នៅពេលដែលដឹងថា ខ្លួនមានផ្ទៃពោះភ្លាម ស្ត្រីទាំងឡាយច្បាស់ជាមានការប្រុងប្រយ័ត្ន ទាំងសកម្មភាពដេក, ដើរ, អង្គុយ, ឈរ រួមទាំងការបរិភោគ ដើម្បីសុវត្ថិភាពកូនក្នុងផ្ទៃ។
ទន្ទឹមនឹងភាពសប្បាយរីករាយនេះដែរ អ្នកម្តាយគ្រប់រូបច្បាស់ជាចង់ឲ្យឃើញកូនកើតមកមានសុខភាពល្អ ហើយឆ្លាតទៀត មែនទេ? ចុះយើងគួរធ្វើដូចម្តេចទៅ ទើបកូនកើតមកឆ្លាត?
បើទោះបីជាហ្សែនរបស់អ្នកមិនឆ្លាតវៃដូចជាមនុស្សផ្សេងទៀតក៏ពិតមែន ក៏ប៉ុន្តែទម្លាប់មួយចំនួនខាងក្រោមអាចជួយឲ្យកូនរបស់អ្នកឆ្លាតជាងមុនបាន។
អង្អែលក្បាលពោះ៖ ពេលដែលអ្នកនៅម្នាក់ឯងគួរតែឧស្សាហ៍ម៉ាស្សាក្បាលពោះ ព្រោះទារកអាចភ្ជាប់ទំនាក់ទំនងជាមួយពិភពខាងក្រៅកាន់តែជិតស្និត ហើយអាចជួយជំរុញដល់ការលូតលាស់ផងដែរ។
ស្តាប់តន្ត្រី៖ ការស្តាប់តន្ត្រីអាចជួយដោះស្រាយភាពតានតឹង និងការសម្រាកក្នុងពេលមានគភ៌។ ហេតុនេះហើយ ការស្តាប់តន្ត្រីពិតជាល្អ ព្រមទាំងអាចជួយកែលម្អការលូតលាស់របស់ទារកថែមទៀត។
កសាងរឿងវិជ្ជមាននៅជុំវិញខ្លួន៖ តើអ្នកដឹងទេថា ចំណេះដឹងដែលអ្នកបានសាងអាចចែករំលែកដល់ទារកនៅក្នុងផ្ទៃរបស់អ្នក? នេះហើយជាហេតុផល ដែលអ្នកគួរតែចៀសឲ្យឆ្ងាយពីទង្វើអវិជ្ជមានទាំងឡាយ។
ដើរក្រោមពន្លឺព្រះអាទិត្យ៖ ការដើររយៈពេល ២០នាទី ក្រោមពន្លឺព្រោះអាទិត្យ គឺជារឿងដ៏ប្រសើរសម្រាខួរក្បាកទារក។ វីតាមីន D អាចជួយដល់ការរីកលូតលាស់របស់កុមារ ហើយវាអាចជំរុញដល់ប្រព័ន្ធភាពស៊ាំ និងថែបំប៉នឲ្យឆ្អឹងរឹងមាំ។ ដូច្នេះ ក្នុងពេលព្រឹក អ្នកជាម្តាយគួរតែដើរក្រោមពន្លឺព្រះអាទិត្យរាល់ថ្ងៃ។
អានសៀភៅមុនពេលគេង៖ ការអានសៀវភៅក្នុងអំឡុងពេលថ្ងៃ គឺជាទម្លាប់ល្អសម្រាប់អ្នក។ ប៉ុន្តែ ការអានសៀភៅនៅពេលយប់ពិតជាល្អសម្រាប់ទារក ព្រោះវាអាចជួយបង្កើនថាមពលខួរក្បាលទារក ហើយជួយឲ្យទារកមានអារម្មណ៍ស្រស់ថ្លា ដែលល្អសម្រាប់ការអភិវឌ្ឍខួរក្បាល។
ទទួលទានរបបអាហារ៖ របបអាហារមានតុល្យភាព គឺជាកត្តាចាំបាច់បំផុត។ ការញ៉ាំអាហារបានត្រឹមត្រូវអាចជួយឲ្យរាងកាយទទួលបានសារធាតុចិញ្ចឹម និងប្រូតេអ៊ីនបានគ្រប់គ្រាន់ក្នុងការបំពេញកម្លាំង ព្រមទាំងការអភិវឌ្ឍខួរក្បាលទារក។
ហាត់ប្រាណ៖ ការហាត់ប្រាណអំឡុងពេលមានផ្ទៃពោះ គឺជារឿងចាំបាច់មួយដែលអ្នកម្តាយត្រូវតែធ្វើ។ ទម្លាប់មួយនេះ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ថែមទាំងជួយឲ្យទារកមានសុខភាពល្អ និងមានគំនិតឆ្លាតវៃ៕
មតិយោបល់