ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្ដល់ជំនួយចំនួន៣៣២លានយ៉េន ស្មើនឹងប្រមាណ ២,៣លានដុល្លារសហរដ្ឋអាមេរិក សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា (Project for Human Resource Development Scholarship)។
ការសម្រេចផ្ដល់ជំនួយសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានមនុស្សថ្មីនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើការផ្លាស់ប្តូរកំណត់ទូត និងកំណត់ហេតុនៃការពិភាក្សាលើហិរញ្ញប្បទានឥតសំណង នាវេលាម៉ោង១០ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយលោក ប្រាក់ សុខុន ទេសរដ្ឋមន្រ្តី និងលោក យូជី គូម៉ាម៉ារូ (Yuji KUMAMARU) ឯកអគ្គរាជទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមានទឹកប្រាក់សរុបចំនួន ៣៣២លានយ៉េន (ប្រមាណ២,៩លានដុល្លារអាមេរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះហត្ថលេខានេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ថា ការចុះហត្ថលេខាក្នុងថ្ងៃនេះ បានបង្ហាញឲ្យឃើញមិនត្រឹមតែការបន្តគាំទ្រ និងជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលជប៉ុន ចំពោះរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការខិតខំប្រឹងប្រែង ដើម្បីឆ្លើយតបនឹងតម្រូវការនៃការកែលម្អសមត្ថភាពធនធានមនុស្ស ដែលជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំង៤ របស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះទេ តែក៏បានគូសបញ្ជាក់ផងដែរ នូវកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែការវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាភាពជាដៃគូរយុទ្ធសាស្ត្រ ចាប់តាំងពីឆ្នាំ២០១៣មក។
លោកទេសរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៥ ជប៉ុន បានផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការចំនួន៦៧,៤៥លានដុល្លារអាមេរិក សម្រាប់គម្រោងចំនួន៤ រួមមាន គម្រោងពង្រីកទឹកស្អាតក្នុងខេត្តកំពត អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ការស្តារឡើងវិញនូវស្ពានជ្រោយចង្វារ ហើយនឹងការកែលម្អសម្ភារសម្រាប់សកម្មភាពដោះមីនតំណាក់កាលទី៧។ រាជរដ្ឋាភិបាលកម្ពុជា ក៏ទទួលបានផងដែរ នូវប្រាក់កម្ចីពីរដ្ឋាភិបាលជប៉ុន ប្រមាណ១៤៦,៦លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អផ្លូវជាតិលេខ៥ ផ្នែកព្រែកក្តាម-ធ្លាម្អម។
លោក ប្រាក់ សុខុន ក៏បានលើកឡើងផងដែរថា ជប៉ុន គឺជាអ្នករួមវិភាគទានដ៏សំខាន់ក្នុងដំណើរការកសាងសន្តិភាពនៅកម្ពុជា ការស្តារ ការកសាង និងការអភិវឌ្ឍន៍ប្រទេសឡើងវិញ នៅក្រោយសង្គ្រាម។ ជំនួយរបស់ជប៉ុន បានរួមចំណែកក្នុងការកែលម្អក្នុងវិស័យជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និងអភិបាលកិច្ច។ កិច្ចសហការនេះ បានធ្វើឲ្យស៊ីជម្រៅថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងដ៏យូរលុងរវាងកម្ពុជា និងជប៉ុន៕
មតិយោបល់