យើងអាចនិយាយបានថា ស៊ុតគឺជាអាហារមិនអាចខ្វះបានសម្រាប់ក្រុមគ្រួសារមួយចំនួន ព្រោះវាងាយស្រួលក្នុងការចម្អិន ហើយសម្បូរទៅដោយជីវជាតិបំផុត។
ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេ ការទទួលទានស៊ុតស្ងោរ និងស៊ុតចៀន មួយណាល្អជាងសម្រាប់សុខភាព? ប្រសិនបើអ្នកកំពុងតែព្រួយបារម្ភចំពោះបញ្ហាសុខភាពសមាជិកក្នុងគ្រួសារ អ្នកគួរតែអានអត្ថបទខាងក្រោម ដើម្បីជ្រើសរើសស៊ុតដែលល្អបំផុត។
ជាតិខ្លាញ់
ស៊ុតស្ងោរផ្ទុកកាឡូរី (៧៧ កាឡូរី) ចំណែកឯស៊ុតចៀនវិញមានដល់ទៅ (៩៩កាឡូរី)។ ទន្ទឹមនឹងនេះផងដែរ ស៊ុតស្ងោរមានជាតិខ្លាញ់ ៥ក្រាម ហើយស៊ុតចៀនមានជាតិខ្លាញ់ ៧ក្រាម។
តាមពិតស៊ុតចៀនមានផ្ទុកជាតិខ្លាញ់កាន់តែច្រើន ដោយសារតែអ្នកចម្អិនប្រើខ្លាញ់ ឬប្រេង។ ដូច្នេះអ្នកគួរតែកំណត់របបអាហារមួយប្រភេទនេះ ប្រសិនចង់ឲ្យមានសុខភាពល្អ។
កម្រិតកូឡេស្តេរ៉ុល
កម្រិតកូឡេស្តេរ៉ុលនៅក្នុងស៊ុតស្ងោរ ឬចៀន មានបរិមាណស្មើគ្នា (២១២ មីលីក្រាម)។ ប៉ុន្តែ ប្រសិនបើស៊ុតចៀនត្រូវកម្តៅខ្លាំង ហើយចម្អិនប្រើរយៈពេលយូរ សារធាតុកូឡេស្តេរ៉ុលកើនឡើងកាន់តែខ្ពស់។
ស្រកទម្ងន់
ការទទួលទានស៊ុតស្ងោរ គឺល្អសម្រាប់សម្រកទម្ងន់ ដោយសារតែវាធ្វើឲ្យយើងមានអារម្មណ៍មិនឃ្លានអាហារ។ កត្តាមួយនេះហើយដែលអាចជួយឲ្យរាងកាយអាចជៀសផុតពីការឡើងកាឡូរីបាន។
ការចម្អិនស៊ុតដោយប្រើប្រេង
ប្រសិនបើអ្នកចូលចិត្តស៊ុតចៀន ជាអាហារពេលព្រឹក, ថ្ងៃត្រង់ ឬល្ងាច អ្នកគួរតែប្រើប្រេងអូលីវសុទ្ធ។ មិនត្រូវប្រើប្រេងឆាផ្សេងៗ, ប៊ឺរ ឬខ្លាញ់នោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាព។ ធ្វើបែបនេះ ទើបការទទួលទានស៊ុតចៀនមិនបង្កឲ្យមានបញ្ហាដល់សុខភាព។
សរុបមកវិញការទទួលទានស៊ុតស្ងោរទើបល្អសម្រាប់សុខភាព ជាពិសេសសម្រាប់អ្នកដែលសម្រកទម្ងន់៕
មតិយោបល់