ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

(ខ្សឹប) មន្ត្រីក្រសួងធម្មការហែកកេរ្តិ៍ លោកស្រី កែវ សុធារី អគ្គនាយិការអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

ភ្នំពេញៈ មន្ត្រីរាជការជាច្រើននាក់បម្រើការនៅក្នុងក្រសួងធម្មការ និងសាសនា បានខ្សឹបម្រាប់មកនាយក្តាមប្រៃយើងឲ្យដឹងថា អគ្គនាយិកានៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងធម្មការ លោកស្រី កែវ សុធារី បាន និងកំពុងប្រព្រឹត្តអំពើពុករលួយ បង្កើតបក្ខពួកនិយម តាមអំពើចិត្ត ដោយគ្មាននរណាហ៊ានប៉ះពាល់លើលោកស្រីឡើយ។ ក្រុមមន្ត្រីបានខ្សឹបប្រាប់ឲ្យដឹងទៀតថា លោកស្រី កែវ សុធារី ប្រមូលបានផលប្រយោជន៍យ៉ាងច្រើនពីការប្រឡងមន្ត្រីចូលបម្រើក្នុងក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា ទាំង២៥ រាជធានីខេត្ត។

ប្រភពដដែលបានខ្សឹបឲ្យដឹងទៀតថា តាំងពីជំនាន់លោក មិន ឃិន នៅធ្វើជារដ្ឋមន្ត្រីក្រសួងធម្មការ រហូតដល់ជំនាន់លោក ហ៊ឹម ឆែម ជារដ្ឋមន្ត្រីក្រសួងធម្មការ គឺលោកស្រី កែវ សុធារី បន្តរៀបចំរចនាសម្ព័ន្ធ បក្ខពួកនិយម ដែលជាមនុស្សជំនិតៗរបស់គាត់ នៅតែអាចប្រព្រឹទ្ធអំពើពុករលួយយ៉ាងរឹងមាំដដែលដោយគ្មានញញើតលោករដ្ឋមន្ត្រីថ្មីនោះទេ។

ក្រុមមន្ត្រីនៅក្រសួងធម្មការ បានខ្សឹបទម្លាយរឿងអាស្រូវនេះ ប្រាប់ឲ្យនាយក្តាមប្រៃយើងដឹងទៀតថា បញ្ហាប្រឡងមន្ត្រីក្របខ័ណ្ឌរបស់ក្រសួងធម្មការនាពេលកន្លងមក គឺជាប្រភពចំណូលដ៏សំខាន់របស់លោកស្រី កែវ សុធារី ដោយ មានការឃុបឃិតគ្នា ជាមួយប្រធានមន្ទីរធម្មការ និងសាសនា នៅទូទាំង២៥ខេត្តក្រុង ដោយប្រធានមន្ទីរធម្មការ និងសាសនា នៃបណ្ដាខេត្តនានា តែងតែយកបញ្ជីឈ្មោះមន្ត្រីដែលប្រឡងចូលក្របខ័ណ្ឌរដ្ឋមកជួបពិភាក្សាជាមួយលោកស្រី កែវ សុធារី។ ប្រភពដដែលថា រាល់សេចក្ដីសម្រេចផ្សេងៗទាំងអស់នៅក្នុងក្រសួងនេះ ចេញពីបបូរមាត់លោកស្រី កែវ សុធារី ផងដែរ ដែលអាចឲ្យលោកស្រី និងបក្ខពួក អាចប្រមូលលុយបានយ៉ាងច្រើនយកទៅចែកគ្នា។

ក្រុមមន្ត្រីក្នុងអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងធម្មការ នៅបានខ្សឹបប្រាប់នាយក្តាមប្រៃយើងឲ្យដឹងទៀតថា ការដែលប្រធានមន្ទីរធម្មការនៅតាមបណ្ដាខេត្តនានាហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តនាពេលកន្លងមក គឺដោយសារពួកគេអាងអំណាចលើលោកស្រី កែវ សុធារី ជាអ្នកកាងនឹងជាខ្នងបង្អែកដ៍រឹងមាំ។

ប្រភពដដែលបានខ្សឹបបន្តថា កាលពីពេលថ្មីៗកន្លងទៅនេះ លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ ប្រព្រឹត្តអំពើពុករលួយតាមគ្រប់រូបភាព ហើយត្រូវបែកធ្លាយកាលពីពេលថ្មីៗនេះ។ ហើយរឿងអាស្រូវពុករលួយរបស់លោក ហាក់ ហុន ប្រធានមន្ទីរធម្មការខេត្តត្បូងឃ្មុំនេះ ត្រូវបានបើកកកាយជាសាធារណៈរួចមកនោះ បែរជាលោក សេង សុមុនី រដ្ឋលេខាធិការក្រសួងធម្មការ និងជាអ្នកនាំពាក្យក្រសួងនេះ ខំប្រឹងជួយបិទបាំងរឿងរ៉ាវនោះ ដោយសារតែលោកស្រីអគ្គនាយិការនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងធម្មការ ជាអ្នកទប់ពីក្រោយយ៉ាងរឹងមាំ។

រឿងរ៉ាវពុករលួយបក្ខពួកនិយម ដូចសម្លរកំពឹសនៅក្រសួងធម្មការនេះ នាយកហតាមប្រៃយើង នឹងបានទទួលព័ត៌មានច្រើនពីមន្ត្រីក្នុងក្រសួងនេះ ហើយនាយយើងនឹងខ្សឹបជួននាពេលក្រោយទៀត៕

មតិយោបល់