ព័ត៌មានសុខភាព

៦សញ្ញាបង្ហាញថា រាល់ថ្ងៃអ្នកកំពុងតែញ៉ាំអំបិលលើសកម្រិត

អំបិល គឺជាគ្រឿងទេសដែលមេផ្ទះទាំងឡាយត្រូវការជាចាំបាច់សម្រាប់បន្ថែមនៅក្នុងអាហារផ្សេងៗ ដើម្បីបង្កើនរសជាតិឲ្យកាន់តែឆ្ងាញ់។ ក៏ប៉ុន្តែការទទួលទានអំបិលច្រើនពេក មិនមែនជាទម្លាប់ល្អនោះទេ ព្រោះវាអាចបណ្តោលឲ្យអ្នកកើតមានបញ្ហាសុខភាពផ្សេងៗ។ ខាងក្រោមនេះ គឺជារោគសញ្ញាមួយចំនួនដែលបង្ហាញថា អ្នកកំពុងតែទទួលទានអំបិលលើសកម្រិតហើយ។

ហើមអវយវ:មួយចំនួន
ប្រសិនបើអ្នកមានអារម្មណ៍ឧស្សាហ៍ ហើមដៃ ជើង និងភ្នែក នៅពេលព្រឹកវាអាចបណ្តោលមកពីការទទួលទានអំបិលច្រើនពេក។ ស្ថានភាពនេះកើតឡើងនៅពេលដែលរាងកាយចាប់ផ្តើមរក្សាជាតិទឹកនៅក្នុងរាងកាយ ដោយសារតែបរិមាណនៃអំបិលឡើងខ្ពស់។

ស្រេកទឹកជានិច្ច
នៅពេលដែលអ្នកញ៉ាំអំបិលច្រើនពេក រាងកាយរបស់អ្នកត្រូវការសារធាតុរាវបន្ថែម ដើម្បីជួយសម្អាតជាតិប្រៃចេញពីរាងកាយវិញ ទើបសាច់ដុំ និងសរីរាង្គផ្សេងៗទៀត អាចដំណើរការបានល្អ។ ហេតុនេះ អ្នកត្រូវតែកែលម្អទម្លាប់ទទួលទានអំបិល និងផឹកទឹកឲ្យបានច្រើន ដើម្បីឲ្យប្រព័ន្ធដំណើរការមានភាពប្រក្រតី។

ផ្លាស់ប្តូរពណ៌ទឹកនោម
ការប្រមូលផ្តុំជាតិសូដ្យូមនៅក្នុងខ្លួនច្រើនពេក អាចធ្វើឲ្យទឹកនោមមានការផ្លាស់ប្តូរពណ៌។ កាទទួលទានអំបិលច្រើនពេក អាចបណ្តោលឲ្យខ្វះជាតិទឹក ហើយប្រឈមនឹងជំងឺតម្រងនោមផងដែរ។

ពុកឆ្អឹង
ការទទួលទានអំបិលច្រើនលើកម្រិត អាចបណ្តោលឲ្យប៉ះពាល់ដល់កង្វះសារធាតុកាល់ស្យូមរ៉ាំរ៉ៃ ដែលបណ្តោលឆ្អឹងទន់ខ្សោយ ហើយប្រឈមនឹងជំងឺពុកឆ្អឹង។

ឈឺក្បាលជាប់លាប់
ជាតិសូដ្យូមលើសកម្រិត អាចបណ្តោលឲ្យមានការកើនឡើងនូវបរិមាណឈាម និងធ្វើឲ្យសរសៃឈាមរីកធំ។ ការរីកធំនៃសរសៃឈាម អាចបណ្តោលឲ្យអ្នកកើតជំងឺលើសឈាម ហើយលទ្ធផលវានឹងបណ្តោលអ្នកចេះតែកើតមានអាការឲ្យឈឺក្បាល។

ប៉ះពាល់សល់ខួរក្បាល
សម្ពាធឈាមឡើងខ្ពស់ដោយសារតែអំបិល អាចធ្វើឲ្យខូចខាតសរសៃឈាមនៅក្នុងខួរក្បាល។ ដូច្នេះ សមត្ថភាពក្នុងការគិតរបស់អ្នកចាប់ផ្តើមចុះខ្សោយ និងពិបាកក្នុងការផ្តោតអារម្មណ៍ប្រចាំថ្ងៃ។ លើសពីនេះ អ្នកអាចខ្សោយការចង់ចាំ និងមានប្រតិកម្មយឺត៕

ដកស្រង់ពី៖ soha

មតិយោបល់