ទម្លាប់ គឺជាទង្វើដែលយើងគ្រប់គ្នាតែងតែធ្វើជារៀងរាល់ថ្ងៃច្រំដែលៗ ហើយពិបាកនឹងកែប្រែណាស់ លុះត្រាតែមានការតាំងចិត្តខ្ពស់។ ទម្លាប់ទាំងអស់មិនមែនសុទ្ធតែល្អដូចអ្វីដែលយើងគិតនោះទេ ជួនកាលវាក៏អាចនាំទុក្ខទោសដល់រាងកាយផងដែរ ប៉ុន្តែមនុស្សភាគច្រើនធ្វើដោយមិនដឹងខ្លួនឡើយ។ ខាងក្រោមនេះ គឺជាទម្លាប់៤ចំណុចដែលបង្កឲ្យប៉ះពាល់ដល់សុខភាព តែគ្រប់គ្នាតែងធ្វើរាល់ថ្ងៃ៖
១.ទទួលទានទឹកដែលច្រកក្នុងដបប្លាស្ទិច
ស្ទើរតែដបប្លាស្ទិចដែលមានតម្លៃថោក ត្រូវបានផលិតចេញពីជ័រមានផ្ទុកសារធាតុគីមីពុលម្យ៉ាង ដែលគេហៅថា bisphenol-A។ សារធាតុគីមីសប្បនិម្មិតនេះ អាចប៉ះពាល់ដល់ការជួយសជុលកោសិកា ការលូតលាស់ កម្រិតថាមពល និងការបន្តពូជ។
កម្រិតនៃសារធាតុគីមីពុល bisphenol-A ដែលត្រូវបានបញ្ចេញ គឺអាស្រ័យទៅលើសីតុណ្ហភាពនៃទឹក ប្រសិនបើទឹកកាន់តែក្តៅសារធាតុគីមីចេញកាន់តែច្រើន។ ដូច្នេះ អ្នកគួរតែទម្លាប់ប្រើដបកែវ ដែកអ៊ីណុក ឬដបជ័រដែលមានគុណភាពខ្ពស់។
២.អាហារខ្ចប់ដោយប្រើក្រដាស់
ចំណីអាហារមួយចំនួនគេពេញនិយមទ្រាប់ដោយប្រើក្រដាសអនាម័យ ឬក្រដាសជូតមាត់។ ក៏ប៉ុន្តែក្រដាសប្រភេទនេះអាចមានផ្ទុកសារធាតុ fluorin ដែលបង្កឲ្យមានផលប៉ះពាល់ដល់ទារក ឬការរីកលូតលាស់របស់ពួកគេនៅក្នុងស្បូន។
មជ្ឈមណ្ឌល់គ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិកហៅកាត់ថា (CDC) បានរាយការណ៍ថា ការប្រើប្រាស់ក្រដាសដើម្បីទ្រាប់កាន់ចំណីអាហារអាចបណ្តោលឲ្យមានផលវិបាកដូចជា៖ ប៉ះពាល់ដល់ការបង្កកំណើត បង្អាក់ការលូតលាស់របស់ទារក ឥរយាបទនិងការរៀនសូត្រមិនល្អ អ័រម៉ូនធម្មជាតិមានការប្រែប្រួល កូឡេស្តេរ៉ុលឡើងខ្ពស់ និងកើតជំងឺមហារីក។ បរិមាណនៃសារធាតុ fluorine កើនឡើងអាស្រ័យទៅលើសីតុណ្ហភាពនៃអាហារ ប្រភេទអាហារសម្បូរខ្លាញ់ និងទ្រាប់អាហាររយៈពេលយូរ។
៣.ទទួលទានអាហារថ្ងៃត្រង់នៅនឹងមុខកុំព្យូទ័រ
ប្រហែលជាអ្នកគិតថា ការទទួលទានអាហារនៅកន្លែងធ្វើការពិតជាអនាម័យ តែតាមពិតវាពោរពេញទៅដោយបាក់តេរីច្រើនជាងបង្គន់ដល់ទៅ ៤០០ដង។ ព្រោះនៅលើក្តារចុច (Keyboard) តែមួយប៉ុណ្ណោះមានផ្ទុកបាក់តេរី ៧០ភាគរយ។ លើសពីនេះទៅទៀត ការញ៉ាំអាហារនៅមុខនឹងកុំព្យូទ័រ បង្កើនពេលវេលាអង្គុយកាន់តែយូរ និងមានហានិភ័យនៃជំងឺបេះដូង។
ប្រសិនបើអ្នកចង់ញ៉ាំអាហារបែបនេះ គួរតែឧស្សាហ៍សម្អាតកុំព្យូទ័រឲ្យបានទៀងទាត់ តែយកល្អនៅពេលទទួលទានអ្នកគួរតែទៅផ្ទះបាយ ឬអាហារដ្ឋានផ្សេងៗ។
៤.អង្គុយគងទាក់ខ្លា
មនុស្សភាគច្រើនតែងតែមានទម្លាប់អង្គុយបែបនេះ ជាពិសេសមនុស្សស្រីតែម្តង។ ការអង្គុយបែបនេះ បានដាក់សម្ពាធខ្លាំងទៅលើសរសៃឈាម ហើយអាចប្រឈមនឹងហានិភ័យនៃជំងឺគាំងបេះដូង ឬជំងឺខ្សោយបេះដូង។
មិនតែប៉ុណ្ណោះទម្លាប់បែបនេះក៏អាចដាក់សម្ពាធទៅលើសន្លាក់ត្រគាក និងអាចនាំឲ្យមានការកកឈាម នៅពេលសរសៃឈាមរបស់អ្នកត្រូវគៀបសង្កត់យូរមិនអាចរើរួចឡើយ។ លោកវេជ្ជបណ្ឌិតបានណែនាំថា អ្នកមិនគួរអង្គុយគងទាក់ខ្លា លើសពី ១០ ទៅ ១៥នាទីឡើយ៕

ប្រភព៖ brightside
មតិយោបល់