តម្រងនោម ត្រូវបានគេចាត់ទុកជាសរីរាង្គដ៏សំខាន់បំផុតក្នុងការប្រឆាំងនឹងការប្រមូលផ្តុំជាតិពុលនៅក្នុងរាងកាយ ជួយគ្រប់គ្រងកម្រិតអេឡិចត្រូលីត្រ និងផលិតអ័រម៉ូនដែលគាំទ្រដល់សុខភាពឆ្អឹង បង្កើនកោសិកាឈាមក្រហម និងគ្រប់គ្រងសម្ពាធឈាម។
ក៏ប៉ុន្តែមនុស្សមួយចំនួនតែងតែជួបប្រទះនូវបញ្ហាតម្រងនោមដោយមិនដឹងខ្លួន តើបណ្តោលមកពីមូលហេតុអ្វីទៅ? បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ទម្លាប់ គឺជាចំណុចសំខាន់បំផុតដែលធ្វើឲ្យតម្រងនោមរបស់អ្នកមានសុខភាពល្អ ឬអាក្រក់។ ខាងក្រោមនេះ គឺជាទម្លាប់មួយចំនួនដែលជះឥទ្ធិពលអាក្រក់ដល់តម្រងនោម៖
១.សេពគ្រឿងស្រវឹងច្រើនពេក
ការសេពគ្រឿងស្រវឹងច្រើនជារៀងរាល់ថ្ងៃ ជារៀងរាល់សប្តាហ៍ អាចបង្កើនហានិភ័យគ្រោះថ្នាក់ដល់តម្រងនោមកាន់តែធ្ងន់ធ្ងរ។ នេះក៏ដោយសារតែការសេពគ្រឿងស្រវឹង បានដាក់សម្ពាធខ្លាំងទៅលើតម្រងនោម និងថ្លើម ក្នុងការសម្អាតជាតិពុល។
២.ប្រឹងទប់នោម
ទម្លាប់ប្រឹងទប់មិនបញ្ចេញនោមជាញឹកញាប់ អាចបង្កើនសម្ពាធដល់តម្រងនោមកាន់តែខ្លាំង ហើយមិនយូរមិនឆាប់តម្រងនោមរបស់អ្នកនឹងចុះខ្សោយ ហើយអាចកើតក្រួសថែមទៀត។
៣.ទទួលទានទឹកមិនបានគ្រប់គ្រាន់
ប្រសិនបើអ្នកមិនបានទទួលទានទឹកគ្រប់គ្រាន់ទៅតាមអ្វីដែលរាងកាយត្រូវការទេ នោះកាកសំណល់ និងជាតិពុលដែលគួរតែលុបចេញពីរាងកាយនឹងចាប់ផ្តើមកកកុញច្រើនឡើងៗ ហើយអាចនាំឲ្យខូចតម្រងនោមធ្ងន់ធ្ងរ។
៤.ទទួលទានស្ករច្រើនពេក
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកដែលទទួលទានភេសជ្ជៈដែលមានផ្ទុកជាតិស្ករ ច្រើនជាង២កែវជារៀងរាល់ថ្ងៃ តម្រងនោមមិនមានលទ្ធភាពច្រោះយកប្រូតេអ៊ីនអស់ឡើយ ហើយប្រូតេអ៊ីនមួយចំនួនអាចហូរមកតាមទឹកនោម។ ប្រសិនបើអ្នកសង្កេតឃើញថា មុខងារនៃតម្រងនោមមិនល្អ នោះបញ្ជាក់ថាជារោគសញ្ញាដំបូងនៃជំងឺតម្រងនោម។
៥.ទទួលទានអំបិលច្រើនហួសប្រមាណ
កម្រិតខ្ពស់នៃជាតិសូដ្យូមនៅក្នុងខ្លួន អាចនាំឲ្យខូចតម្រងនោមផងដែរ។ នេះដោយសារតែជាតិសូដ្យូមដាក់សម្ពាធខ្លាំងទៅលើសរីរាង្គតម្រងនោម និងបង្កើនសម្ពាធឈាម។
៦.គេងមិនលក់
ជំងឺគេងមិនលក់រ៉ាំរ៉ៃ គឺជាកត្តាមួយដែលអាចនាំឲ្យខូចតម្រងនោម។ អ្នកត្រូវដឹងថា រាងកាយត្រូវការសម្រាកបានគ្រប់គ្រាន់នៅពេលយប់ ដើម្បីជួសជុលការខូចខាតតម្រងនោមឡើងវិញ ប៉ុន្តែប្រសិនបើអ្នកមានបញ្ហាគេងមិនលក់ តម្រងនោមនឹងចុះខ្សោយបន្តិចម្តងៗ។
៧.ញ៉ាំកាហ្វេលើសកម្រិត
ជាតិកាហ្វេអ៊ីន អាចបណ្តោលឲ្យកើតទុក្ខទោសដល់តម្រងនោម និងបង្កើនកម្រិតសម្ពាធឈាមកាន់តែខ្លាំង។ ការទទួលទានកាហ្វេច្រើនហួសប្រមាណ អាចបណ្តោលឲ្យខូចតម្រងនោមក្នុងអំឡុងពេលណាមួយ។
៨.រំលោភបំពានទៅលើការប្រើថ្នាំបំបាត់ការឈឺចាប់
ថ្នាំមួយចំនួនដែលត្រូវបានប្រើប្រាស់សម្រាប់ព្យាបាលការឈឺចាប់ មានផ្ទុកសារធាតុគីមីដែលអាចបង្កឲ្យមានផលវិបាកជាច្រើន។ ផលប៉ះពាល់មួយក្នុងចំណោមផលប៉ះពាល់ទាំងនោះ គឺការខូចខាតតម្រងនោម និងថ្លើមធ្ងន់ធ្ងរ។
៩.ទទួលទានសាច់ច្រើនពេក
សាច់ក្រហម មានផ្ទុកប្រូតេអ៊ីនច្រើនបំផុត ហើយប្រសិនបើអ្នកទទួលទានសាច់ប្រភេទនេះច្រើនពេកអាចបង្កើនបន្ទុកធ្ងន់ក្នុងការរំលាយចំពោះតម្រងនោម។ ដូច្នេះ អ្នកជំនាញណែនាំឲ្យកាត់បន្ថយការទទួលានសាច់ក្រហម មិនថាមនុស្សប្រុសឬក៏ស្រីឡើយ៕
ប្រសិនបើអ្នកមិនចង់ឲ្យតម្រងនោមជួបបញ្ហានោះទេ សូមកាត់បន្ថយ ឬជៀសវាងទម្លាប់ទាំង៩ចំណុចដែលបង្ហាញខាងលើនេះឲ្យបាន៕
មតិយោបល់