ជាទូទៅមូលហេតុចម្បងដែលបណ្តោលឲ្យមានអាការហើមពោះ គឺការទទួលទានអាហារមិនល្អដែលធ្វើក្រពះត្រូវបញ្ចេញជាតិអាស៊ីតរំលាយកាន់តែច្រើន និងការប្រមូលផ្តំនៃឧស្ម័នពុលហួសកម្រិត។ តែមិនយូរប៉ុន្មាន អាការហើមពោះដោយសារការទទួលទានចំណីខុសនឹងធូរស្រាលទៅវិញ។ ក៏ប៉ុន្តែប្រសិនបើអាការហើមនៅតែបន្តកើតមានរយៈពេលយូរ ហើយឧស្សាហ៍កើតជាញឹកញាប់ទៀតនោះ វាជាសញ្ញាដាស់តឿនពីបញ្ហាសុខភាព។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា អាការហើមពោះជាញឹកញាប់ ហើយមានរយៈពេលយូរ អាចបង្កមកពីជំងឺមហារីក ៦ប្រភេទ។
១.មហារីកក្រពេញអូវែ
ការកើតជំងឺហើមពោះ អមទៅដោយការឈឺចាប់ត្រគាក និងមានអារម្មណ៍ឆាប់ឆ្អែត គឺជាសញ្ញាព្រមានមួយនៃជំងឺមហារីកក្រពេញអូវែ។ ទោះជាយ៉ាងណា ជំងឺមហារីកក្រពេញអូវែក៏អាចបង្កឡើងដោយសារហ្សែន ឬការមិនបង្កកំណើត។ ជាពិសេសស្ត្រីដែលមានអាយុលើសពី ៥០ឆ្នាំ មានហានិភ័យខ្ពស់នៃការវិវត្តទៅរកជំងឺមហារីកក្រពេញអូវែ។
២.ជំងឺមហារីកស្បូន
អាការហើមពោះអមទៅដោយការឈឺចាប់ក្រគាកពេលកំពុងនោម និងពេលរួមភេទឈឺទ្វារមាស អាចជាសញ្ញានៃមហារីកស្បូន។ ម្យ៉ាងវិញទៀត មូលហេតុហ្សែន ការព្យាបាលដោយប្រើជាតិវិទ្យុសកម្ម និងការប្រើថ្នាំអ័រម៉ូន oestrogen ក៏អាចបណ្តោលឲ្យកើតជំងឺប្រភេទនេះដែរ។
៣.ជំងឺមហារីកក្រពះ
នៅពេលដែលអ្នកកើតជំងឺហើមពោះ អមទៅដោយអាការក្អួតចង្អោរ ពិបាកក្នុងការរំលាយអាហារ និងមានការស្រកទម្ងន់ គឺជារោគសញ្ញាដែលបង្ហាញពីជំងឺមហារីកក្រពះ។
៤.មហារីកលំពែង
ជំងឺហើមពោះធ្ងន់ធ្ងរ អមទៅដោយអាការឈឺចាប់ខ្នង និងពោះ បាត់បង់ចំណង់អាហារ ខាន់លឿង និងសម្រក់ទម្ងន់ គឺជារោគសញ្ញាសំខាន់នៃជំងឺមហារីកលំពែង។ ដូច្នេះ អ្នកចាំបាច់ត្រូវមានការប្រុងប្រយ័ត្នឲ្យខ្លាំង ព្រោះអ្នកអាចនឹងយល់ច្រឡំអំពីរោគសញ្ញានៃការឈឺចាប់ធម្មតា។
៥.មហារីកពោះវៀន
អាការហើមពោះអូសបន្លាយរយៈពេលយូរ អាចជាមូលហេតុចម្បងនៃជំងឺមហារីកពោះវៀនធំ ព្រោះវាអាចបង្កឲ្យស្ទះពោះវៀនធំ។ ប្រសិនបើជំងឺមហារីកពោះវៀនធំស្ថិតក្នុងដំណាក់កាលលូតលាស់ វានឹងបង្កឲ្យអ្នកជំងឺមានអាការហើមពោះ ហូរឈាម និងទល់លាមកផងដែរ។
៦.ជំងឺមហារីកថ្លើម
ប្រសិនបើអ្នកមានអាការហើមពោះ ហើយស្បែកមានពណ៌លឿង ត្រូវតែមានការប្រុងប្រយ័ត្នឲ្យបានខ្លាំង ព្រោះវាអាចជាសញ្ញានៃជំងឺថ្លើម និងមហារីកថ្លើម។ ប្រសិនបើមានអាការបែបនេះកើតឡើង អ្នកត្រូវស្វែងរកវិធីសង្គ្រោះពីផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ បើពុំដូច្នោះទេវានឹងវិវត្តទៅរកជំងឺមហារីកថ្លើម។
ទោះជាយ៉ាងណា អ្នកត្រូវចាំថា អាការហើមពោះញឹកញាប់ ក្រៅពីជំងឺមហារីកទាំងប៉ុន្មាននៅខាងលើនេះ ក៏អាចបង្កមកពីបញ្ហាខូចប្រព័ន្ធរំលាយអាហារដូចគ្នាដែរ៕
ប្រភព៖ boldsky
មតិយោបល់