ព័ត៌មានសុខភាព

ឃើញហានិភ័យទាំងអស់នេះ អ្នកធាត់ច្បាស់ជាលែងហ៊ានលេបថ្នាំសម្រកទម្ងន់ទៀតហើយ

ដោយសារតែ មនុស្សបច្ចុប្បន្ននេះ ជួបនឹងបញ្ហាឡើងទម្ងន់កើនឡើងច្រើនពីមួយថ្ងៃទៅមួយថ្ងៃឥឈប់ឈរ ទើបមានការផលិតថ្នាំសម្រកទម្ងន់លេចឡើង ដើម្បីតម្រូវតាមទីផ្សារ។ ក៏ប៉ុន្តែ ថ្នាំសម្រកទម្ងន់ដែលមានលក់នៅលើបណ្តោញសង្គម ស្ទើរតែទាំងអស់ គ្មានច្បាប់អនុញ្ញាត ឬចុះក្នុងបញ្ជីត្រឹមត្រូវនោះទេ ហើយថ្នាំទាំងនោះក៏មិនប្រាដកថា អាចមានប្រសិទ្ធភាពដូចការឃោសនាដែរ។ បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា អ្នកគួរតែប្រុងប្រយ័ត្ន ចំពោះការប្រើប្រាស់ថ្នាំសម្រកទម្ងន់ ព្រោះវាអាចបង្កឲ្យបានផលប៉ះពាល់មួយចំនួន។

១.ហានិភ័យនៃជំងឺបេះដូង
ថ្នាំសម្រកទម្ងន់ភាគច្រើន អាចធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការលឿន និងចង្វាក់បេះដូងមានការប្រែប្រួល។ នៅពេលដែលអត្រានៃចង្វាក់បេះដូងលោតខុសធម្មតា យូរទៅៗវានឹងបង្កទៅជាជំងឺគាំងបេះដូង ឬជំងឺសរសៃឈាមបេះដូង ជាមិនខាន។

២.ហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល
អ្នកជំនាញនៅសហរដ្ឋអាមេរិក បាននិយាយថា សារធាតុជាច្រើននៅក្នុងថ្នាំសម្រកទម្ងន់ គឺជាកត្តាជំរុញឲ្យបេះដូងបូមឈាមលឿន ដែលបង្កឲ្យមានគ្រោះថ្នាក់។ ក្នុងលក្ខខណ្ឌបែបនេះ អ្នកអាចកើតមានបញ្ហាលើសឈាម ឬជំងឺដាច់សរសៃឈាមខួរក្បាល។

៣.ខូចថ្លើម
ថ្លើម ជាសរីរាង្គដ៏សំខាន់បំផុតក្នុងការ កម្ចាត់ជាតិពុលចេញចំណីអាហារផ្សេងៗដែលយើងទទួលទានរាល់ថ្ងៃ ក៏ប៉ុន្តែប្រសិនបើយើងផ្តល់ជាតិពុលឲ្យថ្លើមច្រើនពេក វាក៏ងាយនឹងខូចដែរ។ ការសិក្សាមួយនៅក្នុងទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិកបានរកឃើញថា ថ្នាំសម្រកទម្ងន់ អាចបង្កឲ្យរលាកថ្លើមធ្ងន់ធ្ងរ និងខូចថ្លើម ដោយសារតែការប្រមូផ្តុំអង់ស៊ីមពុលច្រើនពេក។

៤.ប្រតិកម្មអាឡែស៊ី
ការសិក្សានៅក្នុងឆ្នាំ ២០១១ បានរកឃើញថា ថ្នាំសម្រកទម្ងន់ដែលគេហៅកាត់ថា (DNP) ត្រូវបានហាមឃាត់នៅសហរដ្ឋអាមេរិក និងអឺរ៉ុប ប៉ុន្តែវាលេចឡើងនៅលើអនឡាញដដែល។
អ្នកវិទ្យាសាស្ត្របាននិយាយថា ផលិតផលសម្រកទម្ងន់មួយនេះ អាចបណ្តោលឲ្យមានហានិភ័យសុខភាពសរសៃឈាមបេះដូង និងការរំលាយអាហារ ក្នុងរាងកាយ។ លើសពីនេះ ប្រសិនបើអ្នកប្រើថ្នាំ DNP ជ្រុល វាអាចបង្កទៅជាជំងឺរលាកស្បែក ឬប្រតិកម្មអាឡែស៊ី។

៥.ប៉ះពាល់ដល់ភ្នែក
ការសិក្សាស្រដៀងគ្នាមួយបានរកឃើញភស្តុតាងដែរថា ថ្នាំ DNP អាចបណ្តោលឲ្យមានជំងឺភ្នែកឡើងបាយ និងបញ្ហាភ្នែកមើលមិនឃើញ។
ជំងឺភ្នែកឡើងបាយ បានកើតមានយ៉ាងឆាប់រហ័ស បន្ទាប់ពីប្រើប្រាស់ថ្នាំ DNP ដោយសារតែការផ្លាស់ប្តូរកោសិកាឈាម និងអាចបណ្តោលឲ្យបាត់បង់ការមើលឃើញជារៀងរហូត។

ដូច្នេះ ដើម្បីធានាសុវត្ថិភាពចំពោះសុខភាព អ្នកគួរតែប្រើវិធីសម្រកទម្ងន់តាមបែបធម្មជាតិិវិញ ដូចជាធ្វើលំហាត់ប្រាណ និងកំណត់ការទទួលទានរបបអាហារឲ្យបានត្រឹមត្រូវ៕

មតិយោបល់