កាលពីប៉ុន្មានថ្ងៃមុននេះ អង្គការសុខភាពពិភពលោក WHO បានប្រកាសដំណឹងដ៏គួរឲ្យព្រួបារម្ភមួយ អំពីមរោគរាតត្បាតកាចសាហាវដែលមានឈ្មោះថា Marburg បានផ្ទុះឡើងសារជាថ្មីនៅប្រទេស អ៊ូហ្គង់ដា និងកេនយ៉ា។ បើយោងតាមទីភ្នាក់ងារអង្គការនេះបានឲ្យដឹងថា ករណីដំបូងដែលក្រសួងសុខាភិបាល អ៊ូហ្គង់ដា រាយការណ៍កាលពីថ្ងៃទី ៣ខែវិច្ឆិកា មានមនុស្ស៣នាក់ដែលឆ្លងមេរោគ Marburg ហើយក្នុងចំណោមពួកគេបានស្លាប់ម្នាក់ មុននឹងបញ្ជូនទៅដល់ប្រទេសកេនយ៉ា។ ដូច្នេះប្រទេសនេះក៏ស្ថិតនៅក្នុងតំបន់ដែលគ្រោះថ្នាក់ផងដែរ។
បន្ទាប់ពី៣ករណីដំបូង មានមនុស្សជាច្រើនណាស់ដែលបានទាក់ទងជាមួយនឹងអ្នកជំងឺ រួមទាំងបុគ្គលិកសុខាភិបាល ក៏ត្រូវស្ថិតនៅក្រោមការពិនិត្យតាមដានដែរ។
មេរោគ Marburg និង អេប៊ូឡា (Ebola) គឺជាប្រភេទនៃជំងឺដែលស្ថិតនៅក្នុងត្រកូលតែមួយ។ បើយោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក បង្ហាញថា ជនរងគ្រោះដោយសារតែមរោគ Marburg នេះមានអត្រានៃការស្លាប់ចាប់ពី ២៣ភាគរយរហូតដល់ទៅ ៩០ភាគរយ ខណៈដែលរបាយការណ៍ផ្សេងទៀតបានបង្ហាញថា អត្រាមរណជាមធ្យមគឺ ៨៨ភាគរយ។
មេរោគ Marburg ត្រូវបានគេរកឃើញថា អាចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈឈាម និងសារធាតុរាវ ដែលអាចបង្កឲ្យមនុស្សប្រឈមនឹងការស្លាប់រាប់រយដង។ តែគួរឲ្យស្តាយរហូតមកដល់ពេលនេះ ក្រុមអ្នកស្រាវជ្រាវមិនទាន់រកឃើញវ៉ាក់សាំង ឬឱសថព្យាបាលជាក់លាក់នៅឡើយទេ។
មេរោគនេះ ផ្ទុះឡើងដំបូងក្នុងឆ្នាំ ១៩៦៧នៅប្រទេសអាល្លឺម៉ង់ និងអតីតយូហ្គោស្លាវី ហើយរីករាលដាល់មកដល់ប្រភទេសអ៊ូហ្គង់ដា តាមរយៈសត្វស្វា។
បច្ចុប្បន្ននេះ អង្គការពិភពលោក កំពុងតែធ្វើការជាមួយនឹងបណ្តោលប្រទេសដែលពាក់ព័ន្ធនឹងមេរោគនេះ ដើម្បីរកវិធីទប់ស្កាត់កុំឲ្យមានការរីករាលដាលបន្តទៀត៕
ប្រភព៖ dailymail
មតិយោបល់