ព័ត៌មានសុខភាព

ហេតុផល៧យ៉ាង ដែលអ្នកគួរទទួលទានអម្ពិលរាល់ថ្ងៃ

បរទេសៈ អម្ពិល គឺជាផ្លែឈើធម្មជាតិម្យ៉ាងដែលគេប្រើដើម្បីផ្សំនៅក្នុងអាហារ ឬធ្វើជាម្ជូរសម្រាប់ញ៉ាំលេង។ ប៉ុន្តែអ្វីដែលយើងមិននឹកស្មានដល់ អម្ពិលគឺជាប្រភពនៃជាតិសរសៃ, សារធាតុរ៉ែ និងវីតាមីន ដែលរាងកាយត្រូវការចាំបាច់ជារៀងរាល់ថ្ងៃ។ លើសពីនេះទៅទៀត វាត្រូវបានគេប្រើធ្វើជាឱសថសម្រាប់ព្យាបាលជំងឺឈឺក, រលាក, ក្អក, គ្រុន… ព្រមទាំងជំងឺមួយចំនួនទៀតដូចខាងក្រោម៖

១. ជំនួយដល់ការរំលាយអាហារ
សាច់អម្ពិលសម្បូរទៅដោយជាតិសរសៃជួយការពារការទល់លាមក និងបង្កើនសកម្មភាពពោះវៀន។ មិនតែប៉ុណ្ណោះ វាមានឥទ្ធិពលក្នុងការបណ្តេញដង្ហូវ ឬព្រូន នៅក្នុងពោះវៀនកុមារ។

២. បង្ការជំងឺមហារីកពោះវៀនធំ
ទឹកអាស៊ីត Tartaric របស់អម្ពិល គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម មានឥទ្ធិពលការពាររាងកាយពីរ៉ាឌីកាល់សេរី ដែលបង្កឲ្យកើតជំងឺមហារីក។ ជាពិសេសជាតិសរសៃដែលជ្រាបចូលទៅក្នុងភ្នាសពោះវៀនអាចការពារជំងឺមហារីកបាន។

៣. គ្រប់គ្រងសម្ពាធឈាម
សារធាតុប៉ូតាស្យូមនៅក្នុងអម្ពិល ជួយគ្រប់គ្រងសម្ពាធឈាម, ចង្វាក់បេះដូង, រក្សាតុល្យភាពជាតិទឹកនៅក្នុងរាងកាយ។ ចំណែកឯជាតិដែក ក៏ដើរតួនាទីសំខាន់ក្នុងការសម្រាលកូន និងការអភិវឌ្ឍនៃកោសិកាឈាមក្រហម។

៤. រក្សាតុល្យភាពកូឡេស្តេរ៉ុលនៅក្នុងឈាម
ដោយសារតែសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងជាតិសរសៃ ធ្វើឲ្យអម្ពិលមានប្រសិទ្ធិភាពខ្លាំងបំផុត ក្នុងការកាត់បន្ថយកូឡេស្តេរ៉ុលក្នុងឈាម, ការពារមិនឲ្យកើតជំងឺបេះដូង។

៥. កែលម្អសុខភាពភ្នែក
អំពិលសម្បូរវីតាមីន A មានសារៈសំខាន់បំផុតសម្រាប់ភ្នែក, កាត់បន្ថយការចុះខ្សោយនៃភ្នែកដោយសារតែភាពចាស់។ ជាពិសេសប្រសិនបើអ្នកបានទទួលទទានទឹកអម្ពិល អាចព្យាបាលភ្នែកស្ងួត និងការពារការហើមភ្នែក។

៦. បង្ការការឆ្លងមេរោគ
ការទទួលទានអម្ពិលជារបបអាហាររាល់ថ្ងៃ មិនត្រឹមតែជួយឲ្យរាងកាយធន់នឹងជំងឺគ្រុនផ្កាសាយប៉ុណ្ណោះទេ ថែមទាំងផ្តល់មកនូវវីតាមីន និងសារធាតុរ៉ែចាំបាច់ជាច្រើន។
ប្រសិនបើអ្នកទទួលទានអម្ពិលចំនួន ១០០ក្រាម នឹងទទួលបានជាតិដែក ៣៥%, ម៉ាញ៉េស្យូម ២៣%, ផូស្វ័រ ១៣% ។ នៅមានសារធាតុផ្សេងៗដូចជា កាល់ស្យូម, វីតាមីន C និងទង់ដែងក៏អ្នកអាចទទួលបានដែរ។

៧. ជំនួយដល់សុខភាពស្បែក
អត្ថប្រយោជន៍ចុងក្រោយនៃផ្លែអម្ពិល គឺកាត់បន្ថយស្នាមជ្រួញនៅលើស្បែក, ព្យាបាលការរលាក, ពន្លឿនដល់ការលូតលាសកោសិកាស្បែកថ្មី បន្ទាប់ពីមានបញ្ហាស្បែក។ អ្វីដែលអស្ចារ្យនោះ គឺវាអាចប្រឆាំងនឹងរ៉ាឌីកាល់សេរី ដែលបង្កឲ្យកើតមានភាពចាស់៕

មតិយោបល់