បរទេស៖ ការមិនដឹងពីរៀបការពារមិនឲ្យមានផ្ទៃពោះ គឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ភ ដោយសារតែថ្នាំពន្យាកំណើតមានច្រើនប្រភេទ មិនដឹងប្រើមួយណាទើបល្អ។ ត្បិតតែថ្នាំពន្យាកំណើតដែលអ្នកប្រើជាជម្រើសផ្ទាល់ខ្លួនក៏ពិតមែន ប៉ុន្តែអ្នកគួរគិតគូដោយប្រុងប្រយ័ត្ន។ ជាពិសេស អ្នកត្រូវស្វែងរកជម្រើសណាមួយដែលសក្តិសមនឹងជីវិតរស់នៅ ព្រមទាំងមានភាពជឿជាក់ដោយខ្លួនឯង។
ស្រោមអនាម័យបុរស
ស្រោមអនាម័អាចជួយការពារពីការមានផ្ទៃពោះ ដោយមិនឲ្យទឹកកាមចូលទៅប៉ះនឹងស៊ុតបង្កកំណើត។ ស្រោមអនាម័យត្រូវបានលក់នៅតាមហាងថ្នាំ និងកន្លែងលក់ចាប់ហ៊ួយមួយចំនួន ហើយមានតម្លៃមិនថ្លៃប៉ុន្មានទេ។
– ស្រោមអនាម័យអាចជួយការពារអ្នកទាំងពីរមិនឲ្យឆ្លងមេរោគតាមរយៈការរួមភេទ ព្រមទាំងការមានផ្ទៃពោះផងដែរ។
– ស្រោមអនាម័យត្រូវបានផលិតឡើងពីជ័រកៅស៊ូស្តើង ដូច្នេះពេលខ្លះវាអាចរហែកបាន ប្រសិនបើអ្នកធ្វើចលនាខ្លាំងពេក។ នៅពេលមានបញ្ហានេះកើតឡើង ឱកាសនៃការឆ្លងរោគ និងមានផ្ទៃពោះក៏អាចកើតឡើងដែរ។
– មនុស្សដែលអាឡែកហ្សីជាមួយនឹងស្រោមអនាម័យ អាចជ្រើសយកស្រោមអនាម័យដែលធ្វើពីប្លាស្ទិចជំនួសវិញ។
ស្រោមអនាម័យស្ត្រី
ស្រោមអនាម័យនេះត្រូវបានផលិតឡើងពីជ័រកៅស៊ូ ដូចស្រោមអនាម័យបុរសដែរ ប៉ុន្តែវាមានរូបរាងដូចជាកងបំពាក់ថង់។ ថង់សមល្មមនឹងដាក់ចូលខាងក្នុងទ្វារមាស ហើយកងស្ថិតនៅខាងក្រៅ ដើម្បីទប់ស្រោមអនាម័យឲ្យនៅនឹងមួយកន្លែង។ វាអាចផ្ទុកទឹកកាមក្នុងពេលរួមភេទ ដូច្នេះវាគ្មានឱកាសអាចចូលទៅក្នុងខ្លួនប្រាណស្ត្រីបានទេ។ ស្រោមអនាម័យស្ត្រីមានតម្លៃថ្លៃជាស្រោមអនាម័យបុរសបន្តិច ហើយអាចមានលក់នៅតាមហាងឱសថនានា។
– ស្រោមអនាម័យស្ត្រីអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃការឆ្លងមេរោគ, ការពារទ្វារមាសពីការប៉ះដោយផ្ទាល់នឹងអាអូនតូច។
– ស្រោមអនាម័យស្ត្រីមានប្រសិទ្ធិភាពតិចជាងស្រោមអនាម័យទូទៅ ហើយមនុស្សមួយចំនួននិយាយថា វាផ្តល់ក្តីសុខបានតិច។
