ហ្គំប៊ីៈ ប្រធានាធិបតីដែលចង់គ្រប់គ្រងអំណាចបាន១០០០ឆ្នាំរបស់ប្រទេសហ្គំប៊ី លោក Yahya Jammeh កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៦៥ ក្នុងខេត្ត កានីលា ដែលជាខេត្តដាច់ស្រយាលបំផុត នៅជាប់ព្រំដែនប្រទេសសេណាហ្គាល់។
កាលពីវ័យកុមារ លោក ជាក្មេងចូលចិត្តលេងសើចច្រើន ហើយមិនសូវចូលចិត្តពួកអភិជនទេ។ ដល់ពេលធំដឹងក្តី លោកបានបន្តការសិក្សានៅវិទ្យាស្ថាន Western Hemisphere ។ យោងតាមមិត្តភ័ក្ររបស់លោក Yahya Jammeh បាននិយាយថា លោក ជាសិស្សដែលមិនសូវរៀនពូកែទេក្នុងថ្នាក់ ហើយចូលចិត្តមើលងាយអ្នកដ៏ទៃ។
ក្រោយបញ្ចប់ការសិក្សា លោកបានចូលរួមបម្រើការងារជាកងទ័ពជាតិហ្គាំប៊ី នៅក្នុងឆ្នាំ ១៩៨៤ ដោយសារលោកជាយោធាដែលរៀនបានខ្ពស់ជាងគេ លោកត្រូវបានតែងតាំងជាអនុសេនីទោនៅឆ្នាំ១៩៨៩។ នៅខែសីហាឆ្នាំ ១៩៩២ លោកបានក្លាយជាមន្ត្រីមេបញ្ជាការកងរាជអាវុធហត្ថ នៅបន្ទាយ Yundum Barracks។ ហើយក្រោយមកលោកបានទទួលការបណ្តុះបណ្តាផ្នែកយោធា នៅក្នុងប្រទេសសេណេហ្គាល់ រួចបន្តទៅសិក្សាបន្ទាយយោធា Fort McClellan រដ្ឋ Alabama សហរដ្ឋអាមេរិក ។
លោក Yahya Jammeh បានចូលរួមជាមួយនឹងក្រុមកងទ័ពវ័យក្មេង ដើម្បីធ្វើរដ្ឋប្រហារយោធាទម្លាក់ ប្រធានាធិបតីលោក Sir Dawda Jawara ដែលជាមនុស្សល្មោភអំណាច ក្នុងរដ្ឋធានីបង់ហ្សូល នៅថ្ងៃទី ២២ ខែកក្កដាឆ្នាំ១៩៩៤ រួចឡើងកាន់អំណាចជាប្រធានាធិបតីបណ្តោះអាសន្នក្នុងវ័យ ២៩ ឆ្នាំ។
លោក ត្រូវបានប្រជាជនបោះឆ្នោតឲ្យជាប្រធានាធិបតីពេញច្បាប់ នៅឆ្នាំ១៩៩៦ រួចជាប់ជាប្រធានាធិបតីសារជាថ្មីនៅ ២០០១, ២០០៦ និង២០១១ ប៉ុន្តែលោក បានចាញ់ឆ្នោតនៅចុងឆ្នាំ២០១៦។ បើតាមអ្នកវិភាគនយោបាយ ក្នុងតំបន់បានឲ្យដឹង ការឈ្នះឆ្នោតផ្ទួនៗនេះ ដោយសារតែលោក មានការគំាទ្រច្រើនពីយោធា ហើយ យោធាទាំងនោះ បានបង្ខំឲ្យប្រជាជន ក្នុងតំបន់ខ្លួនបោះឲ្យលោក Yahya Jammeh ។ នៅឆ្នាំ២០០៧ លោក បាននិយាយថា លោកបានរកឃើញឱសថបុរាណ អាចព្យាបាលជំងឺអេដស៍បាន ដែលលោក បានដាក់វាក្នុងការឃោសនាបោះឆ្នោត ក្នុងឆ្នាំ២០០៦។
ក្រោយការការចាញ់ឆ្នោត នៅខែធ្នូ ឆ្នាំ២០១៦ លោក Yahya Jammehមិនព្រមទទួលស្គាល់លទ្ធផលនោះទេ ដោយចោទថា មានភាពមិនប្រក្រតីក្នុងការបោះឆ្នោត រួចបានដេញប្រធានាធិបតីថ្មី លោក Adama Barrow ចេញពីប្រទេស។ លុះក្រោយមកទៀត ដោយមានការសម្ពាធពីបរទេស បានធ្វើឲ្យលោកយល់ព្រមចុះចេញពីតំណែង។
ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីហ្គីណេ លោក Alpha Conde និងប្រធានាធិបតីម៉ូរីតានី លោក Mohamed Ould Abdel Aziz បានទៅដល់រដ្ឋធានីបង់ហ្សុល ដើម្បីបញ្ចុះបញ្ចូលលោក Jammehឲ្យផ្ទេរអំណាចដោយសន្តិវិធីបើមិនដូច្នោះទេលោកនិងត្រូវចាកចេញពីប្រទេស បើមិនដូច្នោះទេលោកនឹងត្រូវប្រឈមនឹងចំណាត់ការផ្លូវយោធាអាហ្វ្រិកខាងលិចដែលមានសមាជិក១៥ប្រទេស ដែលហៅកាត់ថា ECOWAS វាយកម្តិចតែម្តងនៅដើមឆ្នាំ ២០១៧។
លោក Yahya Jammeh បានចេញដំណើរទៅកាន់ប្រទេសហ្គីណេ ដោយយន្តហោះផ្ទាល់ខ្លួន រួមជាមួយយន្តហោះដឹកទំនិញមួយផ្សេងទៀត ដែលមានផ្ទុកទៅដោយរថយន្តទំនើប និងវត្ថុមានតំលៃផ្សេងទៀត។ក្រោយការចេញពីប្រទេសរបស់លោកថវិកាជាតិជាង ១១លានដុល្លារ ត្រូវបានបាត់បង់។
ក្រោយលោក Yahya Jammeh បានគ្រប់គ្រងប្រទេសមួយនេះអស់រយៈពេល២២ ឆ្នាំ ចាប់តាំងឆ្នាំ ១៩៩៤មក ការរំលោភសិទ្ធមនុស្ស ការចាប់អ្នកនិយោបាយដាក់ពន្ធនាគារ និងមនុស្សជាច្រើននាក់ ត្រូវបានបាត់ខ្លួន ក្រោយការបង្ក្រាបបាតុកម្មរបស់ក្រុមយោធា មានរាប់មិនអស់នៅទូទាំងប្រទេស៕


មតិយោបល់