ព័ត៌មានសុខភាព

ស្គាល់ច្បាស់ដូចបាតដៃ តែមិនដឹងថាវាផ្តល់ប្រយោជន៍ដល់ម្លឹងសោះ!

អ្នកណាក៏ស្គាល់ផ្លែត្រសក់ច្បាស់ដែរ ហើយធ្លាប់ទទួលទានរាប់ភ្លេចថែមទៀត ក៏ប៉ុន្តែមានមនុស្សជាច្រើន ប្រហែលជាមិនទាន់ស្គាល់អំពីអត្ថប្រយោជន៍ដ៏ច្រើនលើសលប់របស់វានោះទេ។ ត្រសក់ គឺជាផ្លែឈើដែលល្អបំផុត នារដូវក្តៅ ព្រោះវាអាចជួយរក្សារាងកាយឲ្យត្រជាក់ ក្រៅពីនេះ ការទទួលទានត្រសក់ ជាទៀងទាត់ អាចទទួលបានអត្ថប្រយោជន៍សំខាន់ៗរាប់ភ្លេច។

១.ផ្គត់ផ្គង់ជាតិទឹក និងវីតាមីន
ត្រសក់ មានផ្ទុកជាតិទឹករហូតដល់ ៩៥ភាគរយ ដែលជាប្រភពដ៏ល្អក្នុងការផ្តល់សំណើម និងជួយបន្សាបជាតិពុលចេញពីរាងកាយ។ ម្យ៉ាងវិញទៀត វីតាមីន C នៅក្នុងត្រសក់ អាចផ្តល់តាមតម្រូវការរបស់ស្បែកបានគ្រប់គ្រាន់ ប្រសិនបើអ្នកអនុវត្តត្រសក់នៅលើស្បែករាល់ថ្ងៃ។

២.បន្សាបជាតិពុល
ការទទួលទានត្រសក់ស្រស់ ឬក៏ទឹកត្រសក់ ទៀងទាត់ វានឹងជួយរំញោចសរីរាង្គក្នុងការសម្អាត ព្រមទាំងកម្ចាត់ជាតិពុលចេញពីរាងកាយ យ៉ាងមានប្រសិទ្ធភាព។

៣.ផ្គត់ផ្គង់ដល់សរសៃឈាមបេះដូង
ត្រសក់ មានជាតិប៉ូតាស្យូមខ្ពស់ ដែលអាចជួយកាត់បន្ថយសម្ពាធឈាមបាន។ ការស្រាវជ្រាវបានបង្ហាញថា សារធាតុប៉ូតាស្យូម នេះអាចជួយការពារជំងឺដាច់សរសៃឈាមខួរក្បាល និងកាត់បន្ថយជំងឺសរសៃឈាមបេះដូង។

៤.ជួយកែលម្អសុខភាពភ្នែក
ការយកត្រសក់បិតនៅលើត្របកភ្នែក អាចជួយកាត់បន្ថយអាការហើយមភ្នែក ហើយសារធាតុចិញ្ចឹមរបស់វា ក៏អាចជួយឲ្យភ្នែកកាន់តែភ្លឺច្បាស់ផងដែរ។

៥.ការពារជំងឺមហារីក
ត្រសក់ មានផ្ទុកមីក្រូសារធាតុដែលអ្នកវិទ្យាសាស្ត្រ រកឃើញថា អាចជួយការពារជំងឺមហារីកសុដន់ មហារីកអូវែ មហារីកស្បូន និងមហារីកក្រពេញប្រូស្តាត។

៦.ជួយសម្រកទម្ងន់
អ្នកដែលចង់សម្រកទម្ងន់ តាមរយៈរបបអាហារ កុំភ្លេចទទួលទានត្រសក់ជារៀងរាល់ថ្ងៃ ព្រោះវាមានផ្ទុកជាតិទឹកច្រើន និងកាឡូរីតិចបំផុត។
ទឹកត្រសក់ ប្រហែលជា ៣ពែង មានកាឡូរីប្រហែលជា ១៣កាឡូរី ប៉ុន្តែមានជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មច្រើន ដែលអាចជួយជំរុញដល់បំពង់រំលាយអាហារឲ្យមានភាពប្រសើរឡើង និងជួយសម្រកទម្ងន់ថែមទៀត។

៧.ការពារបញ្ហាទល់លាមក
ការញ៉ាំត្រសក់ទៀងទាត់ អាចជួយផ្តល់នូវជាតិសរសៃច្រើន ដើម្បីជួយជំរុញដល់ចលនាពោះវៀន។ ជាពិសេស សារធាតុ Pectin គឺជាប្រភេទនៃជាតិសរសៃរលាយ ដែលត្រូវបានគេរកឃើញនៅក្នុងត្រសក់ អាចជួយបង្កើនដល់ចលនាពោះវៀនធំ។ លទ្ធផល វាអាចជួយបង្កើនចលានរបស់ពោះវៀន ខណៈពង្រឹងបាក់តេរីមានប្រយោជន៍ និងបង្កើនការរំលាយអាហារ។

៨.សម្អាតខ្យល់ដង្ហើម
ដង្ហើមខ្យល់ មិនល្អ អាចបណ្តោលមកពីបាក់តេរីនៅក្នុងមាត់ ប៉ុន្តែត្រសក់អាចជួយបង្កើនការបញ្ចេញទឹកមាត់ អាចជួយលាងសម្អាតបាក់តេរី ដែលបង្កឲ្យមានក្លិនអាក្រក់។ អ្នកត្រូវទំពារត្រសក់រយៈពេល ១៥ ទៅ ២០នាទី ដើម្បីជួយឲ្យអញ្ចាញស្អាត និងកាត់បន្ថយវត្តមាននៃសារធាតុបង្កជំងឺ។

៩.ល្អសម្រាប់សន្លាក់
ត្រសក់ មានផ្ទុកសារធាតុ silicium ដែលអាចជួយពង្រឹងដល់ជាលិកាសន្លាក់ ឲ្យមានសុខភាពល្អ និងកាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់ផងដែរ។

១០.កូលេស្តេរ៉ុលទាប
វត្តមានជាតិទឹកនៅក្នុងត្រសក់ អាចរារាំងដល់អុកស៊ីតកម្មនៃសរសៃឈាមអាក់ទែ និងកាត់បន្ថយការកកស្ទះ ដោយសារតែកូលេស្តេរ៉ុល។

១១.ជួយបន្សាបជាតិស្រវឹង
នៅពេលដែលស្រវឹង អ្នកច្បាស់ជាមានអាការឈឺក្បាល និងចេះតែមានអារម្មណ៍ធីងធោង នៅពេលព្រឹកឡើង។ ប៉ុន្តែ ការទទួលទានត្រសក់ក្នុងមុនពេលចូលគេង អាចជួយកាត់បន្ថយអាការមិនស្រួលទាំងនេះបាន ដោយសារតែវាមានផ្ទុកជាតិស្ករ វីតាមីន B អេឡិចត្រូលីត្រ និងសារធាតុចិញ្ចឹមសំខាន់ៗដទៃទៀត ដែលអាចជួយអ្នកមិនឲ្យអស់កម្លាំង៕

ដកស្រង់ពី៖ soha

មតិយោបល់