អាមេរិកៈ តាមរយៈការសន្ទនាទូរស័ព្ទជាមួយគា្ន រវាងប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក Donald Trump និងលោកស្រី Tsai Ing-wen ប្រធានាធិបតីនៃកោះតៃវ៉ាន់ បានឲ្យដឹងថា លោក Trump នឹងលុបចោលគោលនយោបាយ អាមេរិកកំណត់កាលពីឆ្នាំ ១៩៧៩ នៅពេលដែលទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានកាត់ផ្ដាច់ ដែលរឿងនេះ កំពុងធ្វើឲ្យមានការប្រេះឆាយ៉ាងធ្ងន់ធ្ងរ ជាមួយរដ្ឋាភិបាលប្រទេសចិន។ នេះបើយោងតាមរយៈ សារព័ត៌ចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦។
ការិយាល័យលោក Trump បានប្រកាសថា មេដឹកនាំកោះតៃវ៉ាន់ និងអាមេរិក បានពិភាក្សាគ្នាតាមទូរស័ព្ទ ដោយពួកគេទាំងពីរ បានលើកទ្បើងថា នយោបាយ និងទំនាក់ទំនងសន្តិសុខ សេដ្ឋកិច្ចរវាងកោះតៃវ៉ាន់ និងសហរដ្ឋអាមេរិក គឺមានភាពជិតស្និតគ្នាបំផុត ក្នុងនោះលោក Trump ក៏បានអបអរសាទរផងដែរ ចំពោះលោកស្រី Tsai ដែលក្លាយជាប្រធាននៃកោះតៃវ៉ាន់ ហើយថា លោកនឹងពង្រឹកចំណងមិត្តភាពជាមួយតៃវ៉ាន់។
ការផ្លាស់ប្តូរនេះដែរ អាចនឹងធ្វើឲ្យចិនមានកំហឹង ដោយសារចិនបានចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ដែលកំពុងរង់ចាំការបង្រួបបង្រួម ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុងប៉េកាំង៕
មតិយោបល់