ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ក្រុមប្រឹក្សាជាតិគណនេយ្យ និងវិទ្យាស្ថានវ៉ានដា សហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយ ច្បាប់ស្តីពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យនិងសវនកម្ម

ភ្នំពេញ: កាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ក្រុមប្រឹក្សាជាតិគណនេយ្យ វិទ្យាស្ថានគណនេយ្យករ ជំនាញនិងសវនករកម្ពុជា និងវិទ្យា ស្ថានវ៉ានដា បានសហការគ្នារៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ស្តីពីបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យនិងសវនកម្ម ក្រោមានវត្តមានលោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ ព្រមទាំងការអញ្ជើញចូលរួមពីសំណាក់ លោក ហេង វ៉ានដា នាយកវិទ្យាស្ថានវ៉ាន់ដា តំណាងក្រុមសវនកម្ម តំណាងក្រុមហ៊ុននានា សាស្ត្រាចារ្យ និងនិស្សិត ប្រមាណ ២០០នាក់ផងដែរ។

នៅក្នុងឱកាសនោះ លោក ងី តាយី មានប្រសាសន៍ថា ក្រុមប្រឹក្សាជាតិគណនេយ្យរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងគណនេយ្យនិងសវនកកម្មនៅកម្ពុជា ដល់តំណាងក្រុមហ៊ុននានា សាស្ត្រាចារ្យ និងនិស្សិត ដើម្បីស្វែងយល់អំពីសារៈប្រយោជន៍ និងកាតព្វកិច្ចនានា ដែលត្រូវអនុវត្ត ក្នុងនោះរួមមាន កាតព្វកិច្ចកាន់បញ្ជីគណនេយ្យ កាតព្វកិច្ចរៀបចំរបាយការណ៍ហិរញ្ញវត្ថុ កាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឲ្យធ្វើសវនកម្ម។

លោកបានបន្ថែមទៀតថា នៅពេលដែលក្រុមហ៊ុន សហគ្រាសបានអនុវត្តកាតព្វកិច្ចទាំងនេះបានត្រឹមត្រូវ សហគ្រាសនឹងទទួលបានសារៈ ប្រយោជន៍យ៉ាងច្រើន រួមមាន តម្លាភាពនៃការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ភាពងាយស្រួលក្នុងការទទួលបានឥណទានពីធនាគារឬស្ថាបនហិរញ្ញវត្ថុ ការស្វែងរកដៃគូវិនិយោគបរទេស និងបានចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបានជោគជ័យ យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១១-២០២០។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១១-២០២០ របស់រាជរដ្ឋាភិបាលមានគោលដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ធានាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចរឹងមាំ និងការគៀងគរពន្ធឲ្យកាន់តែប្រសើរប្រកប ដោយសមភាព និងតម្លាភាពសម្រាប់យើងទាំងអស់គ្នា៕

112255

មតិយោបល់