អាមេរិកៈ ទោះបីជាមានការហាម និងជំទាស់ពីភាគីចិនយ៉ាងណាក៏ដោយ ទៅនឹងទំនាក់ទំនងគ្រប់យ៉ាងរវាងមេដឹកនាំកោះតៃវ៉ាន់ និងក្រុមមន្ត្រីអាមេរិកក៏ពិតមែន ប៉ុន្តែនៅថ្ងៃចន្ទនេះ លោកស្រីប្រធានាធិបតីកោះតៃវ៉ាន់ Tsai Ing-wen បានជួបជាមួយសមាជិកព្រឹទ្ធសភាអាមេរិក លោក Ted Cruz និងលោក Greg Abbott អភិបាលរដ្ឋ Texas ហើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានប្រាប់ពួកអ្នកកាសែតថា «ប្រទេសចិនប្រឆាំងដាច់ខាតនៅរាល់សកម្មភាពទាំងឡាយណា ដែលធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ទំនាក់ទំនងរវាងចិន និងអាមេរិក»។
ជំនួបនេះ បានកើតមានឡើងនៅទីក្រុង Houston បន្ទាប់ពីលោកស្រី Tsai បានឈប់សំចតនៅទីនោះ នៅមុនពេលលោកស្រីធ្វើដំណើរទៅកាន់ទ្វីបអាមេរិកកណ្តាល។
មុនពេលមានជំនួបកិច្ចចរចានេះដែរ គណៈប្រតិភូសភា Houston បានទទួលសំបុត្រមួយពីស្ថានកុងស៊ុលចិន ដោយក្នុងនោះបានសេរសេរថា សុំកុំឱ្យពួកគេជួបជំនុំជាមួយប្រធានាធិបតីកោះតៃវ៉ាន់ នេះយោងតាមលោក Cruz បានលើកទ្បើង។
ភ្លាមៗនោះដែរ លោក Cruz ក៏បានឆ្លើយតបទៅចិនវិញថា «នៅក្នុងប្រទេសអាមេរិក ចិនគ្មានអំណាចវ៉េតូជំទាស់នោះទេ យើងមានសិទ្ធិធ្វើសេចក្តីសម្រេចដោយខ្លួនយើង ក្នុងការជួបជាមួយពួកភ្ញៀវ ហើយយើងនឹងបន្តជួបជាមួយភ្ញៀវទាំងឡាយណា ដែលយើងយល់ថាស័ក្តិសមជួបជាមួយ»៕
មតិយោបល់