សន្ទះ (Diaphragms)
សន្ទះត្រូវបានធ្វើឡើងពីស៊ីលីកូន សម្រាប់សូកបញ្ចូលទៅក្នុងទ្វារមាស និងពីលើ.កស្បូនដើម្បីការពារទឹកកាមពីការទៅប៉ះនឹងស៊ុត។ ជាធម្មតាវាត្រូវបានប្រើផ្សំជាមួយនឹងកាវស្អិត ដែលជួយការពារពីការជ្រៀតចូលរបស់ទឹកកាម ដើម្បីបង្កើនប្រសិទ្ធិភាព។
– ដោយសារខ្លួនប្រាណរបស់មនុស្សស្រីគ្រប់រូបមានទម្រង់ខុសពីគ្នាបន្តិច, សន្ទះអាចសមល្មមនឹងទំហំរបស់ពួកគេ។ អ្នកអាចពិភាក្សាជាមួយនឹងអ្នកជំនាញផ្នែករោគស្ត្រី ឬវេជ្ជបណ្ឌិតគ្លីនិកសុខភាពទាក់ទងនឹងសន្ទះ ដែលសមល្មមនឹងទំហំរបស់អ្នក។
– សន្ទះមានប្រសិទ្ធិភាពទប់ស្កាត់ការមានផ្ទៃពោះ ប៉ុន្តែវាមិនអាចការពារពីការឆ្លងមេរោគតាមរយៈការរួមភេទបានឡើយ។
ថ្នាំពន្យាកំណើត
ថ្នាំពន្យាកំណើតធ្វើឡើងពីអ័រម៉ូន estrogen និង progestin ដែលជួយរារាំងស៊ុតស្ត្រីមិនឲ្យចេញពីអូវែ ដូច្នេះស្ត្រីមិនអាចមានផ្ទៃពោះបានឡើយ។ នៅពេលទទួលទានបានទៀងទាត់ វានឹងមានប្រសិទ្ធិភាពបំផុត។ ថ្នាំពន្យាកំណើតអាចទទួលបានពីវេជ្ជបញ្ជារបស់អ្នកជំនាញផ្នែករោគស្ត្រី ឬអ្នកជំនាញផ្នែកថែរក្សាសុខភាពតែប៉ុណ្ណោះ។
– ថ្នាំពន្យាកំណើតត្រូវតែទទួលទានជារៀងរាល់ថ្ងៃ ដើម្បីឲ្យមានប្រសិទ្ធិភាព។ ការខកខានរយៈពេល ២-៣ ថ្ងៃអាចកាត់បន្ថយប្រសិទ្ធិភាព។
– ថ្នាំនេះអាចបណ្តាលឲ្យស្ត្រីមួយចំនួនជួបនឹងផលប៉ះពាល់ជាច្រើន។ ម៉ាកថ្នាំពន្យាកំណើតខុសគ្នាមានកម្រិតអ័រម៉ូន estrogen និង progestin ក៏ខុសគ្នាដែរ ដូច្នេះ វេជ្ជបណ្ឌិតអាចនឹងចេញវេជ្ជបញ្ជាម៉ាកថ្នាំផ្សេង ប្រសិនបើថ្នាំប្រើរាល់ថ្ងៃផ្តល់ផលប៉ះពាល់អវិជ្ជមានដល់អ្នក។
តមការរួមភេទ
ការតមរួមភេទអាចជួយការពារស្ត្រីពីការមានផ្ទៃពោះ ដោយការពារទឹកកាមបុរសពីការជ្រៀតចូលទៅប៉ះនឹងស៊ុតស្ត្រី។ វិធីនេះមានប្រសិទ្ធិភាព ១០០%ការពារមិនឲ្យមានផ្ទៃពោះ។
– ការតមរួមភេទនេះ ទាមទារឲ្យអ្នកទាំងពីរត្រូវចេះគ្រប់គ្រងលើចិត្តខ្លួនឯងឲ្យបាន៕
មតិយោបល់