ថៃ: យោងតាមសារព័ត៌មាន Spring News បានរាយការណ៍ឲ្យដឹងថា កាណូតពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹងនៅក្នុងសមុទ្រនៃកោះភូកេត នៅភាគខាងត្បូងប្រទេសថៃ បានសម្លាប់មនុស្សពីរនាក់ និងភ្ញៀវទេសចរ ២៦នាក់រងរបួសធ្ងន់ស្រាល។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៨ មិថុនានេះ។
កាណូតបុកគ្នានេះ បានកើតឡើងនៅម៉ោងប្រហែល ២រសៀល ត្រូវនឹងម៉ោងក្នុងស្រុក នៅពេលដែលកាណូតពីរគ្រឿងនេះ បានធ្វើដំណើរមកពីកោះភូកេត ទៅកាន់កោះ Mu Koh Phi Phi ដោយសារវាស្ថិតនៅក្នុងស្ថានភាពព្យុះភ្លៀងទើបធ្វើឲ្យបុកគ្នាតែម្តង។ ហើយអ្នកដំណើរភាគច្រើន គឺចិននិងកូរ៉េខាងត្បូង។
ប៉ូលិសបាននិយាយថា កាណូតឈ្មោះ Chollakij បានដឹកអ្នកដំណើរចំនួន ៣៦នាក់ និងកាណូតមួយគ្រឿងទៀតឈ្មោះ Hongfah បានដឹកអ្នកដំណើរចំនួន ៣៣៣នាក់ បានបុកគ្នាក្រឡាប់ពេញទំហឹងដែលបានបណ្តាលឲ្យមនុស្ស ២៦នាក់រងរបួសធ្ងន់ស្រាល នៅជិតតំបន់ Moo Snakha Rocks នៅចំពេលមានរលកវាយប្រហារបក់បោកយ៉ាងខ្លាំង។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ភ្ញៀវទេសចរពីរនាក់ រួមទាំងបុរសម្នាក់និងស្ត្រីម្នាក់បានសម្លាប់ និង២៦ នាក់ផ្សេងទៀតបានរងរបួសធ្ងន់ស្រាល ដោយបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសម្រាកព្យាបាលផងដែរ។
ភូកេតគឺជាកោះមួយនៃបណ្តាខេត្តភាគខាងត្បូងនៅប្រទេសថៃ។ ហើយកោះភូកេតនេះ ជាកោះមួយនៅក្នុងចំណោមកោះតូចៗជាច្រើនទៀត ដូច្នេះគេហៅផងដែរថា សមុទ្រគុជខ្យង Andaman ជាកោះធំបំផុតរបស់ប្រទេសនេះ ហើយវាក៏នៅមានកោះតូចៗចំនួន ៣២ទៀតនៅជុំវិញកោះធំនេះផងដែរ។ ដូច្នេះវាស្ថិតនៅឯនាយឆ្នេរខាងលិចរបស់ប្រទេសថៃ ក្នុងសមុទ្រ Andaman។
សូមបញ្ជាក់ថា សេចក្តីលម្អិតនិងមូលហេតុនៃគ្រោះថ្នាក់នាវាចរណ៍នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕


មតិយោបល់