ព័ត៌មានសុខភាព

អស្ចារ្យយ៉ាងនេះ! ផ្លែល្ហុងអាចការពារជំងឺច្រើនមុខ

ល្ហុង ត្រូវបានគេចាត់ទុកជាកំពូលផ្លែឈើ ដែលសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែសំខាន់ៗបំផុតសម្រាប់រាងកាយ។ មិនត្រឹមតែសារធាតុចិញ្ចឹមដែលរាងកាយត្រូវការជាប្រចាំថ្ងៃនោះទេ ល្ហុងក៏ត្រូវបានគេប្រើសម្រាប់ថែរក្សាស្បែកឲ្យមានសម្រស់ស្រស់ស្អាតផងដែរ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យដែលបានមកពីរុក្ខជាតិល្ហុង៖

ប្រឆាំងនឹងការរលាក
សារធាតុចិញ្ចឹម choline ដែលត្រូវបានគេរកឃើញនៅក្នុងផ្លែល្ហុង គឺមានសារ:សំខាន់ខ្លាំងណាស់ក្នុងការជួយឲ្យអ្នកគេងលក់ស្រួល និងមានការចង់ចាំបានល្អ។ មិនតែប៉ុណ្ណោះ សារធាតុ choline ក៏អាចរក្សាសរសៃប្រសាទឲ្យមានសុខភាពល្អ កាត់បន្ថយការស្រូបយកជាតិខ្លាញ់ និងបញ្ហារលាករ៉ាំរ៉ៃ។

ប្រឆាំងនឹងជំងឺមហារីក
អ្នកស្រាវជ្រាវបានរកឃើញថា ល្ហុង មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីកសុដន់ លំពែង និងមហារីកដទៃទៀត។ ការសិក្សានៅសាកលវិទ្យាល័យ ផ្លរីដា បានរកឃើញថា ស្លឹកល្ហុងអាចជួយកាត់បន្ថយការលូតលាស់នៃដុំសាច់មហារីកយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះ ស្លឹកល្ហុង ត្រូវបានគេចាត់ឱសថដ៏ល្អ ក្នុងការព្យាបាលជំងឺច្រើនមុខ។

នៅក្នុងផ្លែល្ហុង មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗដូចជា ហ្វូលិក វីតាមីនC បេតាការ៉ូទីន និងវីតាមីនE ដែលគេទទួលស្គាល់ថា មានប្រយោជន៍សំខាន់បំផុតក្នុងការការពារជំងឺមហារីក។ ជាតិសរសៃនៅក្នុងផ្លែល្ហុង អាចជួយលុបបំបាត់ជាតិពុលដែលអាចបង្កឲ្យមានជំងឺមហារីក នៅក្នុងពោះវៀនធំ និងការពារពោះវៀនឲ្យមានសុខភាពល្អ។

ការពារបញ្ហាកកឈាម
ដូចដែលបានរៀបរាប់ខាងលើផ្លែល្ហុង គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹម រួមទាំងវីតាមីនA, C និងE ផងដែរ។ សារធាតុចិញ្ចឹមទាំងនេះ ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារជំងឺសរសៃឈាម បេះដូង និងទឹកនោមផ្អែម។ ជាពិសេសវត្តមាននៃសារធាតុ carotenoids អាចប្រឆាំងអុកស៊ីតកម្ម ការពារកូឡេស្តេរ៉ុលនៅក្នុងសរសៃឈាមមិនឲ្យអ្នកកើតជំងឺគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលឡើយ។

ការពារជំងឺរលាកសន្លាក់រ៉ាំរ៉ៃ
អង់ស៊ីមមួយក្នុងចំណោមអង់ស៊ីមដែលត្រូវបានរកឃើញនៅក្នុងផ្លែល្ហុង គេហៅថាchymopapain មានឥទ្ធិពលប្រឆាំងនឹងជំងឺរលាកសន្លាក់រ៉ាំរ៉ៃយ៉ាងពូកែ។

ជួយសម្រកទម្ងន់
ផ្លែល្ហុងអាចជួយឲ្យអ្នកមានអារម្មណ៍ឆ្អែត ជួយកាត់បន្ថយចំណង់អាហារ និងមានកាឡូរីនៅក្នុងរាងកាយឡើយ(ល្ហុងទម្ងន់ ១០០ក្រាម មានកាឡូរីត្រឹមតែ៣២កាឡូរីប៉ុណ្ណោះ)។

ដូច្នេះការញ៉ាំផ្លែល្ហុង អាចជួយឲ្យអ្នកទទួលបានថាមពលគ្រប់គ្រាន់ពេញមួយថ្ងៃ ដោយមិនទទួលជាតិខ្លាញ់លើសដូចអាហារដទៃទៀតឡើយ។ ការបរិភោគល្ហុងទុំនៅពេលរលៀស គឺជាពេលវេលាសម្រាកទម្ងន់ដ៏ល្អបំផុត។

ថែរក្សាស្បែក និងសក់
វីតាមីន A នៅក្នុងផ្លែល្ហុង គឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏ល្អសម្រាប់សក់ និងការពារមិនឲ្យជ្រុះសក់។ មិនតែប៉ុណ្ណោះ វីតាមីនA ក៏ល្អសម្រាប់ផលិតជាលិកាសាច់ដុំ និងជំរុញឲ្យស្បែកមានសុខភាពល្អផងដែរ។ ចំណែកឯវីតាមីន C ត្រូវបានគេរកឃើញនៅក្នុងផ្លែល្ហុង អាចជួយបង្កើតស្រទាប់ ខូឡាជែន ដែលធ្វើឲ្យស្បែកមានភាពរលាងស្អាត៕

ប្រភព៖ soha

មតិយោបល់