ព័ត៌មានសុខភាព

មិនមែនអាក្រក់ទាំងអស់នោះទេ! គុណសម្បត្តិមិនគួរឲ្យជឿ៣យ៉ាងនៃការកើតមុន

មុនគឺជាបញ្ហាសម្រស់ទូទៅដែលតែងតែកើតមានចំពោះមនុស្សគ្រប់រូប គ្រាន់តែអ្នកខ្លះកើតតិច ហើយអ្នកខ្លះទៀតកើតច្រើន គឺអាស្រ័យទៅលើប្រភេទនៃស្បែកមុខរបស់មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ ការកើតមានបញ្ហាស្បែកមិនមែនសុទ្ធតែអាក្រក់ទាំងអស់នោះទេ កាលពីពេលថ្មីៗនេះអ្នកវិទ្យាសាស្ត្របានរកឃើញថា ការកើតមុនអាចបង្ហាញពីអត្ថប្រយោជន៍នៃសុខភាពមួយចំនួន។ ខាងក្រោមនេះ គឺជាហេតុផលបែបវិទ្យាសាស្ត្រ ៣យ៉ាង ដែលបង្ហាញថា ការកើតមុនមិនមែនអាក្រក់ទាំងអស់នោះទេ៖

១.អ្នកអាចរស់នៅបានយូរអង្វែង
ការកើតមុនបញ្ជាក់ថា DNA របស់អ្នកត្រូវបានកំណត់ដោយរចនាសម្ព័ន្ធការពារ ដែលត្រូវបានគេហៅថា telomeres។ ពួកវាមានសារសំខាន់ខ្លាំងណាស់ក្នុងការការពារក្រូម៉ូសូម មិនឲ្យសឹករិចរិល ដែលជាហេតុធ្វើឲ្យអ្នករស់នៅបានអាយុវែង។ មិនតែប៉ុណ្ណោះការសិក្សាបានបង្ហាញថា អ្នកដែលកើតមុនមានប្រព័ន្ធភាពស៊ាំរឹងមាំអាចប្រឆាំងនឹងជំងឺឆ្លង ដែលគំរាមកំហែងដល់ជីវិតបាន។

២.កាត់បន្ថយភាពចាស់
អ្នកច្បាស់ជាធ្លាប់ឃើញហើយថា ផ្ទៃមុខអ្នកដែលកើតមុន គឺសម្បូរទៅដោយខ្លាញ់ដែលគួរឲ្យខ្ពើមរអើម។ ក៏ប៉ុន្តែខ្លាញ់នេះអាចជួយរក្សាសំណើមដល់ស្បែក ហើយជួយពន្យាភាពចាស់នៃកោសិកាស្បែក ដែលធ្វើឲ្យអ្នកមើលទៅក្មេងជាងវ័យបានយូរ។

៣.ជួយបេះដូងមានសុខភាពល្អ
អត្ថប្រយោជន៍មួយទៀតនៃការកើតមុន គឺបញ្ជាក់ថា បេះដូងមានសុខភាពល្អអាចទប់ទល់ជាមួយនឹងជំងឺផ្សេងៗ បើធៀបទៅនឹងអ្នកដែលមានផ្ទៃមុខស្អាត។ ជាពិសេសសម្រាប់មនុស្សដែលកើតមនុខច្រើននៅក្នុងវ័យជំទង។ ការសិក្សាមួយនៅចក្រភពអង់គ្លេស បានធ្វើការសាកល្បងទៅលើបុរស ១០.០០០នាក់ បានសន្និដ្ឋានថា បុរសដែលកើតមុនច្រើននៅវ័យជំទង មិនសូវទទួលរងនូវជំងឺសរសៃឈាមបេះដូងនោះទេ។ នោះក៏ដោយសារតែអ័រម៉ូន androgens ដែលជាអ្នកបង្កឲ្យកើតមុន អាចការពារសុខភាពបេះដូងបាន៕

ប្រភព៖ thehealthsite

មតិយោបល់