ការទទួលទានភេសជ្ជៈក្នុងអំឡុងពេលតាំងគភ៌ពិតជាមានសារសំខាន់ខ្លាំងណាស់ទាំងម្តាយ និងកូន។ ព្រោះក្នុងដំណាក់កាលនេះទារកកំពុងតែត្រូវការសារធាតុចិញ្ចឹមសំខាន់ៗបន្ថែម ដើម្បីជួយជំរុញដល់ការលូតលាស់ឲ្យបានពេញលេញ។ បើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ប្រសិនបើអ្នកទទួលទានភេសជ្ជៈទាំង ៥មុខនេះបានត្រឹមត្រូវ ទាំងម្តាយ និងកូនច្បាស់ជាមានសុខភាពល្អ ហើយអាចជៀសផុតពីបញ្ហាផ្សេងៗបានថែមទៀត។
១.ទឹក
ទឹក គឺជាសារធាតុរាវដ៏ចាំបាច់បំផុតសម្រាប់រាងកាយរបស់អ្នកក្នុងអំឡុងពេលតាំងគភ៌ ព្រោះវាអាចជួយរក្សាសំណើម ហើយជួយបង្កើនការផលិតទឹកដោះឲ្យកាន់តែច្រើនសម្រាប់ផ្គត់ផ្គងទារក។ ហេតុនេះ អ្នកត្រូវតែព្យាយាមទទួលទានទឹកឲ្យបានជាប់លាប់ប្រហែលជា ៨ទៅ១០កែវ ក្នុងមួយថ្ងៃ។
២.តែទឹកកក
តែទឹកកក គឺជាភេសជ្ជៈដែលល្អបំផុតនារដូវក្តៅ ក៏ប៉ុន្តែវាក៏អាចជួយសម្រួលដល់បញ្ហាក្អួតចង្អោរនៅពេលព្រឹកផងដែរ។ ទោះជាយ៉ាងណាយ អ្នកមិនត្រូវទទួលទានច្រើនពេកទេ គឺមួយថ្ងៃកំណត់ត្រឹមតែមួយពែងបានហើយ។
៣.ទឹកដូង
ទឹកដូង ជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលអាចជួយកាត់បន្ថយបញ្ហាអស់កម្លាំង ស្តារឡើងវិញនូវអំបិលធម្មជាតិដែលបានបាត់បង់នៅពេលរាងកាយបែកញើស ជាពិសេសវាអាចជួយថែរក្សាកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ។ ដើម្បីទទួលបានប្រសិទ្ធភាពខ្លាំងបំផុត អ្នកគួរតែព្យាយាមទទួលទានមួយថ្ងៃមួយកែវនៅពេលដែលស្រេកទឹក។
៤.ទឹកផ្លែឈើស្រស់
ក្នុងរដូវក្តៅ ស្ត្រីដែលកំពុងតែតាំងគភ៌គួរតែពឹងផ្អែកទៅលើទឹកផ្លែឈើស្រស់ៗ ដូចជា ទឹកក្រូចឆ្មារ ឪឡឹក និងក្រូចពោធិ៍សាត់។ ព្រោះទឹកផ្លែឈើទាំងអស់នេះសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានសារៈសំខាន់បំផុតសម្រាប់រាងកាយក្នងអំឡុងពេលតាំងគភ៌។
៥.ទឹកដោះគោ
ទឹកដោះគោ និងផិតផលទឹកដោះគោទាំងអស់សម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងជាតិកាល់ស្យូមខ្ពស់។ ហេតុនេះហើយ ទើបទឹកដោះគោត្រូវបានគេចាត់ទុកជាភេសជ្ជៈដែលអាចជួយផ្តល់សំណើម និងជួយឲ្យរាងកាយរបស់ស្ត្រីតាំងគភ៌មានភាពត្រជាក់នារដូវក្តៅ។
នៅក្នុងចំណោមភេសជ្ជៈទាំង៥មុខនេះ អ្នកអាចទទួលទានមួយណាក៏បានដែរប្រសិនបើអ្នកចូលចិត្ត ព្រោះវាសុទ្ធតែមានប្រយោជន៍ដល់សុខភាពស្ត្រី និងទារកក្នុងគភ៌ដូចគ្នា៕
ប្រភព៖ boldsky
មតិយោបល់