ព័ត៌មានសុខភាព

ទឹកមានប្រយោជន៍ តែបើផឹកមិនត្រូវពេលក៏អាចគ្រោះថ្នាក់ដល់សុខភាពដែរ

អ្នកជំនាញបានណែនាំថា ការទទួលទានទឹក ៨កែវ ឬ២លីត្រក្នុងមួយថ្ងៃ ទើបអាចបំពេញតម្រូវការរាងកាយបានគ្រប់គ្រាន់។ តែទោះជាយ៉ាងណា ការផឹកទឹកច្រើនពេកអាចបង្កហានិភ័យដល់សុខភាពទៅវិញ ជាពិសេសប្រសិនបើអ្នកស្ថិតនៅក្នុងស្ថានភាព ៤ចំណុចនេះ កុំទាន់ផឹកទឹកឲ្យសោះ។

ផឹកទឹកពេលហាត់ប្រាណ
បើយោងតាមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ការផឹកទឹកច្រើនពេកក្នុងអំឡុងពេលធ្វើលំហាត់ប្រាណ អាចបណ្តោលឲ្យមានប្រតិកម្មអវិជ្ជមាន ព្រោះពេលធ្វើលំហាត់ប្រាណភាពតានតឹង និងសីតុណ្ហភាពនៃរាងកាយកំពុងតែកើនឡើង ដែលធ្វើឲ្យយើងមានអារម្មណ៍ក្តៅ។ ហេតុនេះ ប្រសិនបើអ្នកផឹកទឹកច្រើនពេក អាចបណ្តោលឲ្យបាត់បង់សារធាតុអេឡិចត្រូលីត្រ ហើយធ្វើឲ្យអ្នកឈឺក្បាល ចង្អោរ ព្រមទាំងវិលមុខ។

ផឹកទឹកមុនពេលចូលគេង
ការផឹកទឹក មុនពេលចូលគេងអាចបណ្តោលឲ្យអ្នកគេងមិនសូវបានគ្រប់គ្រាន់ ដោយសារតែឧស្សាហ៍ក្រោកនោម។ មិនតែប៉ុណ្ណោះ អ្នកត្រូវដឹងថា នៅពេលយប់តម្រងនោមធ្វើការយឺតជាងពេលថ្ងៃ ដែលជាមូលហេតុធ្វើឲ្យមនុស្សមួយចំនួនហើមមុខ និងដៃនៅពេលព្រឹក។

បន្ទាប់ពីញ៉ាំអាហារហិរ
មនុស្សភាគច្រើនតែងតែមានទម្លាប់ផឹកទឹក ក្រោយពេលញ៉ាំអាហារហិរ ហើយប្រសិនបើអាហារហិរកាន់តែខ្លាំង ពួកគេត្រូវការផឹកទឹកកាន់តែច្រើនឡើង។ តាមពិតទៅ ការផឹកទឹកក្រោយពេលទទួលទានអាហារហិរ មិនអាចកាត់បន្ថយភាពហិរបាននោះទេ ព្រោះម្ទេសមានម៉ូលេគុល capsaicin ជាសារធាតុក្តៅ មិនអាចរលាយដោយការប្រើទឹក ដូចអ្វីដែលរាល់គ្នាគិតឡើយ។ លើសពីនេះ ការផឹកទឹកនឹងធ្វើឲ្យសារធាតុក្តៅ រីករាលដាល់កាន់តែខ្លាំងនៅក្នុងមាត់ និងបំពង់អាហារ ហើយវានឹងធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ទៅៗ។

ផឹកទឹកអំឡុងពេលញ៉ាំអាហារ ឬញ៉ាំអាហាររួចភ្លាម
នៅពេលញ៉ាំអាហារ មាត់របស់យើងចាប់ផ្តើមធ្វើការផលិតទឹកមាត់ ជាមួយនឹងអង់ស៊ីមចាំបាច់សម្រាប់រំលាយ។ តែប្រសិនបើអ្នកទទួលទានទឹក ស្របពេលជាមួយគ្នានេះ ការបញ្ចេញទឹកមាត់ និងអង់ស៊ីមត្រូវបានកាត់បន្ថយ ដែលធ្វើឲ្យអាហាររំលាយមិនបានល្អ និងមានផ្ទុកធ្ងន់ទៅលើថ្លើម។ ជាពិសេស ប្រសិនបើអ្នកផឹកទឹកត្រជាក់ ឬគ្រឿងស្រវឹង វានឹងបណ្តោលឲ្យស្ថានភាពកើតឡើងកាន់តែអាក្រក់៕

ដកស្រង់ពី៖ soha

មតិយោបល់