បរទេស៖ បើយោងតាមក្រុមអ្នកស្រាវជ្រាវ ក.ដប និងស្នាមប្រេះ នៅក្នុងដបប្លាស្ទិចជាកន្លែងដែលពពួកបាក់តេរី និងមេរោគផ្សេងៗរស់នៅ។ ជាពិសេស វាអាចបង្កើតកូនចៅច្រើនឡើងៗយ៉ាងឆាប់រហ័ស។
ការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តីសុខភាព របស់ប្រទេសកាណាដា បានធ្វើការពិសោធន៍ទៅលើសំបកដបប្លាស្ទិចចំនួន ៧៦ ប្រភេទ ដែលជារបស់សិស្សនិស្សិតប្រើក្នុងសាលា។ លទ្ធផលគឺជិត ២ ភាគ ៣ នៃសំបកដបទាំងនោះសម្បូរទៅដោយបាក់តេរី។ បាក់តេរីទាំងនោះនឹងរីកលូតលាស់ច្រើនទៅៗ ប្រសិនបើពួកគេប្រើប្រាស់យូរហើយមិនដូរថ្មី។
លោក Richard Wallace អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Texas សហរដ្ឋអាមេរិក មានប្រសាសន៍ថា៖ ដបទាំងអស់ដែលត្រូវបានគេប្រើឡើងវិញ សុទ្ធតែមានបាក់តេរីដែលអាចបង្កគ្រោះថ្នាក់ដូចជាការពុលអាហារដែរ។ អ្នកដែលរងនូវផលប៉ះពាល់អាចមានរោគសញ្ញាដូចជា ការវិលមុខ, ចង្អោរ និងរាគ។
មនុស្សគ្រប់គ្នានៅតែគិតថា ការលាងសម្អាតដបជាមួយនឹងសាប៊ូអាចកម្ចាត់បាក់តេរីទាំងអស់បានរហូត ប៉ុន្តែនេះជាការគិតខុស។ ដបទឹកដែលលាងជាមួយនឹងសាប៊ូ អាចបណ្តេញបាក់តេរីបណ្តោះអាសន្នតែប៉ុណ្ណោះ ហើយវានឹងកើតឡើងមកវិញដដែល។
ចុះការលាងសម្អាតជាមួយនឹងទឹកក្តៅវិញ តើអាចកម្ចាត់បាក់តេរីបានទេ? តាមពិតទឹកក្តៅមិនអាចធ្វើឲ្យបាក់តេរីងាប់អស់ទាំងស្រុងបាននោះទេ ផ្ទុយទៅវិញវាថែមទាំងបង្កើនគ្រោះថ្នាក់ដោយសារតែសារធាតុគីមីបញ្ចេញពីដបប្លាស្ទិច ហើយត្រូវបំលែងចូលក្នុងអាហារ និងធ្វើឲ្យរាងកាយពុល។
ដូច្នេះ ដើម្បីជៀសវាងគ្រោះថ្នាក់ អ្នកត្រូវប្រើដបតែម្តងបានហើយ ឬប្រើប្រាស់ដបកែវជំនួសវិញ៕
មតិយោបល់