បរទេសៈ ការផ្តល់កំណើតឲ្យកូន គឺជាបទពិសោធន៍ដ៏ធំធេងបំផុតដែលស្ត្រីគ្រប់រូបត្រូវតែឆ្លងកាត់។ ប៉ុន្តែបន្ទាប់ពីពេលសម្រាល មានការប្រែប្រួលជាច្រើននឹងកើតមានឡើងរួមទាំងរូបរាងកាយ និងអ័រម៉ូន ជាពិសេសតំបន់ទ្វារមាស។ ប្រសិនបើទ្វារមាសមានសភាពស្ងួតខ្លាំងពេក ច្បាស់ជាពិបាកក្នុងការបង្កាត់ភ្លើងស្នេហ៍ជាមួយដៃគូជាមិនខាន។
នេះដោយសារតែកម្រិតអ័រម៉ូន progesterone និង estrogen ដែលដើរតួនាទីយ៉ាងសំខាន់ពេលស្ត្រីមានផ្ទៃពោះ ត្រូវធ្លាក់ចុះក្នុងរយៈពេលតិចជាង ២៤ម៉ោងបន្ទាប់ពីសម្រាល។ លើសពីនេះទៅទៀតកម្រិតអ័រម៉ូន estrogen ត្រូវបានបន្តធ្លាក់ចុះក្នុងអំឡុងពេលបំបៅដោះកូន។
ប៉ុន្តែ អ្នកប្រហែលជាឆ្ងល់ហើយថា គ្រាន់តែកម្រិតអ័រម៉ូន estrogen ធ្លាក់ចុះ ហេតុអ្វីធ្វើឲ្យទ្វារមាសមានសភាពស្ងួត? ការបញ្ចេញទឹករំអិល និងលំហូរឈាមទៅកាន់តំបន់ទ្វារមាស គឺត្រូវពឹងផ្អែកទៅលើអ័រម៉ូន estrogen។ ចំពោះមនុស្សស្រីដែលមានកម្រិតអ័រម៉ូន estrogen ចុះខ្សោយនឹងកើតមានរោគសញ្ញា បែកញើសនៅពេលយប់, ក្តៅខ្លួន និងស្ងួតតំបន់ឯកជន។
តើធ្វើដូចម្តេចដើម្បីដោះស្រាយទ្វារមាសស្ងួតក្រោយពេលសម្រាល?
ដើម្បីដោះស្រាយភាពស្ងួតត្រង់តំបន់នេះ អ្នកត្រូវទទួលទានរបបអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន និងអាស៊ីតខ្លាញ់ អូមេហ្គា-៣ ឲ្យបានច្រើន។
អាស៊ីតខ្លាញ់អូមេហ្គា-៣ អាចជួយផលិតជាតិរំអិលពីធម្មជាតិ ហើយវាមានផ្ទុកនៅក្នុងប្រភេទអាហារដូចជា៖ គ្រាប់ល្ង, គ្រាប់ល្ពៅ, គ្រាប់ផ្កាឈូករ័ត្ន, ត្រីធូណា, ត្រីសាម៉ុន, ត្រីស្បៃកា។
ក៏ប៉ុន្តែមានប្រភេទអាហារមួយចំនួនដែលអ្នកត្រូវតែជៀសវាងដូចជា៖ សណ្តែកសៀង, ផ្លែប៉ោម, សីរីហ្ស, សណ្តែកដី … ព្រោះវាមានបរិមាណនៃសារធាតុ Isoflavones កម្រិតខ្ពស់ដែលធ្វើឲ្យអ័រម៉ូន estrogen ធ្លាក់ចុះ។
នៅមានកត្តាម្យ៉ាងទៀតដែលធ្វើឲ្យតំបន់ឯកជនស្ងួត គឺការអស់រដូវ។ ប៉ុន្តែក្នុងករណីនេះពុំទាន់មានការស្រាវជ្រាវណាមួយរកឃើញឱសថដែលមានប្រសិទ្ធិភាព សម្រាប់ព្យាបាលនៅឡើយ៕
មតិយោបល់