រុស្ស៊ីៈ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយ Tu-22M3 ដែលដាក់ពង្រាយពីមូលដ្ឋានទ័ពរុស្ស៊ី បានប្រតិបត្តិការយ៉ាងសស្រាក់ កាលពីសប្តាហ៍មុន ជាមួយនឹងការវាយប្រហារទៅលើឃ្លាំងស្តុកអាវុធ និងបន្ទាយដ៏រឹងមាំរបស់ក្រុមភេរវករ ISIS នៅភាគឥសាន្តប្រទេសស៊ីរី។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧។
កាលពីថ្ងៃអាទិត្យ យន្តហោះចម្បាំងរុស្ស៊ី Su-30SM និង Su-35S ដែលមានមូលដ្ឋានអាកាសនៅ Khmeimim ក្នុងខេត្ត Latakia បានចូលរួមជាមួយយន្ដហោះទម្លាក់គ្រាប់បែក Tu-22M3 ចំនួន ៦ គ្រឿង នៅប្រទេសស៊ីរី ដើម្បីធ្វើការវាយប្រហារដែនអាកាស ទៅលើក្រុមភេរវករ ដែលមានទីតាំងនៅលើដី។
ពាក់ព័ន្ធនឹងហេតុការណ៍នេះ ក្រសួងការពារជាតិរុស្ស៊ី បានចេញផ្សាយនូវរូបភាពយន្តហោះទម្លាក់គ្រាប់បែករបស់ពួកគេ ដែលបានបើកវាយប្រហារតាមអាកាស ប្រឆាំងនឹងក្រុមភេរវកររដ្ឋអ៊ីស្លាម នៅជ្រលងទន្លេ Euphrates ក្នុងខេត្តឌៀរអ៊ីហ្សឺរបស់ស៊ីរីផងដែរ។
សូមជំរាបថា នេះគឺជាលើកទីបួនហើយ ដែលក្រុមយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-22M3 បានប្រញាប់ប្រញាល់ចេញដំណើរពីទឹកដីខ្លួន មកកាន់ប្រទេសស៊ីរី ខណៈមានអមដំណើរដោយយន្ដហោះចម្បាំងពីរគ្រឿងទៀត ដើម្បីធ្វើការវាយប្រហារទៅលើទីតាំងពួកភេរវករ៕
មតិយោបល់