ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) ប្រធាននាយកដ្ឋានសំណង់ ក្រសួងអប់រំ កំពុងត្រូវប៉ាន់

ភ្នំពេញៈ ក្រុមមន្ត្រីនៃក្រសួងអប់រំ ពិសេសមន្ត្រី នៃនាយកដ្ឋានគ្រប់គ្រងសំណង់អគារសិក្សា របស់ក្រសួងអប់រំតែម្តង បានលួចខ្សឹបមកប្រាប់នាយក្តាមប្រៃយើងឲ្យដឹងថា នាយកដ្ឋានគ្រប់គ្រងសំណង់អគារសិក្សា នៃក្រសួងអប់រំនេះ លោកប្រធាននាយកដ្ឋានដល់រដូវត្រូវប៉ាន់របស់គាត់ហើយ។

ក្រុមមន្ត្រីទាំងនោះ បានខ្សឹបប្រាប់នាយក្តាមប្រៃយើងទៀតថា លោកប្រធានត្រូវប៉ាន់នោះ គឺក្នុងពេលដែលស្រុកយើងមានភ្លៀង និងខ្យល់កន្ត្រាក់បោកបក់ខ្លាំងៗ ធ្វើឲ្យអគារសិក្សាមួយចំនួនរងការខូចខាតដូចជាដំបូល និងប្រេះស្រាំអគារជាដើម។

ប្រភពខាងលើបានខ្សឹបទៀតថា លោកប្រធាននាយកដ្ឋានគ្រប់គ្រងសំណង់នៃក្រសួងអប់រំ បានដឹកនាំមនុស្សជំនិតរបស់ខ្លួនចុះទៅពិនិត្យ និងវាយតម្លៃ ការខូចខាតអគារសិក្សា ដោយខ្យល់កន្ត្រាក់នាពេលកន្លងមក ដើម្បីដាក់ទៅលោករដ្ឋមន្ត្រីពិនិត្យ។

ក្រុមមន្ត្រីដដែលបានខ្សឹបប្រាប់ នាយក្តាមប្រៃយើងឲ្យដឹងទៀតថា អគារសិក្សាដែលរងការខូចខាតដោយខ្យល់កន្ត្រាក់នាពេលកន្លងមកនោះ មានមិនតិចជាង១០០ខ្នងនោះទេនៅទូទាំង រាជធានី ខេត្ត ក្រុង។ ហើយសំណើដែលលោកប្រធាននាយកដ្ឋានសំណង់ដាក់ទៅថ្នាក់លើតាមការវាយតម្លៃរបស់ក្រុមគាត់នោះមានទឹកប្រាក់រាប់ពាន់លានរៀលឯណោះ សម្រាប់ថវិកាស្នើសុំជួសជុលអគារសិក្សា ដែលខូចខាតនោះ។

ក្រុមមន្ត្រៃនាយកដ្ឋានគ្រប់គ្រងសំណង់ នៃក្រសួងអប់រំ បានខ្សឹបប្រាប់ នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ក្នុងការដាក់តម្លៃជួសជុលអគារនីមួយៗនោះ លោកប្រធានដ៍មហិមា និងក្រុមមនុស្សជំនិតរបស់គាត់ បានក្រូមេរបាយការណ៍ និងដាក់តួលេខបំប៉ោងនៃការខូចខាតអគារសិក្សាទៅភូតកុហក់ថ្នាក់លើដើម្បីបានចំណេញប្រាក់ចែកគ្នាដាក់ហោប៉ៅបក្ខពួកប៉ុន្មាននាក់នោះ។

ប្រភពបានខ្សឹបទៀតថា ការជួសជុលអគារសិក្សាមួយខ្នង ទោះបីអាគារនោះខូចតិចក្តីច្រើនក្តី ក៏លោកប្រធាន និងបក្ខពួកកឹបកេងថវិកាបានរាប់រយលានរៀលផងដែរ។ ប្រភពខ្សឹបទៀតថានៅក្រសួងអប់រំមាននាយកដ្ឋានច្រើន ហើយនាយកដ្ឋានដែលត្រូវប៉ាន់ជាងគេនោះ គឺនាយកដ្ឋានគ្រប់គ្រងសំណង់តែម្តង។

ប្រភពបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា នៅទូទាំងខេត្ត រាជធានី ក្រុង មានអគារសិក្សាមិនតិចជាង៤០០០អគារសិក្សានោះទេ ហើយក្នុងមួយឆ្នាំៗ នាយកដ្ឋានសំណង់ក្រសួងអប់រំ បានដាក់សំណើជួសជុលអគារមិនតិចជាង១០០អគារនោះទេ ហើយលោកប្រធាន និងបក្ខពួកបានឆាន់លុយពីការកិបកេងថវិកាជាតិរាប់រយលានរៀល ដោយឆាន់ទៅតាមឋានានុក្រម «ធំស៊ីធំ តូចស៊ីតូច»

ក្រុមមន្ត្រីដដែលបានខ្សឹមប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា នៅនាយកដ្ឋានសំណង់នៃក្រសួងអប់រំនេះ សម្បូរពោរពេញទៅដោយការប្រព្រឹទ្ធអំពើពុករលួយ កិបកេងថវិការជាតិ និងបក្ខពួកនិយមយ៉ាងខ្លាំង ធ្វើឲ្យមន្ត្រីធំៗនៅនាយកដ្ឋាននោះ មានលុយកាក់ផឹកស៊ី ស្រីញីអូនបងរាល់ៗយប់ផងដែរ។

រឿងរ៉ាវខ្សឹបខាងលើនេះ ក្រុមមន្ត្រីទាំងនោះ បានសុំស្លេះតែត្រឹមនេះសិន និងចាំខ្សឹមប្រាប់នាយក្តាមប្រៃយើងនាពេលក្រោយទៀត៕

khseb1

មតិយោបល់