បញ្ហាក្លិនក្លៀកកើតឡើងម្តងម្កាល ដោយសារតែការបែកញើសច្រើន ត្រូវបានគេចាត់ទុកជារឿងធម្មតា។ ក៏ប៉ុន្តែ ប្រសិនបើខ្លួនរបស់អ្នកធំក្លិនរាល់ថ្ងៃ ទោះបីជាមិនបែកញើសច្រើនក៏ធំដែរ នោះ បញ្ជាក់ថា អ្នកកំពុងតែកើតមានបញ្ហាធំក្លិនខ្លួនខ្លាំង។
ជាទូទៅបញ្ហាក្លិនក្លៀកកើតឡើង ដោយសារតែការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន គ្រឿងស្រវឹង បញ្ហាខ្វះជាតិទឹក ទម្លាប់ស្លៀកពាក់តឹងពេក ភាពតានតឹង និងការទទួលទានរបបអាហារមិនល្អ ការប្រែប្រួលអ័រម៉ូន នៅពេលពេញវ័យជាដើម។
ទោះជាយ៉ាងណា ដើម្បីដោះស្រាយបញ្ហាក្លិនក្លៀក ក្រៅពីអនាម័យខ្លួនប្រាណឲ្យបានត្រឹមត្រូវ អ្នកអាចប្រើប្រាវិធីសាស្ត្រ ៣យ៉ាងនេះ។
ម្សៅសូដា
ម្សៅសូដា មានសមត្ថភាពបំផុត ក្នុងការកាត់បន្ថយក្លិនក្លៀក ព្រោះវាអាចស្រូបយកជាតិសំណើមពីផ្ទៃស្បែក សម្លាប់បាក់តេរី ហើយកែប្រែក្លិនឲ្យត្រលប់មកធម្មតាវិញ។
១.អ្នកត្រូវលាយម្សៅសូដា ១ស្លាបព្រាកាហ្វេ ជាមួយនឹងទឹកក្រូចឆ្មារ កន្លះស្លាបព្រាកាហ្វេ។
២.បន្ទាប់មកអនុវត្ត នៅលើក្លៀករបស់អ្នក ៣នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។
៣.ក្នុងមួយសប្តាហ៍អ្នកត្រូវអនុវត្តឲ្យបាន ៣ដង។
ប៉េងប៉ោះ
ជាតិអាស៊ីត នៅក្នុងផ្លែប៉េងប៉ោះ អាចសម្លាប់បាក់តេរី ដែលបណ្តោលឲ្យមានក្លិនមិនល្អ ហើយក៏អាចបង្រួមរន្ធញើសផងដែរ។
១.យកប៉េងប៉ោះទុំមួយផ្លែ កិន ហើយពូតយកទឹក។
២.ចាប់ផ្តើមលាបនៅលើក្លៀករបស់អ្នកឲ្យសព្វ។
៣.ទុករយៈពេល ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។
៤.ដើម្បី ទទួលបានប្រសិទ្ធភាព សូមអនុវត្តរូបមន្តមួយនេះ ២ដងក្នុងមួយសប្តាហ៍។
ក្រូចឆ្មារ
ក្រូចឆ្មារ ត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត ក្នុងការដោះស្រាយបញ្ហាក្លិនក្លៀក និងធ្វើឲ្យក្លៀកសស្អាតផងដែរ។
១.ពុះក្រូចឆ្មារជាពីរ ហើយជូតសម្អាតលើក្លៀករបស់អ្នកឲ្យជោគល្អ។
២.ទុកឲ្យស្ងួត ទើបលាងសម្អាតចេញជាមួយនឹងទឹកធម្មតា។
៣.សូមអនុវត្តរូបមន្តមួយនេះ ជារៀងរាល់ថ្ងៃរហូតទាល់តែក្លិនបាត់ទៅទាំងស្រុង។
ប្រសិនបើអ្នកមានបញ្ហាស្បែកប្រតិកម្ម កុំប្រើប្រាស់ក្រូចឆ្មារឲ្យសោះ ព្រោះវាអាចធ្វើឲ្យបញ្ហាកន្ទួលរមាស់ ឬរោលក្រហមកើតឡើងភ្លាមៗ៕
ដកស្រង់ពី៖ boldsky
មតិយោបល់