល្ពៅ និងទឹកក្រូចឆ្មារ
១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ ២ស្លាបព្រាកាហ្វេ។
២.លាបនៅលើស្បែកមុខឲ្យសព្វ រួចទុកចោលរយៈពេល១៥នាទី ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។
៣.សូមប្រើឲ្យបាន៣ដងក្នុងមួយសប្តាហ៍ ដើម្បីទទួលបានផ្ទៃមុខភ្លឺរលោងស្អាត។
ល្ពៅ និងទឹកខ្មេះប៉ោម
១.កិនល្ពៅឲ្យក្លាយជាល្បាយចំនួន ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកខ្មេះប៉ោមកន្លះស្លាបព្រាកាហ្វេ។
២.លាបឲ្យពេញផ្ទៃស្បែកមុខ រួចទុកចោលរយៈពេល១០ទៅ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ។
៣.អនុវត្តក្នុងមួយសប្តាហ៍តិចបំផុត ៣ដង ដើម្បីកម្ចាត់មុនក្បាលខ្មៅចេញឲ្យអស់ពីផ្ទៃមុខ។
វិធីទាំងអស់នៅខាងលើនេះ គ្មានផ្ទុកសារធាតុគីមីដែលបង្កឲ្យប៉ះពាល់ដល់សុខភាពឡើយ ដូច្នេះអ្នកអាចប្រើប្រាស់ទៅតាមប្រភេទនៃបញ្ហាស្បែកមុខ ដោយគ្មានអ្វីត្រូវព្រួយបារម្ភទាំងអស់៕
មតិយោបល់