យើងទាំងអស់គ្នាដឹងហើយថា ទឹកពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ទ្រងទ្រង់រាងកាយ បើគ្មានទឹកសរីរាង្គទាំងអស់មិនអាចដំណើរការបានដែរ។ សូម្បីតែគ្រូពេទ្យក៏បានណែនាំដែលថា ការទទួលទានទឹកយ៉ាងហោចណាស់ពី ៨ទៅ ១០កែវ ក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយភាពអស់កម្លាំង និងជំងឺធ្លាក់ទឹកចិត្ត។
ទឹកជាអ្នកធ្វើសកម្មភាពសំខាន់ៗជាច្រើននៅក្នុងរាងកាយ រួមមាន បម្លែងសារធាតុចិញ្ចឹមសំខាន់ៗពីអាហារ រក្សាសីតុណ្ហភាពរាងកាយ កម្ចាត់កាកសំណល់ពុល ដឹកជញ្ជូនសារធាតុចិញ្ចឹម និងស្រូបយកជាតិខ្លាញ់ពីរាងកាយ។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏អស្ចារ្យមួយចំនួនទៀតដែលបានមកពីការទទួលទានទឹកចាប់ពី ៨ទៅ ១០កែវក្នុងមួយថ្ងៃ៖
១.គាំទ្រមុខងារខួរក្បាល
ការសិក្សាជាច្រើនបានបង្ហាញថា ការខ្សោះជាតិទឹកអាចកាត់បន្ថយមុខងារខួរក្បាល បង្កឲ្យមានអាការឈឺក្បាល ការចង់ចាំចុះខ្សោយ និងអសកម្មភាព។ ប៉ុន្តែប្រសិនបើអ្នកបំពេញជាតិទឹកបានគ្រប់គ្រាន់វិញនោះ បញ្ហាទាំងអស់នេះមិនកើតឡើងឡើយ ហើយខួរក្បាលនឹងមានសុខភាពល្អ។
២.កាត់បន្ថយជំងឺឈឺក្បាលប្រកាំង
ការខ្វះជាតិទឹក អាចបណ្តោលឲ្យមានបញ្ហាឈឺក្បាលប្រកាំង។ ផ្ទុយទៅវិញប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់ វាអាចជួយបំបាត់អាការឈឺក្បាល និងបញ្ហាវិលមុខ។ ជាពិសេស នៅពេលកើតមានអាការឈឺក្បាល ការទទួលទានទឹកមួយកែវ អាចជួយបំបាត់ការឈឺចាប់បាន។
៣.ប្រឆាំងនឹងភាពអស់កម្លាំងដោយសារតែការសេពគ្រឿងស្រវឹង
ការសេពគ្រឿងស្រវឹងច្រើនពេក អាចបណ្តោលឲ្យរាងកាយឆាប់អស់កម្លាំង ហើយបាត់បង់ជាតិទឹកកាន់តែច្រើន។ ប៉ុន្តែការទទួលទានទឹក ក្នុងពេលសេពគ្រឿងស្រវឹង ឬបន្ទាប់ពីសេពគ្រឿងស្រវឹង អាចកាត់បន្ថយភាពអស់កម្លាំង និងការពារមិនឲ្យស្រវឹងខ្លាំង។
៤.ជួយសម្រកទម្ងន់
តើអ្នកជឿទេថា ការទទួលទានទឹកច្រើនអាចជួយសម្រកទម្ងន់? ជាការពិតណាស់ ដោយសារតែទឹកអាចជួយបង្កើតអត្រារំលាយអាហារក្នុងរាងកាយ និងធ្វើឲ្យអ្នកមានអារម្មណ៍ថា ឆ្អែតបានយូរ។ ការទទួលទានទឹកមុនពេលញ៉ាំអាហារ ៣០នាទី នឹងជួយឲ្យអ្នកសម្រក់ទម្ងន់កាន់តែមានប្រសិទ្ធភាព។
៥.ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ
ស្ត្រីមានផ្ទៃពោះត្រូវការសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ហើយទឹកក៏ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍន៍ទារកផងដែរ។ ការឆ្លងមេរោគប្លោកនោម និងការទល់លាមកជារោគសញ្ញាទូទៅសម្រាប់ស្ត្រីមានផ្ទៃពោះ តែសំណាងល្អជំងឺនេះអាចការពារបានប្រសិនបើស្ត្រីទទួលទានទឹកបានច្រើន។
៦.ការពារក្រួសក្នុងតម្រងនោម
ការទទួលទានទឹក មិនបានគ្រប់គ្រាន់ គឺជាហេតុផលមួយ ដែលបណ្តោលឲ្យកើតមានក្រួសក្នុងតម្រងនោម។ ប៉ុន្តែប្រសិនបើអ្នកទទួលទានទឹក១០កែវ ក្នុងមួយថ្ងៃ វាអាចជួយបង្ហូរអំបិល និងសារធាតុរ៉ែ ដែលបង្កជាក្រួសចេញពីតម្រងនោម ហើយសូម្បីតែជាតិពុលក៏អាចបណ្តេញចេញអស់ពីរាងកាយដែរ។
៧.រក្សាសីតុណ្ហភាពរាងកាយ
នៅក្នុងរាងកាយរបស់យើង មានជាតិទឹក៦០ភាគរយ ដើម្បីទទួលខុសត្រូវចំពោះសីតុណ្ហភាពរាងកាយ។ ជាពិសេសនៅរដូវក្តៅ រាងកាយរបស់យើងនឹងឡើងកម្តៅដែរ ដូច្នេះដើម្បីគ្រប់គ្រងសីតុណ្ហភាពរាងកាយអ្នកត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់។
៨.បង្កើនការរំលាយអាហារ
ការទទួលទានទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ នឹងជួយផ្តល់អុកស៊ីសែន ព្រមទាំងសារធាតុចិញ្ចឹមដែលត្រូវការសម្រាប់គ្រប់ផ្នែកទាំងអស់នៃរាងកាយ។ មិនតែប៉ុណ្ណោះ វាក៏អាចជួយកម្ចាត់កោសិកាស្បែកចាស់ៗ និងជាតិពុលចេញពីរាងកាយផងដែរ។ ចូរទទួលទានទឹកឲ្យបានច្រើន ដើម្បីធានាការរំលាយអាហាររបស់អ្នកឲ្យកាន់តែប្រសើរឡើង។
៩.គាំទ្រដល់ការព្យាបាលជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
ទឹក ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយការពារជំងឺរលាកសន្លាក់រ៉ាំរ៉ៃ។ សន្លាក់នៅក្នុងខ្លួនរបស់មនុស្ស តែងតែមានការកកិតជានិច្ច នេះជាហេតុដែលនាំឲ្យមានការរលាកកើតឡើង។ ដូច្នេះដើម្បីរក្សាសន្លាក់ឲ្យមានសុខភាពល្អ និងបន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ សូមទទួលទានទឹកឲ្យបានច្រើន៕
ដកស្រង់ពី៖ soha
មតិយោបល់