ស៊ីរីៈ ក្រុមភេរវករ ISIS កាលពីថ្ងៃអង្គារ បានដុតសម្លាប់ជនស៊ីវិល ០៤នាក់ នៅភាគខាងកើតទីក្រុង Deir Ezzor ប្រទេសស៊ីរី បន្ទាប់ពីចោទប្រកាន់ពួកគេ ពីបទគាំទ្រ និងចូលរួមសកម្មភាព ជាមួយកងកម្លាំងការពារប្រជាជនឃើដ (YPG)។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦។
ប៉ូលិសអ៊ីស្លាម ដែលដឹកនាំដោយក្រុម ISIS ដែលគេស្គាល់ឈ្មោះផងដែរថា Diwan al-Hisb បានចាប់ខ្លួនបុរស ០៤ នាក់ កាលពីបីខែមុន ដែលការចាប់ខ្លួននេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីក្រុម ISIS ចោទប្រកាន់អ្នកទាំងនោះថា បានធ្វើឲ្យលេចធ្លាយព័ត៌មានសន្តិសុខ អំពីចលនារបស់ក្រុមខ្លួន នៅក្នុងខេត្ត Deir Ezzor ទៅកាន់អង្គភាពការពារប្រជាជនឃឺដ (YPG) ។
គួរបញ្ជាក់ដែរថា អង្គភាព YPG គឺជាសមាជិកនាំមុខនៃកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយអាមេរិក សម្រាប់ការប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS នៅផ្នែកផ្សេងគ្នា ដែលស្ថិតនៅភាគខាងជើងប្រទេសស៊ីរី៕
មតិយោបល់