ព័ត៌មានសុខភាព

លក្ខខ័ណ្ឌ៤ចំណុច កុំទទួលទានខ្ទឹមសឲ្យសោះ!

ខ្ទឹមសត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ Allicin ដែលមានអត្ថប្រយោជន៍ខ្លាំងបំផុតសម្រាប់សុខភាព ព្រោះវាអាចជួយកាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ ទប់ស្តាត់បញ្ហាកកឈាម កាត់បន្ថយកូលេស្តេរ៉ុល។ ក្រៅពីនេះ វាគឺជាឱសថមួយប្រភេទដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ហើយមានសមត្ថភាពប្រឆាំងនឹងជំងឺផ្តាសាយរហូតដល់ទៅ ៦៣ភាគរយ។

តែទោះជាយ៉ាងណាក៏ដោយ មិនមែនមនុស្សគ្រប់គ្នាអាចទទួលទានខ្ទឹមបានតាមតែចិត្តនោះទេ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មនុស្សមួយចំនួនគួរតែតមខ្ទឹមស ជាពិសេសអ្នកដែលស្ថិតនៅក្នុងលក្ខខ័ណ្ឌ ៤យ៉ាងនេះ។

១.អ្នកដែលកំពុងប្រើប្រាស់ថ្នាំពេទ្យ
ប្រសិនបើអ្នកកំពុងតែស្ថិតនៅក្នុងលក្ខខ័ណ្ឌសុខភាពណាមួយដែលតម្រូវឲ្យប្រើប្រាស់ថ្នាំ ចូរកុំទទួលទានខ្ទឹមស ដោយមិនបានពិគ្រោះជាមួយគ្រូពេទ្យឲ្យសោះ។ មិនថាថ្នាំប្រភេទណានោះទេ ជាពិសេសថ្នាំពន្យាកំណើត អាចបង្កឲ្យមានផលប៉ះពាល់ដល់រាងកាយ។

២.អ្នកមានជំងឺថ្លើម
ខ្ទឹមស ត្រូវបានគេទទួលស្គាល់ថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចប្រឆាំងនឹងបាក់តេរី រួមទាំងមេរោគផ្សិតផ្សេងៗ។ ប៉ុន្តែអ្នកដែលមានជំងឺថ្លើម គួរតែជៀសចេញឲ្យឆ្ងាយ ព្រោះសមាសធាតុមួយចំនួនរបស់ខ្ទឹមស អាចធ្វើឲ្យថ្លើមខូចខាតកាន់តែធ្ងន់ធ្ងរ សូម្បីតែក្រពះក៏ពិបាករំលាយអាហារ និងបញ្ចេញជាតិអាស៊ីតផងដែរ។

៣.ស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះអាចប្រើប្រាស់ខ្ទឹមសបន្ថែមនៅក្នុងអាហារដូចធម្មតាបាន។ ក៏ប៉ុន្តែវាមិនធានាសុវត្ថិភាពចំពោះការប្រើប្រាស់ដើម្បីធ្វើជាឱសថព្យាបាលជំងឺក្នុងអំឡុងពេលមានផ្ទៃពោះ ឬបំបៅដោះកូនឡើយ។ ព្រោះមិនទាន់មានការស្រាវជ្រាវណាមួយដែលអះអាងពីសុវត្ថិភាពរបស់ ខ្ទឹមស នៅឡើទេ។

៤.អ្នកមានសម្ពាធឈាមទាប
អ្នកត្រូវចាំដឹងថា សារធាតុ Allicin នៅក្នុងខ្ទឹមស អាចកាត់បន្ថយកោសិកាឈាមក្រហម និងអេម៉ូក្លូប៊ីន។ ប្រសិនបើអ្នកមានសម្ពាធឈាមទាប ទទួលទានកាន់តែច្រើន នោះពួកគេនឹងមានបញ្ហាខ្វះឈាមកាន់តែធ្ងន់ធ្ងរ។ ហេតុនេះ អ្នកដែលកំពុងតែមានបញ្ហាសម្ពាធឈាមទាប គួរតែជៀសឲ្យឆ្ងាយពីខ្ទឹមស៕

ប្រភព៖ soha

មតិយោបល់