ព័ត៌មានសុខភាព

ផឹកទឹកមួយកែវ ពេលភ្ញាក់ពីគេងភ្លាម អាចបង្ការជំងឺក្រួសក្នុងតម្រងនោម

៧០ភាគរយនៃទម្ងន់រាងកាយរបស់យើង គឺជាតិទឹក ដូច្នេះនៅពេលដែលរាងកាយខ្សោះជាតិទឹក អាចបណ្តោលឲ្យមានបញ្ហាឈឺក្បាល អស់កម្លាំង ប្រតិកម្មយឺត ឬមានបញ្ហាស្បែកជាដើម។ ក្នុងលក្ខខណ្ឌធម្មតា រាងកាយត្រូវការទឹក ជាមធ្យម ១,៥ ទៅ ២លីត្រក្នុងមួយថ្ងៃ ទើបអាចទ្រទ្រង់រាងកាយទាំងមូលឲ្យមានសុខភាពល្អ និងជៀសឆ្ងាយពីជំងឺមួយចំនួនបាន។

ប៉ុន្តែតើអ្នកមានដឹងទេថា ការផឹកទឹកបន្ទាប់ពីភ្ញាក់ពីគេងភ្ញាម ផ្តល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់រាងកាយ? អ្នកឯកទេសបានផ្តល់ដំបូលន្មានថា ទម្លាប់ផឹកទឹកនៅពេលព្រឹកព្រលឹម ផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនយ៉ាង ហើយក្នុងចំណោមនោះវាក៏អាចបង្ការជំងឺក្រួសក្នុងតម្រងនោមផងដែរ។

វេជ្ជបណ្ឌិតជាច្រើនបានអះអាងថា អ្នកដែលផឹកទឹកច្រើន នឹងមិនព្រួយបារម្ភអំពីក្រួសក្នុងតម្រងនោម រួមទាំងការឆ្លងមេរោគលើប្លោកនោមនោះទេ។

ការផឹកទឹក មួយកែវនៅពេលព្រឹកព្រលឹម គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារបញ្ហាក្រួសក្នុងតម្រងនោម និងការពារមិនឲ្យមេរោគឆ្លងចូលក្នុងប្លោកនោម។

នៅពេលទឹកត្រូវបានបន្ថែមក្នុងរាងកាយបានគ្រប់គ្រាន់ វាអាចកាត់បន្ថយជាតិអាស៊ីតក្នុងក្រពះ បង្កើនការផលិតទឹកនោម និងកាត់បន្ថយហានិភ័យក្រួសក្នុងតម្រងនោម។

និយាយឲ្យខ្លី ការទទួលទានទឹកនៅពេលព្រឹកព្រលឹម អាចនាំមកនូវអត្ថប្រយោជន៍ដល់សុខភាពជាច្រើនសម្រាប់សុខភាព។ ប៉ុន្តែអ្នកមិនគួរទទួលទានទឹកកក ឬទឹកក្លាសេត្រជាក់នៅពេលព្រឹកព្រលឹមនោះទេ គឺគួរតែប្រើទឹកធម្មតា ឬទឹកក្តៅឧណ្ឌៗ ទើបអាចបញ្ចេញជាតិពុលចេញពីរាងកាយបានលឿន អាចការពារ និងព្យាបាលជំងឺជាច្រើនទៀត៕

មតិយោបល់