តម្រងនោម គឺជាសរីរាង្គដ៏មានសារៈសំខាន់បំផុត ព្រោះវាមានឥទ្ធិពលក្នុងការកម្ចាត់កាកសំណល់ចេញពីឈាម ហើយរក្សាជាតិទឹកក្នុងរាងកាយ។ ដូច្នេះ ដើម្បីរក្សាតម្រងនោមឲ្យមានសុខភាពល្អ អ្នកគួរតែព្យាយាមទទួលទានអាហារទាំងប៉ុន្មានប្រភេទនេះឲ្យបានទៀងទាត់។
ស្ពៃក្តោប
ស្ពៃក្តោប មានផ្ទុកសារធាតុចិញ្ចឹមជាច្រើន ដែលអាចជួយបំបែករ៉ាឌីកាល់សេរីនៅក្នុងខ្លួន។ វាអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក និងជំងឺបេះដូង។ មិនតែប៉ុណ្ណោះ វីតាមីន K វីតាមីនC វីតាមីនB6 និងអាស៊ីតហ្វូលិក អាចជួយរក្សាតម្រងនោមឲ្យមានសុខភាពល្អ។
ម្ទេសប្លោក
ម្ទេសប្លោក គឺល្អសម្រាប់តម្រងនោម ព្រោះវាមានជាតិប៉ូតាស្យូមទាប។ ជាពិសេសសារធាតុ Lycopene នៅក្នុងម្ទេសប្លោក អាចជួយប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកជាច្រើនប្រភេទ។
ខ្ទឹមស
ខ្ទឹមស មិនត្រឹមតែជាគ្រឿងទេសប្រចាំផ្ទះបាយនោះទេ វាក៏អាចជួយកាត់បន្ថយការរលាក និងកូលេស្តេរ៉ុល ក្នុងខ្លួនផងដែរ។ លើសពីនេះ វាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងការពារឈាមមិនឲ្យកក។
ខាត់ណាផ្តា
ខាត់ណាផ្តា មានផ្ទុកវីតាមីន C និងជាតិសរសៃច្រើន។ សារធាតុទាំងពីរនេះ អាចជួយបណ្តេញជាតិពុលចេញពីរាងកាយពូកែបំផុត ហេតុនេះតម្រងនោមពុំធ្វើការធ្ងន់ឡើយ។
ខ្ទឹមបារាំង
សារធាតុ flavonoids នៅក្នុងខ្ទឹមបារាំង អាចកម្ចាត់ជាតិខ្លាញ់ចេញពីរាងកាយ ហើយសារធាតុប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងជំងឺមហារីក។ ជាពិសេសកម្រិតប៉ូតាស្យូមទាប នៅក្នុងខ្ទឹមបារាំងក៏ល្អសម្រាប់តម្រងនោមផងដែរ។
ផ្លែប៉ោម
ផ្លែប៉ោម ជាប្រភពដ៏សម្បូរបែបនៃជាតិសរសៃ ដែលមានសមត្ថភាពប្រឆាំងនឹងការរលាកពូកែបំផុត។ ម្យ៉ាងវិញទៀត វាជាផ្លែឈើមួយក្នុងចំណោមផ្លែឈើជាច្រើន ដែលល្អបំផុតសម្រាប់តម្រងនោម ដូច្នេះអ្នកគួរតែទទួលទានឲ្យបានទៀងទាត់៕
មតិយោបល់